អន្តរជាតិ
រុស្ស៊ី សហការ​ជាមួយ​ចិន ស្រាវជ្រាវ​រក​វ៉ាក់សាំង​ការពារ​កូ​រ៉ូ​ណាវី​រុស​
30, Jan 2020 , 8:19 pm        
រូបភាព
រូបភាព៖ BBC
រូបភាព៖ BBC
​រុស្ស៊ី និង​ចិន កំពុង​សហការគ្នា​ស្រាវជ្រាវ​រក​វ៉ាក់សាំង ការពារ​កូ​រ៉ូ​ណាវី​រុស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​ថ្មី​នេះ និង​អត្រា​ការស្លាប់​របស់​ប្រជាជន​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថាន​កុងស៊ុល​រុស្ស៊ី​នៅ​ក្រុង Guangzhou ប្រទេស​ចិន នៅ​ថ្ងៃទី​២៩ ខែមករា​។


 
​គិត​មក​ត្រឹម​ពេលនេះ កូ​រ៉ូ​ណាវី​រុស បាន​កើន​ឡើងដល់​ជាង ៧០០០​ពាន់​ករណី នៅ​ចិន និង​បណ្តា​ប្រទេស​ចំនួន​១៦ និង​មាន​កើន​ចំនួន​ស្លាប់​រហូតដល់ ១៧០​នាក់ នៅក្នុង​ប្រទេស​ចិន​។ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស ចិន និង​រុស្ស៊ី បាន​សហការគ្នា ដើម្បី​ស្រាវជ្រាវ​រក​វ៉ាក់សាំង​កូ​រ៉ូ​ណាវី​រុស​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ស្ថាន​កុងស៊ុល​រុស្ស៊ី​ប្រចាំ​នៅ​ក្រុង Guangzhou ប្រទេស​ចិន បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នកជំនាញ​រុស្ស៊ី និង​ចិន កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​កូ​រ៉ូ​ណាវី​រុស​»​។ បើតាម​ស្ថាន​កុងស៊ុល ពេលនេះ​ចិន​បានផ្តល់ ហ្សែ​ន​កូ​រ៉ូ​ណាវី​រុស មក​ឲ្យ​រុស្ស៊ី​រួចហើយ​។ ការណ៍​នេះ វា​នឹង​ជួយ​ឲ្យ​អ្នកជំនាញ​រុស្ស៊ី​អាច​ពិសោធ និង​កំណត់​អត្តសញ្ញាណ​វីរុស​ថ្មី ដែលមាន​ក្នុង​ខ្លួន​មនុស្ស​ត្រឹមតែ​រយៈពេល ២​ម៉ោង​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ពាក់ព័ន្ធ​ទៅនឹង​ការសហការ​គ្នា​នេះ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​តើ​ក្រុម​អ្នកជំនាញ​ចិន និង​រុស្ស៊ី ត្រូវ​ធ្វើការ​ជាមួយគ្នា ឬ​ដាច់ដោយឡែក​ពីគ្នា ព្រោះ​ស្ថាន​កុងស៊ុល​រុស្ស៊ី មិនបាន​បញ្ជាក់​បញ្ហា​នេះ​ឲ្យ​បានច្បាស់លាស់​ទេ​។ 
 
​សូមបញ្ជាក់ថា រុស្ស៊ី មិនទាន់មាន​ករណី​កូ​រ៉ូ​ណា​វីរុស​ណាមួយ​កើតឡើង​នៅឡើយ​ទេ​។ ដើម្បី​ទប់ស្កាត់ បញ្ហា​នេះ នាយករដ្ឋមន្ត្រី Mikhail Mishustin បាន​បញ្ជា​ឲ្យ​ក្រុម​អ្នកឃ្លាំមើល​សុខភាព​រុស្ស៊ី តាមដាន និង​ត្រួត​ពិនិត្យមើល​ភ្ញៀវទេសចរ​ទាំងអស់ ដែល​ត្រលប់​មកពី​ចិន​វិញ និង​តាក់តែង​គម្រោង​មួយ​សម្រាប់​រដ្ឋាភិបាល​រុស្ស៊ី ក្នុងការ​ទប់ស្កាត់​ការឆ្លង​នៃ​កូ​រ៉ូ​ណាវី​រុស​៕

Tag:
 ​រុស្ស៊ី​
  ចិន​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com