ជាតិ
ពីនេះ ពីនោះ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
កញ្ឆែត​បឹងទំពុន​-​ជើងឯក ផ្គត់ផ្គង់​លើ​ទីផ្សាររាប់​តោន​ក្នុង​មួយថ្ងៃ ខណៈ​ការ​លុប​បឹង​កាន់តែ​លឿន​
30, Jan 2020 , 1:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ «​កញ្ឆែត​-​ត្រកួន​»​នៅ​បឹងទំពុន​និង​បឹង​ជើងឯក ជា​ប្រភព​ធំជាងគេ​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ និង​បន្ត​ចែកចាយ​ទៅតាម​បណ្តា​ខេត្ត​នានា​។ លោក មាស សែត ជា​កសិករ​ម្នាក់​ដែល​ប្រក​បរបរ​ដាំ​កញ្ឆែត​នៅ​បឹងទំពុន​ប្រមាណ​៣០​ឆ្នាំ​មកហើយ បាន​ឲ្យ​ដឹងថា កញ្ឆែត​នៅ​បឹងទំពុន​និង​បឹង​ជើង​ឯង ត្រូវបាន​ផ្គត់​ផ្គង​នៅលើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ប្រមាណ​២៥​តោន ឬ​ច្រើនជាង​នេះ ក្នុង​មួយថ្ងៃៗ​។ ចំនួន​នេះ មានតែ​នៅ​រដូវ​សម្បូរ​កញ្ឆែត​ប៉ុណ្ណោះ ប៉ុន្តែ នៅ​រដូវ​លម្ហើយ​ដែល​ដាំ​ពុំ​សូវ​បាន គឺអាច​ផ្គត់​ផ្គង​បានត្រឹមតែ​ប្រមាណ​១០​តោន​ប៉ុណ្ណោះ​។ លោក មាស សែត បញ្ជាក់ថា ភាគច្រើន​គ្រួសារ​នីមួយៗ​អាច​ផ្គង់​ផ្គង់​កញ្ឆែត​នៅលើ​ទីផ្សារ​បាន​រហូត​១​ទៅ​២​តោន​ក្នុង​មួយថ្ងៃ ក្នុងចំណោម​កសិករ​រាប់សិប​គ្រួសារ​ដែល​កំពុង​ដាំដុះ​កញ្ឆែត​នៅលើ​បឹងទំពុន​និង​បឹង​ជើងឯក​នេះ​។​



​សកម្មភាព​នៃ​ការ​កាត់ និង​ដឹកជញ្ជូន​កញ្ឆែត​ទៅ​ឲ្យ​ម៉ូយ​នៅលើ​ទីផ្សារ​មាន​ទាំង​ព្រឹក ថ្ងៃ និង​ល្ងាច​។ ចំនួន​ផ្គត់ផ្គង់​ដ៏​ច្រើន​ក្នុង​មួយថ្ងៃៗ​នេះ នឹង​ធ្លាក់ចុះ​បន្តិច​ម្តងៗ ព្រោះ​សកម្មភាព​បូម​ខ្សាច់​លុប​បឹង​យក​ដី​អភិវឌ្ឍន៍​សំណង់​អគារ​ធំៗ​កាន់តែ​លឿន ហើយក៏​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់​ពួកគាត់​បណ្តើរៗ​ផងដែរ​។ កសិករ​ជាច្រើន​ដែល​សារព័ត៌មាន​ថ្មីៗ​បាន​សម្ភាស គឺ​ពួកគាត់​កំពុង​បារម្ភ​ពី​ការបាត់បង់​មុខរបរ​នេះ ព្រោះ​សកម្មភាព​អភិវឌ្ឍន៍​គម្រោង​អភិវឌ្ឍន៍​ធំៗ នា​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​នេះ​កាន់តែ​រហ័ស​។ ទីតាំង​ដាំ​កញ្ឆែត​និង​ត្រកួន​ទាំងពីរ​នេះ គឺ​កសិករ​សុទ្ធតែ​ជួល​ដី​ពី​ឯកជន ហើយ​ប​ច្បុ​ប្បន្ន ពួកគាត់​ភាគច្រើន​ក៏​មិនដឹងថា នឹងត្រូវ​ប្តូរ​ទៅ​ប្រកបមុខរបរ​ផ្សេង​ទេ ឬ​រក​ទីតាំង​ថ្មី​ដើម្បី​បន្ត​មុខរបរ​ចាស់​ទៀត​នៅឡើយ​ទេ​។​

សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​បឹងទំពុន ដែល​អាច​នឹង​លែងមាន​បឹង​កញ្ឆែត​និង​ត្រកួន​ទៀត ដូចតទៅ​៖







































© រក្សាសិទ្ធិដោយ thmeythmey.com