កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀងឡើងទៅវគ្គចែកពូល AFC Cup ក្រោយលត់ Master 7 FC ៧-១
× ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបន្តយកឈ្នះក្រុម Master 7 របស់ឡាវ ៣-០ នាជំនួបជើងទី២វគ្គជម្រុះ Playoff នៅកីឡដ្ឋានជាតិឡាវកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ ជ័យជម្នះនេះ ជួយឲ្យក្រុមជើងឯកលីគកំពូលឆ្នាំ២០១៩មួយនេះ ទទួលបានកៅអីឡើងទៅវគ្គចែកពូលនៃពានរង្វាន់ AFC Cup 2020។
ទីបំផុតក្រុមព្រះខ័នរាជស្វាយរៀងក្រោមការដឹកនាំរបស់លោក Conor Nestor បានឡើងទៅកាន់វគ្គចែកពូលពានរង្វាន់ AFC Cup 2020 ក្រោយយកឈ្នះក្រុម Master 7 របស់ឡាវទាំងពីរជើង ៧-១ នៅវគ្គ Playoff។ នាជំនួបជើងទី១នៅពហុកីឡដ្ឋានជាតិ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ Master 7 ក្នុងលទ្ធផល ៤-១ និងបន្តយកឈ្នះ ៣-០ នៅជើងទី២លើទឹកដីឡាវ។
នាការប្រកួតជើងទី២នៅពហុកីឡដ្ឋានជាតិឡាវ កាលពីល្ងាចថ្ងៃទី២៩ មករា កីឡាករ សំអឿន ពិដោរ បានរកគ្រាប់នាំមុខ ១-០ ឲ្យព្រះខ័នរាជស្វាយរៀង មុនកីឡាករ Jean Marie Mbarga Privat ដើម្បីការនាំមុខ ២-០ នៅតង់ទី១។ ឈានដល់តង់ទី២កីឡាករ ហូយ ផល្លីន រកបានមួយគ្រាប់បន្ថែម ដើម្បីនាំជ័យជម្នះ ៣-០ ឲ្យព្រះខ័នរាជស្វាយរៀង។
ព្រះខ័នរាជស្វាយរៀងស្ថិតនៅពូល G ជាមួយ Ceres Negros របស់ហ្វីលីពីន, Than Quang Ninh របស់វៀតណាម និង Bali United របស់ឥណ្ឌូណេស៊ី។ ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕
Tag:
បាល់ទាត់
ព្រះខ័នរាជស្វាយរៀង
AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com