កីឡាជាតិ
ជាតិ
លោក សុខា រ៉ានាថ និង ឡៃ សុធា ត្រូវបានតែងតាំងជាអគ្គលេខាធិការរង FFC លោក សុខា រ៉ានាថ (កណ្តាល)ត្រូវបានតែងតាំងឲ្យធ្វើជាអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× លោក សុខា រ៉ានាថ និងលោក ឡៃ សុធា ត្រូវបានតែងតាំងឲ្យធ្វើជាអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេច ដែលចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
បើតាមលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការតែងតាំងនេះ គឺដើម្បីជំនួសលោក ម៉ៃ តុលា ដែលបានលាលែងឈប់ពីតំណែងអគ្គលេខាធិការរងសហព័ន្ធកាលពីពេលកន្លងទៅ។ តែយ៉ាងណា លោក មិនបានបញ្ជាក់ពីមូលហេតុលម្អិតនៃការលាឈប់របស់លោក តុលា នោះឡើយ។
បើតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការតែងតាំងខាងលើគឹបន្ថែមលើមុខងារពួកគេបច្ចុប្បន្ន។ ក្នុងន័យនេះ លោក សុខា រ៉ានាថ ត្រូវកាន់តួនាទីជាអគ្គលេខាធិការរងផង និងជាប្រធានផ្នែកទីផ្សារ និងទំនាក់ទំនង ខណៈលោក ឡៃ សុធា ជាអគ្គលេខាធិការរងផង និងជាអ្នកសម្របសម្រួលបច្ចេកទេស និងទំនាក់ទំនងអន្តរជាតិផង។
លោក សុខា រ៉ានាថ បានបញ្ចប់ថ្នាក់អនុបណ្ឌិតលើជំនាញទីផ្សារ និងទំនាក់ទំនងនៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិកកាលពីអំឡុងឆ្នាំ២០១៣។ គាត់ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានផ្នែកទីផ្សារនិងទំនាក់ទំនងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅចុងឆ្នាំ២០១៤ ក្រោយមានការស្នើពីលោក សៅ សុខា ដែលជាឪពុក ឲ្យមកជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា។
លោក ឡៃ សុធា ធ្លាប់ប្រវត្តិដឹកនាំក្លិបបាល់ទាត់មួយចំនួន ជាពិសេសក្លិបកីឡាបាល់ទាត់សាកលវិទ្យាល័យវេស្ទើន ឬវេស្ទើនយូណាយធីត៕
Tag:
បាល់ទាត់
សុខា រ៉ានាថ
ឡៃ សុធា
សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com