ភ្នំពេញ៖ មេធាវីការពារក្តីរដ្ឋាភិបាល ថា ខ្លួនមានភស្តុតាងដែលលោក កឹម សុខា យកលុយពីរដ្ឋបរទេស មកធ្វើសកម្មភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា។ ការអះអាងរបស់មេធាវីរដ្ឋាភិបាលនេះ ធ្វើឡើងក្រោយពីសវនាការក្តីសួរដេញដោលលើសកម្មភាពនយោបាយរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ នៅព្រឹកថ្ងៃទី៣០ មករា នេះ។
«ព្រឹកមិញនេះ(មេធាវីលោក កឹម សុខា) មានការដាក់ឯកសារដូចជារូបថតច្រើន ដែលចំពោះយើងខ្ញុំពិនិត្យឃើញថា ភស្តុតាងហ្នឹងវាគ្មានន័យអ្វី សម្រាប់ដោះបន្ទុករបស់គាត់បានទេ» ។ នេះជាការអះអាងរបស់លោក គី តិច ដែលបានបន្ថែមថា ការដាក់ភស្តុតាង ដែលបង្ហាញពីរូបថតចាប់ដៃជាមួយថ្នាក់ដឹកនាំចិន និងជប៉ុននោះ វាមិនអាចបញ្ជាក់ថា លោក កឹម សុខា មិនបានទទួលថវិកាពីបរទេសនោះឡើយ ។ លោក គី តិច បានអះអាងប្រាប់អ្នកកាសែតបែបនេះ។
នៅក្នុងបន្ទប់សវនាការលើកទី៦ នៃសប្ដាហ៍ទី៣ លើសំណុំរឿងលោក កឹម សុខា នេះ មេធាវីការពារក្តីលោក បានដាក់ឯកសារនិងភស្តុតាងបន្ថែម ដើម្បីដោះបន្ទុកកូនក្តីខ្លួន។ ភស្តុតាងនេះ គឺជារូបថតរបស់លោក កឹម សុខា ជួបជាមួយថ្នាក់ដឹកនាំបរទេស រួមមានចិន ជប៉ុន ឆែក និងអង្គការអន្តរជាតិជាដើម នាគ្រាដែលលោក ធ្វើជាសមាជិកព្រឹទ្ធសភា ក្នុងគណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្ស។ តាមរយៈរូបថតទាំងនោះ លោក កឹម សុខា បានបកស្រាយប្រាប់អង្គសវនាការជាបន្តបន្ទាប់ពីសកម្មភាពខ្លួន ដែលជួបថ្នាក់ដឹកនាំបរទេស ក្នុងការទាញផលប្រយោជន៍សម្រាប់កម្ពុជា។ ក្នុងនោះលោក ធ្លាប់ពិភាក្សាទទួលបានជំនួយពីសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ក្នុងការកសាងអគារ និងសម្ភារៈប្រើប្រាស់នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិជាដើម។
ដោយឡែកសកម្មភាពទំនាក់ទំនងជាមួយវិទ្យាស្ថាន National Democratic Institute( NDI) និង International Republican Institute(IRI) វិញ លោក កឹម សុខា បានអះអាងថា ខ្លួនមិនដែលទទួលជំនួយថវិកាពីអង្គការទាំងពីរនេះឡើយ ពោលគឺទទួលបានតែការបណ្ដុះបណ្ដាលទាក់ទងគោលនយោបាយ ជុំវិញការបោះឆ្នោតប៉ុណ្ណោះ។ បើតាមលោក កឹម សុខា អង្គការអន្តរជាតិនេះ តែងតែចូលរួមបណ្ដុះបណ្ដាលដល់គណបក្សនយោបាយទាំងអស់ ដែលក្នុងនោះរួមគណបក្សប្រជាជនកម្ពុជា គណបក្សសម រង្ស៊ី គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសិទ្ធិមនុស្ស រួមទាំងអង្គការសង្គមស៊ីវិលផ្សេងៗទៀត។
