ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖ អឺរ៉ុបបច្ចុប្បន្នមានទំនាក់ទំនងមិនជាល្អទេជាមួយអាស៊ាន
× នាពិធីបិទសន្និបាតការងារក្រសួងការបរទេសនៅវិមានសន្តិភាពនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា នេះ សម្តេច ហ៊ុន សែន លើកឡើងពីបញ្ហានៃទំនាក់ទំនងរវាងតំបន់អាស៊ាន និងអឺរ៉ុប ជាពិសេសជាមួយប្រទេសចំនួន៥ រួមទាំងកម្ពុជាផងដែរ។
ជុំវិញទំនាក់ទំនងជាមួយអឺរ៉ុប សម្តេចបានកត់សម្គាល់ថា៖ «អឺរ៉ុបបច្ចុប្បន្នមានទំនាក់ទំនងមិនជាល្អទេជាមួយអាស៊ាន មានប្រទេស៥រួចទៅហើយដែលមានបញ្ហាជាមួយអឺរ៉ុប ធ្ងន់ធ្ងរជាងគេឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក្រោមហេតុផលនៃបញ្ហាការការពារបរិស្ថាន ប្រឆាំងនឹងការកាប់ព្រៃ ។ អឺរ៉ុបបានចាប់ផ្តើម ឆ្ពោះទៅរកការបញ្ឈប់ការទិញប្រេងដូង ពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី អាចមានភាពតានតឹងរវាងទំនាក់ទំនងប្រទេសទាំងពីរ»។
សម្តេច ហ៊ុន សែន បានបន្ថែមទៀតថា៖ «អឺរ៉ុបក៏បានឆ្ពោះមកកាន់កម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីន ទាក់ទងនឹងបញ្ហាសិទ្ធមនុស្ស ដោយមិនទាន់រាប់បញ្ចូលជាមួយប្រទេសមួយចំនួនផ្សេងទៀត ដែលអឺរ៉ុបតែងតែគំរាមនៅក្នុងតំបន់ប្រទេសអាស៊ាន ដូច្នេះទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រ រវាងអាស៊ាន និងអឺរ៉ុប តើវាអាចដើរលឿនទេ? ប្រសិនបើឥរិយាបថបែបនេះ ត្រូវបាន ប្រកាន់យកជាបន្ត នៅគណៈកម្មការអឺរ៉ុប»។
ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងសម្តេចមិនមែនលើសហភាពអឺរ៉ុបទាំងមូលនោះឡើយ ព្រោះបញ្ហា ប្រទេសនៅអឺរ៉ុបមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងក្របខណ្ឌអាស៊ាន ប៉ុន្តែអឺរ៉ុបមានសភា និងគណៈកម្មាការអឺរ៉ុបដែលកំណត់នយោបាយរបស់អឺរ៉ុប ដែលនេះជាបញ្ហាដែលត្រូវគិតគូរ។
«អាស៊ានគួររៀនសូត្រពីបទពិសោធន៍អឺរ៉ុបទាំងល្អ និងមិនល្អផងដែរដែលយើងមានតួនាទីស្ថាបនាអាស៊ានមួយដែលមានសាមគ្គីភាព ហើយជំរុញសុខដុមរមនានៅក្នុងតំបន់របស់យើង»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឧទាហរណ៍ទាក់ទងនឹងការព្យាយាមចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។
សម្តេចបានអះអាងថា សម្តេចមិនមែនទិះតៀនអឺរ៉ុបទេ តែចង់ឲ្យបណ្តាប្រទេសនៅក្នុងអាស៊ាន ដែលកម្ពុជាជាតួអង្គមួយនៅក្នុងនោះដែរ ដកពិសោធន៍ពីគោលការណ៍កុងសង់ស៊ីស និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com