អន្តរជាតិ
សិង្ហ​បុរី ចែក​ម៉ាស់​ឲ្យ​ពលរដ្ឋ​មិន​គិតថ្លៃ​, មួយ​គ្រួ​សារបាន​បួន
30, Jan 2020 , 9:59 pm        
រូបភាព
(រូបកណ្ដាល) លោករដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិសិង្ហបុរី  Lawrence Wong (AFP)
(រូបកណ្ដាល) លោករដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិសិង្ហបុរី Lawrence Wong (AFP)
ដោយ:
​គ្រួសារ​សិង្ហ​បុរី​នីមួយៗ នឹង​ទទួលបាន​ម៉ាស់​វេជ្ជសាស្ត្រ ចំនួន ៤​។ រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជាតិ​សិង្ហ​បុរី លោក Lawrence Wong លើកឡើង​បែបនេះ​នៅ​ថ្ងៃទី​៣០ ខែមករា ខណៈ​ពលរដ្ឋ​ព្រួយបារម្ភ​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​។ ទន្ទឹមនឹង​ការចែក​ម៉ាស់​ជូន​ពលរដ្ឋ​ខ្លួន លោក​រដ្ឋមន្ត្រី​រូបនេះ ទទូច​ឲ្យ​ប្រជាជន​សិង្ហ​បុរី​ទាំងអស់​ប្រើ​ម៉ាស់​ដោយមាន​ទំនួល​ខុសត្រូវ​។

 
​ការចែក​ម៉ាស់​នេះ គឺជា «​អនុវត្ត​តែមួយ​លើក​» ប៉ុណ្ណោះ​។ លោក​រដ្ឋមន្ត្រី​អភិវឌ្ឍ​ជាតិ​សិង្ហ​បុរី Lawrence Wong អះអាង​បែបនេះ ដោយ​បន្ថែមថា ម៉ាស់​ទាំងនេះ គឺ​យក​ចេញពី​ស្ដុក​ជាតិ​របស់​សិង្ហ​បុរី ហើយ​ផ្តល់ជូន​ដោយផ្ទាល់​ទៅកាន់​សាធារណជន​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក សង្កត់ធ្ងន់ថា គោលដៅ​គឺ​ដើម្បី​ធានា​ចំពោះ​ប្រជាជន​សិង្ហ​បុរី​ថា គ្រួសារ​នីមួយៗ នឹង​ទទួលបាន​ម៉ាស់ ប្រសិនបើ​នរណាម្នាក់​ក្នុង​គ្រួសារ​នេះ​ពិតជា​ត្រូវការ​ប្រើ​វា​។ ការចែក​ម៉ាស់ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១ ខែកុម្ភៈ​តទៅ ហើយ​រំពឹង​នឹង​បញ្ចប់​នា​ថ្ងៃទី ៩ កុម្ភៈ​។ 
 
​ទន្ទឹមនេះ លោក​រដ្ឋមន្ត្រី Wong បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​សិង្ហ​បុរី​ប្រើប្រាស់​ម៉ាស់​នេះ​ដោយមាន​ទំនួល​ខុសត្រូវ​។ ត្រង់នេះ លោក ពន្យល់​បែបនេះ​ថា​៖« កុំ​បើក​ប្រអប់ ហើយ​ចាប់ផ្តើម​ប្រើ​វា​ដោយ​ផ្តាស​នោះ​។ ប្រើ​វា​តែ​ពេលដែល​អ្នក​មិនសូវ​ស្រួលខ្លួន ហើយ​ត្រូវ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​»​។ 
 
​លោក Wong ប្រាប់​ឲ្យ​ពលរដ្ឋ​សិង្ហ​បុរី​ចងចាំ​ថា ម៉ាស់ ពុំ​ត្រូវបាន​បញ្ជាក់ថា​អាច​ការពារ​អ្នក​ដោយ​ស្វ័យប្រវត្តិ​ពី​ការឆ្លង​វីរុស​នេះឡើយ​។ ម្យ៉ាងទៀត លោក​បានលើកឡើង​ពី​ការកត់សម្គាល់​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​ថា ពេលខ្លះ ពាក់​ម៉ាស់ ឬ​ពាក់​វា​ដោយ​មិន​ត្រឹមត្រូវ អាច​បង្ក​ហានិភ័យ​នៃ​ការឆ្លង​វីរុស​ដល់​អ្នក​ទៅវិញ​។ 
 
​ជា​ឧទាហរណ៍ លោក​រដ្ឋមន្ត្រី អះអាងថា បើ​អ្នក​ពាក់​ម៉ាស់ ហើយ​នៅតែ​បន្ត​យកដៃ​កខ្វក់​អ្នក​ទៅ​ប៉ះ​មុខ​អ្នក​ដដែល វា​នឹង​មុន​ជួយ​អ្នក​បង្កា​វីរុស​នេះ​បានឡើយ​។ យ៉ាងណាមិញ លោក សង្កត់​ថា ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន គឺជា​រឿង​ដ៏​សំខាន់បំផុត​សម្រាប់​បង្កា​ការឆ្លង ដូចជា ការ​លាងដៃ​ជាមួយ​សាប៊ូ​ញឹកញាប់ ជាដើម​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​៣០ ខែមករា នេះ ប្រទេស​សិង្ហ​បុរី បាន​រកឃើញ​អ្នក​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រូស​ចំនួន ១០​នាក់ ហើយ ខណៈ​តួលេខ​អ្នកស្លាប់​ក្នុងប្រទេស​ចិន កើន​ដល់ ១៧០​នាក់​៕

Tag:
 សិង្ហ​បុរី​
  រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជាតិ​
  Lawrence Wong
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com