ជាតិ
ក្រសួងទេសចរណ៍​៖ គ្រប់​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា សុទ្ធតែ​ធានាបាន​នូវ​សុវត្ថិភាព និង​ផាសុកភាព​
31, Jan 2020 , 8:59 am        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ ខណៈដែល​ពិភពលោក​កំពុង​តែមាន​កើត​ចលាចល​អំពី​ជំងឺ​កូ​រ៉ូ​ណាវី​រុស​ដែល​កំពុងតែ​រាល​ត្បា​ត​នៅ​ប្រទេស​ចិន និង​ឆ្លង​ដល់​ប្រទេស​ដទៃទៀត​នោះ ហើយ​កម្ពុ​ជាមាន​១​ករណី​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណាក៏ដោយ​នោះ ក្រសួងទេសចរណ៍​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​ក៏​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ដែល​ធានាបាន​នូវ​សុខ​សុវត្ថិភាព និង​អាច​គ្រប់គ្រង​នូវ​ស្ថានភាព​ជំងឺ​ដែល​ឆ្លង​ពី​វីរុស​កូ​រ៉ូ​ណា សម្រាប់​ភ្ញៀវទេសចរ​។ 


 
​ក្រោយ​កម្ពុជា​ប្រកាសថា​មាន​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណាមួយ​ករណី​ទៅលើ​ជនជាតិ​ចិន​ដែលមាន​វ័យ​៦០​ឆ្នាំ​ដែល​មក​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​មក ក្រសួងសុខាភិបាល និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដទៃទៀត រឹតតែ​បង្កើន​ការគ្រប់គ្រង និង​តាមដាន​ត្រួតពិនិត្យ​លើ​បញ្ហា​ចម្លង​វីរុស​កូ​រ៉ូ​ណា​យ៉ាង​តឹងរឹង​។ ករណី​ដែល​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ពី​វិ​រុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍ និង​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​ធ្លាក់ចុះ​ជា​គំហុក​។​
 
​ថ្វី​ដ្បិត​កម្ពុជា​មិនទាន់​រកឃើញថា​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដែល​ឆ្លងទៅ​ពលរដ្ឋ​កម្ពុជា និង​ភ្ញៀវទេសចរ​ដទៃទៀត​ក៏ពិតមែន​។ ប៉ុន្តែ​តាម​សាលា​រដ្ឋ សាលា​ឯកជន និង​ផ្នែក​អាជីវកម្ម​ខ្លះ ដែល​ស្ថិតនៅ​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ បាន​ផ្អាក​ដំណើរការ​មួយរយៈ​សិន​ដើម្បី​ការពារ​សិស្ស​កុំ​ឲ្យ​កើតមាន​វីរុស​កូ​រ៉ូ​ណា​។ ស្ថានភាព​ទាំងនេះហើយ​ដែល​នាំ​ឲ្យ​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​រមណីយដ្ឋាន បាត់បង់​ចំណូល​ប្រចាំថ្ងៃ​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះហើយ ក្រសួងទេសចរណ៍​បានស្នើ​ឲ្យ​ពលរដ្ឋ​ត្រូវតែ​ជឿជាក់​លើ​ការគ្រប់គ្រង​របស់​ក្រសួងសុខាភិបាល និង​អនុវត្តតាម​ការណែនាំ​ឲ្យ​អនាម័យ​ដើម្បី​បង្ការ​ជំងឺ​វីរុស​កូ​រ៉ូ​ណា​។ ក្រសួងទេសចរណ៍​ទៀតសោត​ក៏បាន​បញ្ជាក់ថា ទោះបី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កំពុងតែ​វាយ​ប្រ​ហោរ​ដោយ​ជំងឺឆ្លង​ពី​ចិន​ក៏ដោយ​នោះ ក្រសួង​ក៏​នៅតែ​អាច​ធានាបាន​ថា គ្រប់​គោលដៅ​ទេសចរណ៍​ទូទាំង​រាជធានី​ខេត្ត គឺ​សុទ្ធ​តែមាន​សុវត្ថិភាព និង​ផាសុកភាព ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​មក​កម្សាន្ត​លេង​ទាំង​មិនមាន​ភាព​ភ័យព្រួយ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​។ 
 
​ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​បង្កើន​ចំណូល​ដល់​អាជីវករ ក្រសួងទេសចរណ៍​បាន​ជំរុញ​ឲ្យ​រដ្ឋបាល និង​មន្ទីរ​ទេសចរណ៍ រាជធានី​ខេត្ត  ប្រតិបត្តិ​ករ​ទេសចរណ៍ អាជីវករ​ទេសចរណ៍ រួមគ្នា​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ផុសផុល​អំពី​រមណីយដ្ឋាន និង​សេវាកម្ម ដើម្បី​បង្កើន​ចំណូល​ដល់​ពលរដ្ឋ​។ ក្រសួងទេសចរណ៍​ក៏បាន​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍ បង្កើត​កញ្ចប់​ទស្សនកិច្ច​ពិសេស​សម្រាប់​ឲ្យ​ភ្ញៀវ​អាច​បានមក​កម្សាន្ត និង​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ដើម្បី​បង្កើន​ភ្ញៀវទេសចរ​។ 
 
​ក្រសួងទេសចរណ៍​ជំរុញ​ឲ្យ​បណ្តា​ខេត្ត​ដែលមាន​រមណីយដ្ឋាន​ស្អាត​ចូលរួម​ក្នុងការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​។ ជាពិសេស បង្កើន​ការផលិត​វីដេអូ​អប់រំ យុទ្ធនា​ការអប់រំ ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​ផ្សេងៗ និង​បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​នានា ដើម្បី​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​លេង​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើង​។​
​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​កម្សាន្ត​លេង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​៦,៦​លាន​នាក់ កើនឡើង​៦,៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ចំនួន​៦,៣​លាន​នាក់​៕ 

Tag:
 ក្រសួងទេសចរណ៍​
 ​រមណីយដ្ឋាន​
 ​ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com