ពីនេះ ពីនោះ
បើ​អ្នកអាន​ឆ្លាត ពេលនោះ ព័ត៌មាន​«​បំពុល និង​បំប៉ោង​»​ងាប់​ឯង​!
30, Jan 2020 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សំណាង និង សុធី ជជែក​គ្នា​ពី​រឿង កូ​រ៉ូ​ណា វីរុស ដែល​កំពុង​វាយប្រហារ​ប្រទេស​ជាច្រើន ក្នុងនោះ ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។ ប៉ុន្តែ អ្វីដែល សំណាង និង សុធី មួម៉ៅ​ខ្លាំង គឺ​ការ​បាចសាច​ព័ត៌មាន​បំពុល និង​បំប៉ោង​លើ​ព្រឹត្តិការណ៍​មួយ​នេះ​។

 
​សុធីរ​៖ អា សំណាង​!​។ អាណា៎​ជា​អ្នកបង្កើត​ព័ត៌មាន​បំពុល និង​បំប៉ោង នៅពេល​មេរោគ កូ​រ៉ូ​ណា កំពុង​វាយលុក​ប្រទេស​ជាច្រើន និង​កម្ពុជា​ផងដែរ​នោះ​? 
 
​សំណាង​៖ អ្នក​បំពុល និង​បំប៉ោង ច្រើន​ជា​អ្នក​មិន​យល់​ពី​ប្រភពព័ត៌មាន​ច្បាស់លាស់​។ ច្រើន​ជា​អ្នក​តាំងខ្លួន​ជា​អ្នកសារព័ត៌មាន ទោះបី​ខ្លួន​មិនមាន​អាជីព​នេះ​ក៏ដោយ​។ ឧទាហរណ៍ ដូចជា អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ​ខ្លះ​ជាដើម​។ អ្នកខ្លះ រាយការណ៍​ព័ត៌មាន​បន្ត ដោយ​ផ្អែកលើ​ប្រភព​លឺ​គេ​ថា​តៗ​គ្នា​។ 
 

​សុធី​រ៖ អ៊ីចឹង​មិន​វ៉​ល់​ទៅហើយ សំណាង​?
 
​សំណាង​៖ រឿង​វ៉​ល់ វា​លើសពី​វ៉​ល់​ទៅទៀត​។ អ្នកខ្លះ ចេះតែ​នាំគ្នា​សរសេរ ចេះតែ​នាំគ្នា​ចែកចាយ​ដំណឹង​គ្មាន​ប្រភព​។ ម្យ៉ាងទៀត ឥឡូវនេះ គេ​នាំគ្នា​តាំងខ្លួន​ធ្វើជា​អ្នកសារព័ត៌មាន​ទាំងអស់គ្នា​ទៅហើយ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​។ តាមពិត សារព័ត៌មាន គឺជា​អាជីព​មួយ​ធំ និង​សំខាន់​ណាស់​។ អ្នកសារព័ត៌មាន​ត្រូវមាន​ចំណេះដឹង​ខ្ពស់​និង​គ្រប់​ជ្រុងជ្រោយ​ទាំង​ក្នុង​ជំនាញ​សារព័ត៌មាន និង​ចំណេះដឹង​ទូ​ទៅលើ​វិស័យ​ផ្សេងៗ​។ គ្រប់គ្នា​មិនអាច​តាំងខ្លួន​ជា​​អ្នកសារព័ត៌មាន​បាន​ទេ​។ 
 
​សុធីរ​៖ អ៊ីចឹង ធ្វើ​ម៉េច​ដើម្បី​ចៀសវាង​ព័ត៌មាន​បំប៉ោង និង​បំពុល​? 
 
​សំណាង​៖ រឿងនេះ វា​ពិបាក​បន្តិច​។ ប៉ុន្តែ មធ្យោបាយ​ដំបូង គឺ​អ្នកអាន​(​អ្នកទទួល​ព័ត៌មាន​)​ត្រូវ​កុំ​ចាញ់បោក​ព័ត៌មាន​បោកប្រាស់​។ អ្នកអាន​ត្រូវ​ចេះ​ត្រួតពិនិត្យ​ប្រភពព័ត៌មាន ត្រូវ​ចេះ​ជ្រើសរើស​ស្ថាប័ន​សារព័ត៌មាន​ដែល​ខ្លួន​«​ទុកចិត្ត​»​ដើម្បី​អាន​។ គេ​ពិបាក​លុបបំបាត់​អ្នក​បំប៉ោង និង​បំពុល ព័ត៌មាន​ណាស់​។ តែ​គេ​អាច​បង្រៀន​អ្នកអាន​ឲ្យ​ឆ្លាត ក្នុងការ​ជ្រើសរើស​ព័ត៌មាន យកមក​អាន​ឲ្យ​ត្រឹម​ត្រូវបាន​។ អា សុធីរ អញ​គិតថា បើ​អ្នកអាន​ឆ្លាត ពេលនោះ អ្នកសរសេរ​ភូតភរ​គេ នឹង​អស់​ប្រជាប្រិយភាព​ដួល​បះជើង​តែម្តង​។ អ្នកអាន​ត្រូវតែ​ឆ្លាតៗ​………….​។ 
 
​នៅលើ​ប្រធានបទ​នេះ សំណាង និង​សុធី មានគំនិត​ស្របគ្នា​ច្រើន​នៅ​ព្រឹក​នេះ​។​សំឡាញ់​ទាំងពីរ​សន្យា​ជួបគ្នា​នៅ​ថ្ងៃស្អែក​បន្តទៀត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com