«ខ្ញុំចង់បញ្ជាក់ថា ប្រទេសលោកខាងលិច ប្រទេសលោកខាងកើត ប្រទេសកណ្ដាល គឺខ្ញុំមានទំនាក់ទំនងជាមួយទាំងអស់ឱ្យតែមានផលប្រយោជន៍ដល់កម្ពុជា…។ ខ្ញុំមិនដែលមានរឿងសម្ងាត់អ្វីទេ»។ នេះជាការអះអាងរបស់លោក កឹម សុខា នៅក្នុងបន្ទប់សវនាការ ដែលឆ្លើយតបនឹងសំនួរអង្គសវនាការ ជុំវិញភាពស្រពិចស្រពិលលើសកម្មភាពលោក ជាមួយបរទេស ចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។
វាគ្រាន់តែជាការបកស្រាយរបស់លោក កឹម សុខា ប៉ុណ្ណោះ។ លោក គី តិច មេធាវីការពារក្តីរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា លោកមានភស្តុតាង ដែលបង្ហាញថាលោក កឹម សុខា មានទំនាក់ទំនងស៊ីជម្រៅជាមួយរដ្ឋបរទេសក្នុងការរៀបចំផែនការ ធ្វើសកម្មភាពនយោបាយនៅកម្ពុជា។
« សូមបញ្ជាក់ថា រូបថតសម្រាប់ដោះបន្ទុកនេះ វាគ្មានន័យអ្វីទេ ពីព្រោះបើយើងបញ្ជាក់ឱ្យច្បាស់ រូបថតខ្លះ ដែលគាត់(កឹម សុខា)អង្គុយពិភាក្សាការងាររៀបចំផែនការជាមួយរដ្ឋបរទេស គឺគាត់អត់ហ៊ានដាក់មក(ធ្វើភស្តុតាង)ទេ គាត់ដាក់មកច្រើនតែរូបថតចាប់ដៃទទួលភ្ញៀវ ដោយគាត់ចង់បង្ហាញថា គាត់មិនមែនជួបតែរដ្ឋបរទេសមួយទេ គឺគាត់ជួបជាមួយប្រធានាធិបតីចិន និងជប៉ុន ប៉ុន្តែរូបថតដោះបន្ទុកហ្នឹងវាគ្មានន័យ»។ នេះជាការលើកឡើងរបស់មេធាវីរដ្ឋាភិបាល ដែលឆ្លើយទាំងទឹកមុខញញឹមថា លោកមានរូបថត សម្រាប់ធ្វើជាភស្តុតាងដាក់បន្ទុកលោក កឹម សុខា បន្ថែមទៀត ប៉ុន្តែលោកមិនទាន់បញ្ចេញមកឱ្យអស់នោះទេ ។
ថ្លែងប្រាប់អ្នកកាសែតក្រោយបញ្ចប់សវនាការ លោក គី តិច ដែលឈរអមដោយសមាជិកមេធាវី៣នាក់ទៀត បានសង្កត់ធ្ងន់ថា ៖«តិចនិកដែលហៅថាបច្ចេកទេសរបស់មេធាវី យើងអាចវាយឆ្វេងក៏បានវាយស្ដាំក៏បាន ហើយយើងទុកវាយពេលឱកាសមកដល់»។
ស្ថិតនៅក្នុងបន្ទប់សវនាការរយៈពេលជាង៣ម៉ោង លោក កឹម សុខា បានឡើងក្រោកឈរឆ្លើយសំនួរច្រំដែល ជុំវិញថវិកាធ្វើសកម្មភាពនយោបាយ និងសកម្មភាពសិទ្ធិមនុស្សរបស់លោក។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្តី, លោក ប្លង់ សុផល និងលោក ធាម ពិសិដ្ឋ អយ្យការអមសាលាដំបូង និងលោក លី ចាន់តុលា សុទ្ធតែសួរម្ដងហើយម្ដងទៀត អំពីរបាយការណ៍ចំណូលចំណាយរបស់លោក កឹម សុខា ក្នុងការបង្កើតគណបក្សសិទ្ធិមនុស្ស កាលពីឆ្នាំ២០០៧។
សំនួរដដែលចុងក្រោយ ដែលចេញពីលោក លី ចាន់តុលា មេធាវីរដ្ឋប្បវេណី បានសួរទៅលោក កឹម សុខា ថា តើប្រភពលុយសម្រាប់បង្កើតបក្សនោះ លោកបានមកពីណា ?
