អន្តរជាតិ
កូរ៉េខាងត្បូង ដឹកពលរដ្ឋខ្លួន៣២៧នាក់មកពីវូហាន ខណៈករណីឆ្លងកូរ៉ូណាវីរុសឡើងដល់៧ យន្តហោះ Korean Air ដឹកពលរដ្ឋកូរ៉េខាងត្បូងចេញពីវូហាន មកដល់សេអ៊ូលនៅថ្ងៃទី៣១ ខែមករា។ រូបភាព AFP
× កូរ៉េខាងត្បូង នៅថ្ងៃទី៣១ ខែមករា បានដឹកពលរដ្ឋរបស់ខ្លួន៣២៧នាក់ចាកចេញពីទីក្រុងវូហាន ដែលជាកន្លែងផ្ទុះកូរ៉ូណាវីរុស។ ជាមួយគ្នានេះ ករណីឆ្លងវីរុសនេះក្នុងកូរ៉េខាងត្បូង ក៏ឡើង៧ករណី ទោះប្រទេសប្រឹងទប់ស្កាត់ការរាលដាល និងការត្រួតពិនិត្យក្នុងស្រុកក្ដី។ គិតត្រឹមថ្ងៃទី៣១ ខែមករានេះដែរ ចំនួនអ្នកស្លាប់ និងករណីឆ្លងកូរ៉ូណាវីរុសនេះ នៅតែបន្តកើនឡើងជាលំដាប់ពិសេសនៅទឹកដីចិនតែម្ដង។
យន្តហោះពិសេសរបស់អាកាសចរណ៍ Korean Air ដឹកពលរដ្ឋកូរ៉េខាងត្បូង៣២៧នាក់ បានចុះចតនៅព្រលានយន្តហោះអន្តរជាតិ Gimpo នៃរដ្ឋធានីសេអ៊ូលនៅថ្ងៃទី៣១ ខែមករា ក្រោយជម្លៀសពួកគេចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ជាទីដែលកូរ៉ូណាវីរុសកំពុងរាតត្បាត។ ពលរដ្ឋទាំង៣២៧នាក់ ជាចំនួនពាក់កណ្ដានៃពលរដ្ឋកូរ៉េខាងត្បូងជាង៧០០នាក់ ដែលបានស្នើសុំត្រឡប់ទៅទឹកដីខ្លួនវិញ ជាមួយនឹងក្ដីបារម្ភនៃសុវត្ថិភាព។
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ពលរដ្ឋកូរ៉េខាងត្បូងម្នាក់ មិនត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះឡើយ ព្រោះមានអការៈក្ដៅខ្លួន ដែលជាសញ្ញានៃការឆ្លងកូរ៉ូណាវីរុស។ អ្នកដំណើរទាំងអស់ ត្រូវបានត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹងទាំងនៅព្រលានយន្តហោះវូហាន និងនៅសេអ៊ូល។ អ្នកដែលសញ្ញានៃការឆ្លងវីរុសនេះ នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ខណៈអ្នកដំណើរមិនមានរោគសញ្ញាណាមួយ នឹងត្រូវទុកនៅដោយឡែករយៈពេល១៤ថ្ងៃ។
តាមគម្រោងដំបូង កូរ៉េខាងត្បូង គ្រោងបញ្ជូនយន្តហោះពីរទៅកាន់វូហាន គឺមួយថ្ងៃទី៣០ ខែមករា (មកដល់សេអ៊ូលវិញថ្ងៃទី៣១ ខែមករា) និងមួយទៀតនៅថ្ងៃទី៣១ ខែមករា។ ប៉ុន្តែក្រោយការជជែកជាមួយចិន កូរ៉េខាងត្បូងសម្រេចចិត្តបញ្ជូនយន្តហោះទៅតែមួយគ្រឿងប៉ុណ្ណោះ ហើយកំពុងចរចាជាមួយចិនទាក់ទងការជម្លៀសពលរដ្ឋដែលនៅសល់។
ប្រជាជនកូរ៉េខាងត្បូងដែលភៀសខ្លួនទាំងអស់ នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងពីរដើម្បីទុកឲ្យនៅដោយឡែក មុននឹងអនុញ្ញាតឲ្យដើរហើរធម្មតា។ បាតុកម្មបានផ្ទុះឡើងនៅទីក្រុង Asan និង Jincheon ដោយសារប្រជាជនក្នុងស្រុកមិនពេញចិត្តនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលជ្រើសរើសតំបន់ពួកគេរស់នៅធ្វើជាកន្លែងត្រួតពិនិត្យបណ្ដោះអាសន្ន។ ការភ័យខ្លាចបានកើនឡើង បន្ទាប់ពីមានការរាយការណ៍ពីករណីឆ្លងវីរុសពីមនុស្សទៅមនុស្ស។
បច្ចុប្បន្ន ករណីឆ្លងកូរ៉ូណាវីរុស មានចំនួន៧ ដោយករណីចុងក្រោយត្រូវបានប្រកាសនៅថ្ងៃទី៣១ ខែមករា។ យុវជនវ័យ២៨ឆ្នាំម្នាក់ដែលត្រូវបានរកឃើញថា ឆ្លងវីរុសនេះ បានត្រឡប់មកពីវូហាននៅថ្ងៃទី២៣ ខែមករា តែមិនបានបង្ហាញសញ្ញាអ្វីឡើយ។ សព្វថ្ងៃ អាជ្ញាធរកូរ៉េខាងត្បូង កំពុងស្វែងរកអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺចុងក្រោយនេះ៕
Tag:
កូរ៉េខាងត្បូង
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com