អន្តរជាតិ
ករណីកូរ៉ូណាវីរុស៖ លោក មូន ចេអ៊ីន គំរាមចាត់វិធានការក្តៅប្រឆាំងព័ត៌មានក្លែងក្លាយ លោកប្រធានាធិបតី មូន ចេអ៊ីន ថ្លែងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ពាក់ព័ន្ធណូវែលកូរ៉ូណាវីរុស នៅថ្ងៃ ៣០ មករា ឆ្នាំ ២០២០ (Yonhap)
× ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានចេញមុខគំរាមខ្លាំងៗថា នឹងចាត់ចំណាត់ការក្តៅប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (Fake News) ពាក់ព័ន្ធរឿងណូវែលកូរ៉ូណាវីរុស ដែលបង្កភាពភិតភ័យដល់ពលរដ្ឋ។ ទន្ទឹមនឹងត្រៀមចាត់ធម៌ក្តៅលើការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ មេដឹកនាំរូបនេះ អះអាងថា រដ្ឋាភិបាលលោក នឹងចាត់វិធានការចាំបាច់គ្រប់បែបយ៉ាងក្នុងគោលដៅទប់ស្កាត់ការរាលដាលនៃជំងឺរលាកសួតដែលបង្កឡើងដោយកូរ៉ូណាវីរុសដ៏កាចសាហាវថ្មីនេះ។
ក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា លោក មូន ចេអ៊ីន បានចេញបញ្ជាឲ្យភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធចាត់វិធានការខ្លាំងៗប្រឆាំងព័ត៌មានក្លែងក្លាយ ដែលឆ្លងហួសពីព្រំដែននៃសេរីភាពនៃការបញ្ចេញមតិ។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ប្រមុខរដ្ឋកូរ៉េខាងត្បូងរូបនេះ សង្កត់ធ្ងន់ថា ផលិតនិងចែកចាយព័ត៌មានក្លែងក្លាយស្តីពីការផ្ទុះឡើងនៃវីរុសបង្កើតជា «អំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ» ដែលប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។
«វីរុសមិនមែនជារឿងតែមួយគត់ដែលយើងត្រូវប្រឈមមុខនោះទេ។ យើងគួរក្រោកឈរប្រឆាំងនឹងក្តីព្រួយបារម្ភហួសហេតុនិងការភ័យខ្លាចដែលមិនច្បាស់លាស់»។ លោក មូន អះអាងបែបនេះ ដោយបានបញ្ជាឲ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានពាក់ព័ន្ធរឿងកូណាវ៉ូណាវីរុសឲ្យឆាប់រហ័សនិងមានតម្លាភាព។
បន្ថែមពីរឿងព័ត៌មានក្លែងក្លាយដែលបង្កចលាចលដល់សង្គមជាតិ លោក អះអាងទៀតថា សុវត្ថិភាពប្រជាជន គឺជាអាទិភាពធំបំផុតរបស់រដ្ឋាភិបាល។ ត្រង់នេះ លោក បានថ្លែងសរសើរដល់ទីភ្នាក់ងាររដ្ឋទាំងអស់ដែលបានចេញមុខឆ្លើយតបទាន់ពេលវេលាចំពោះណូវែលកូរ៉ូនាវីរុសដែលបានផ្ទុះឡើងដំបូងក្នុងប្រទេសចិន។ ទន្ទឹមនេះ លោកប្រធានាធិបតី មូន បានទទូចឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រៀមលក្ខណៈពេញលេញសម្រាប់រាល់សេណារីយ៉ូ។
បើតាម Yonhap លោកប្រធានាធិបតីវ័យ៦៧ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ស្មារតី «អាចធ្វើបាន» ដោយអះអាងថា កូរ៉េខាងត្បូង មានសមត្ថភាពនិងបទពិសោធន៍ផ្នែកវេជ្ជសាស្ត្រលំដាប់ថ្នាក់ពិភពលោកក្នុងការជម្នះការរាលដាលវីរុសបែបនេះ។ លោកនិយាយដូច្នេះថា៖«អាវុធដើម្បីការពារខ្លួនយើងពីកូវ៉ូណាវីរុសប្រភេទថ្មីនេះ ពុំមែនជាភាពភ័យខ្លាច និងការស្អប់ខ្ពើមទេ ក៏ប៉ុន្តែគឺកិច្ចសហប្រតិបត្តិ និងជំនឿចិត្ត»។
ការលើកឡើងរបស់ប្រមុខរដ្ឋសាធារណរដ្ឋកូរ៉េរូបនេះ ធ្វើឡើងក្រោយផ្ទុះបាតុកម្មពីប្រជាជនក្នុងទីក្រុងចំនួន២ ។ សម្រាប់ក្រុងទាំងពីរនេះ រដ្ឋាភិបាលមានផែនការដាក់ប្រជាជនកូរ៉េខាងត្បូងដែលជម្លៀសពីក្រុងវូហាន ឲ្យនៅដាច់ដោយឡែកនៅទីនោះ។
កូរ៉េខាងត្បូង នឹងផ្តើមដឹកពលរដ្ឋខ្លួនប្រមាណ ៧០០នាក់ពីក្រុងវូហាន ប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះ តាមរយៈជើងហោះរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានរើសទីតាំងរបស់រដ្ឋចំនួន២ ក្នុងក្រុង Asan និង Jincheon ជាកន្លែងទទួលពលរដ្ឋដែលនឹងត្រូវជម្លៀសទាំងនោះ។ គិតមកដល់ពេលនេះ កូរ៉េខាងត្បូង បានរកឃើញករណីឆ្លងវីរុសនេះចំនួន ៤នាក់ហើយ៕
Tag:
កូរ៉េខាងត្បូង
មូន ចេអ៊ីន
ព័ត៌មានក្លែងក្លាយ
Fake News
© រក្សាសិទ្ធិដោយ thmeythmey.com