«ថវិកា បានមកពីខ្មែរ»។ លោក កឹម សុខា ឆ្លើយបែបធុញទ្រាន់ទៅសំនួរលោក លី ចាន់តុលា។ ឆ្លើយទាំងទឹកមុខមុតមាំលោក កឹម សុខា បានឆ្លើយបែបឌឺដងថា លោកបានបកស្រាយជាច្រើនដងហើយ លើបញ្ហាថវិកានេះ ។ មេដឹកនាំអតីតបក្សប្រឆាំងរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«ខ្មែររស់នៅក្រៅប្រទេស និងក្នុងប្រទេសអ្នកផ្ដល់ថវិកាជួយបក្ស គឺអត់មានយកលុយរដ្ឋបរទេសទេ»។
ប៉ុន្តែថវិកាចំណាយនៅក្នុងរបាយការណ៍របស់លោក ដែលមានទឹកប្រាក់៨ពាន់ដុល្លារ, ៥ពាន់ដុល្លារ ,២ពាន់ដុល្លារ និងឡើងដល់២ម៉ឺនដុល្លារក្នុងមួយខែនេះ។ តើវាចំណាយគ្រប់គ្រាន់ដែរ សម្រាប់ធ្វើសកម្មភាពនយោបាយ ? ចុះការធ្វើវេទិកាសាធារណៈ និងឃោសនានយោបាយនោះ តើលោកចំណាយអស់ប៉ុន្មាន បានជាមិនបញ្ចូលក្នុងរបាយការណ៍ចំណាយ? នេះជាសំនួររបស់លោក លី ចាន់តុលា។
«ប្រហែលជាលោក មិនទុកចិត្តក្រសួងមហាផ្ទៃហើយ បានជាយកបញ្ហាហ្នឹងមកសួរខ្ញុំម្ដងហើយម្ដងទៀត»។ លោក កឹម សុខា ដែលអះអាងខ្លាំងៗថា ខ្លួនមិនខ្លាចនឹងឆ្លើយសំនួររបស់មេធាវីក្នុងសវនាការនោះ បានបកស្រាយថា ការចូលរួមសកម្មភាពនយោបាយពីសំណាក់ពលរដ្ឋ និងរៀបចំវេទិកាសាធារណៈនោះ វាជាទឹកចិត្តរបស់ពលរដ្ឋ ដែលពួកគេចំណាយថវិកាផ្ទាល់ខ្លួន ហើយបក្សមិនចំណាយច្រើនលើចំណុចទាំងនេះឡើយ។
«ខ្ញុំយល់ថា ក្រសួងមហាផ្ទៃអត់ធ្វើការទេអី បានជាលោកយករបាយការណ៍នេះ មកគាស់កកាយដូចនេះ»។ លោក កឹម សុខា ថ្លែងសើចចំអកបែបនេះ ទៅកាន់មេធាវីរដ្ឋាភិបាល មុនបញ្ចប់សវនាការ។
ដ្បិតលោក កឹម សុខា អះអាងបែបនេះក្តី ប៉ុន្តែលោក គី តិច នៅតែសង្កត់ធ្ងន់ថា លោកមានភស្តុតាងដែលបង្ហាញថា លោក កឹម សុខា បានទទួលយកលុយបរទេស សម្រាប់ធ្វើសកម្មភាពនយោបាយ។ មេធាវីការពារក្តីរដ្ឋាភិបាល បានថ្លែងប្រាប់អ្នកកាសែតដូច្នេះថា៖«នៅក្នុងដំណាក់បន្ទាប់ យើងនឹងបង្ហាញជូនភស្តុតាង ដូចខ្ញុំបានបញ្ជាក់ម្ដងហើយម្ដងទៀតថា ដោយសារដំណាក់កាលណា ដែលយើងដាក់ភស្តុតាងមានប្រយោជន៍សម្រាប់ដាក់បន្ទុកលើ កឹម សុខា យើងនឹងដាក់ពេលហ្នឹង»។
បើតាមលោក គី តិច ភស្តុតាងគឺមាននៅក្នុងសំណុំរឿងបទ «សុន្ទិដ្ឋិនិយមជាមួយបរទេស» នេះស្រាប់ហើយ។
កាលពីថ្ងៃទី២៩ មករា លោក កឹម សុខា ក៏បានទាមទារឱ្យតុលាការកោះហៅអាមេរិក មកសាកសួរជុំវិញបទចោទខ្លួនផងដែរ ប៉ុន្តែអយ្យការសាលាដំបូង អះអាងថា ច្បាប់ស្រុកខ្មែរ ដាក់ទោសតែពលរដ្ឋខ្មែរប៉ុណ្ណោះ ៕