អន្តរជាតិ
ម៉ាឡេស៊ី ចាប់ខ្លួនមនុស្ស ៤នាក់ពីបទចែករំលែកព័ត៌មានមិនពិតទាក់ទងកូរ៉ូណាវីរុស រូបភាព៖ Reuters
× ម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែមករា បានចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពីបទចែករំលែកព័ត៌មានមិនពិត លើបណ្តាញសង្គម ជុំវិញករណីកូរ៉ូណាវីរុស។ អ្នកទាំង ៤នេះ អាចនឹងរងពិន័យជាទឹកប្រាក់ ឬជាប់ពន្ធនាគារ ឬត្រូវផ្តន្ទាទោសជាប់ពន្ធនាគារនិងពិន័យជាប្រាក់ទាំងពីរ។
តាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រព័ន្ធផ្សព្វផ្សាយចម្រុះ និងទូរគមនាគមន៍ម៉ាឡេស៊ី មនុស្ស ៤នាក់ ដែលមានអាយុចន្លោះពី ២៤ឆ្នាំ ដល់ ៤៩ឆ្នាំ ត្រូវបានសមត្ថកិច្ចចូលទៅចាប់ខ្លួន ជុំវិញបញ្ហាចែករំលែក និងសរសេរព័ត៌មានមិនពិតលើបណ្តាញសង្គមដូចជា Facebook និង Twitter ជាដើម។ ប្រតិបត្តិការចូលទៅចាប់ខ្លួននេះ ធ្វើឡើងនៅក្នុងរដ្ឋ Kedah, រដ្ឋ Pahang និងរដ្ឋMalacca ។
ជនទាំង៤ ដែលត្រូវបានគេចាប់ខ្លួននោះមានដូចជា គ្រូបង្រៀនក្រៅម៉ោងវ័យ ៤៩ឆ្នាំ និងឱសថការីពីររូបទៀត ដែលមានអាយុ ២៥ឆ្នាំ និង ៣០ឆ្នាំ។ ពួកគេត្រូវចាប់ខ្លួនពីបទសរសេរព័ត៌មានមិនពិតលើបណ្តាញសង្គម Facebook ចំណែកនិស្សិតសកលវិទ្យាល័យម្នាក់វ័យ ២៤ឆ្នាំ ត្រូវចាប់ខ្លួនពីបទចែករំលែកព័ត៌មានមិនពិតលើបណ្តាញសង្គម Twitter។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama។
ក្នុងប្រតិបត្តិការឆែកឆេរនេះ សមត្ថកិច្ចម៉ាឡេស៊ី រឹបអូសបានវត្ថុតាងដូចជា ទូរសព្ទដៃចំនួន ៤គ្រឿង ស៊ីមកាតចំនួន៥ និង Memory card ចំនួន២ ។
បើតាមច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយចម្រុះ និងទូរគមនាគមន៍ម៉ាឡេស៊ី រាល់ជនទាំងឡាយណា ដែលបានប្រព្រឹត្តកំហុស ពាក់ព័ន្ធទៅនឹងការចែករំលែកព័ត៌មានប្រមាជ និងគំរាមកំហែង ត្រូវពិន័យជាប្រាក់រហូតដល់ជាង ១ម៉ឺនដុល្លារ ឬដាក់ពន្ធនាគាររហូតដល់ ១ឆ្នាំ ឬអាចពិន័យជាប្រាក់ និងដាក់គុក។ ប្រសិនក្នុងករណីមិនរាងចាល ជនទាំងនោះត្រូវពិន័យជាប្រាក់ក្នុងមួយថ្ងៃប្រមាណ ២៤០ដុល្លារបន្ថែមទៀត។
សូមបញ្ជាក់ថា នាថ្ងៃទី២៨ ខែមករា កន្លងទៅ ម៉ាឡេស៊ី ក៏បានចាប់ខ្លួនជនសង្ស័យម្នាក់ វ័យ ៣៤ឆ្នាំផងដែរ ពីបទចែករំលែកព័ត៌មានមិនពិតជុំវិញកូរ៉ូណាវីរុស នៅលើបណ្តាញសង្គម Facebook។ គិតត្រឹមពេលនេះ ម៉ាឡេស៊ី បានរកឃើញអ្នកផ្ទុកវីរុសប្រភេទថ្មីចំនួន ៨ករណី ហើយអ្នកទាំងអស់នោះ គឺជាជនជាតិចិន៕
Tag:
ម៉ាឡេស៊ី
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com