ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
យុទ្ធនាការ​«១០០​កោដិ​សំឡេង​» បំផុសស្មារតី​ឲ្យ​គ្រប់គ្នា​បញ្ចប់​ហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី ធ្វើ​នៅ​កំពង់ស្ពឺ​
30, Jan 2020 , 7:11 pm        
រូបភាព
រូបភាពផ្តល់ដោយលោក ​លោក ម៉េ​ត រ៉ូ​ពី អ្នករៀបចំកម្មវិធីយុទ្ធនាការរបស់អង្គការ GADC
រូបភាពផ្តល់ដោយលោក ​លោក ម៉េ​ត រ៉ូ​ពី អ្នករៀបចំកម្មវិធីយុទ្ធនាការរបស់អង្គការ GADC
ភ្នំពេញ​៖ ខណៈដែល​ស្ត្រី និង​ក្មេងស្រី​កម្ពុជា ក៏​ទទួលរង​នូវ​ការរំលោភបំពាន​ទាំង​ផ្លូវកាយ និង​សតិអារម្មណ៍ ក្នុងចំណោម​ស្រី​៣០០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ទើប​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) រៀបចំ​កម្មវិធី​បោះជុំរុំ​១០០​កោដិ​សំឡេង​ក្រោម​ប្រធានបទ​«​សំឡេង​រួម កម្លាំង​រួម ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​»​។ យុទ្ធនាការ​នេះ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១-២ ខែកុម្ភៈ​ខាងមុខ នៅ​វិទ្យាល័យ ជាស៊ីម​ឱ​រ៉ា​ល់ ដែល​ស្ថិតនៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​



លោក ម៉េ​ត រ៉ូ​ពី អ្នករៀបចំកម្មវិធីនេះ បាន​ឲ្យ​ដឹងថា ការ​ប្រារព្ធ​យុទ្ធនាការ ១០០​កោដិ​សំឡេង ដើម្បី​បំផុសស្មារតី​ដល់​មនុស្ស​គ្រប់គ្នា​ឲ្យ​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​នេះ គឺ​ដោយសារ​កន្លងមក​ធ្លាប់មាន​ស្ត្រី​១០០​លាន​នាក់ ក្នុងចំណោម​ស្ត្រី​៣០០​លាន​នាក់ បាន​ជួប​បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ​, ការរំលោភបំពាន​ផ្លូវភេទ​, ការរំលោភ​សិទ្ធិ ហើយក៏​ដូចជា​រូបភាព​នៃ​អំពើហិង្សា ឬ​ការរំលោភបំពាន​ផ្សេង ក្នុងនោះ​ក៏មាន​ស្ត្រី និង​ក្មេងស្រី​កម្ពុជា​ទទួលរង​នូវ​បញ្ហា​នេះ​ផងដែរ​។​


(លោក លោក ម៉េ​ត រ៉ូ​ពី អ្នករៀបចំកម្មវិធីយុទ្ធនាការរបស់អង្គការ GADC)

គោលបំណង​សំខាន់​នៃ​កម្មវិធី​បោះជុំរុំ ដែលមាន​អ្នកចូលរួម​១០០​នាក់ ដោយមាន​៦០​នាក់​ជា​ស្ត្រី​នេះ ត្រូវបាន​អ្នករៀបចំ​កម្មវិធី​បញ្ជា​ក់ថា គឺ​ផ្ដោត​សំខាន់​ទៅលើ​យុវជន ជាពិសេស​និស្សិត ដើម្បី​ឲ្យ​ពួកគាត់​យល់ដឹង​អំពី​បញ្ហា​អំពើហិង្សា និង​ការរំលោភបំពាន ក៏​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​មាន​ភាពទូលំទូលាយ​ដល់​ពលរដ្ឋ​កម្ពុជា​ផងដែរ​។​

សូម​រម្លឹកថា យុទ្ធនាការ «១០០​កោដិ​សំឡេង​» របស់​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១២ រហូតមកដល់​ពេលបច្ចុប្បន្ន ពោលគឺ​បាន​រយៈពេល​៩​ឆ្នាំ​ហើយ​។ តាំងពី​ចាប់ផ្ដើម​រហូតដល់​ឆ្នាំ​២០១៨ យុទ្ធនាការ​នេះ​ធ្វើឡើង​តែ​នៅ​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ​។ ប៉ុន្តែ នៅ​ឆ្នាំ​២០១៩ អង្គការ​បាន​ប្រារព្វ​ធ្វើ​នៅ​ស្រុក​បាភ្នំ ក្នុង​ខេត្តព្រៃវែង ហើយ​នៅ​ដើមឆ្នាំ​២០២០​នេះ នឹងធ្វើ​នៅ​វិទ្យាល័យ​ជាស៊ីម​ឱ​រ៉ា​ល់ នៃ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១-២ កុម្ភៈ​ខាងមុខនេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com