អន្តរជាតិ
Brexit៖ ដល់​ថ្ងៃ​អង់គ្លេស​ចេញពី​អឺរ៉ុប​ហើយ ក្រោយ​ពន្យារពេល​បី​ដង​
31, Jan 2020 , 10:57 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ ជា​ថ្ងៃ​ចុងក្រោយ​ដែល​ចក្រភព​អង់គ្លេស​ជា​សមាជិក​អឺរ៉ុប​។ ថ្ងៃទី​៣១ ខែមករា​នេះ ក៏​ជា​ថ្ងៃ​ដែល​អង់គ្លេស​ត្រូវ​ផ្ដាច់​សមាហរណកម្ម​នយោបាយ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ពី​ប្លុក​តំបន់​ដ៏​ធំ និង​ជា​អ្នកជិតខាង​បំផុត​របស់ខ្លួន​ក្នុងពេល​ច្រើនជាង​៤​បួន​ទសវត្សរ៍​។ យ៉ាងណាមិញ ១១​ខែ​ទៅមុខ នឹងមិន​មាន​អ្វី​ប្លែក​ឡើយ​ដោយ​អង់គ្លេស និង​អឺរ៉ុប​យល់ព្រម​ទុក​រយៈពេល​អន្តរកាល​ដើម្បី​បន្ត​ការចរចា​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ក្រោយ​លែងលះគ្នា​នេះ​។​

 
​ក្រោយ​រួមរស់​ជាមួយគ្នា​អស់​ពេល​រាប់សិប​ឆ្នាំ ចក្រភព​អង់គ្លេស នឹង​ចែកផ្លូវ​ជាមួយ​សហភាព​អឺរ៉ុប​ថ្ងៃទី​៣១ ខែមករា​នេះ ដែលជា​កាលបរិច្ឆេទ​ចាកចេញ​ផ្លូវការ​របស់​អង់គ្លេស​។ ការចាកចេញ គឺមាន​ពេល​៤៣​សប្ដាហ៍​ទៅហើយ​បន្ទាប់ពី​ប្រជាជន​អង់គ្លេស​សម្រេចចិត្ត​ចែកផ្លូវ​ពី​អឺរ៉ុប​ក្នុង​ការធ្វើប្រជាមតិ​ឆ្នាំ​២០១៦ កន្លងទៅ​។ ទម្រាំ​ដល់​ថ្ងៃទី​៣១ នេះ ការចាកចេញ​របស់​អង់គ្លេស ត្រូវបាន​ពន្យារពេល​ដ​ល់​ទៅ​បី​ដង​ឯណោះ​។ 
 
​នឹងមិន​មាន​អ្វី​ប្រែប្រួល​ភ្លាមៗ​ឡើយ​សម្រាប់​ប្រជាជន​អង់គ្លេស និង​សហភាព​អឺរ៉ុប ដោយ​ក្រុង​ឡុង​ដ៍ និង​ក្រុង​ព្រុ​ច​សែ​ល​ឯកភាពគ្នា​ទុក​រយៈពេល​អន្តរកាល​មួយ ដែល​រក្សា​អ្វីៗ​នៅ​ដូចដើម​សិន​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ឯណោះ​។ ចន្លោះ​ពេលនេះ អង់គ្លេស និង​អឺរ៉ុប នឹង​បន្ត​ជជែក​គ្នា​លើ​ទំនាក់ទំនង​សំខាន់ៗ ពិសេស​ចំណង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ ប៉ុន្តែ​អង់គ្លេស នឹង​បាត់បង់​តំណាង និង​សិទ្ធិ​បោះឆ្នោត​របស់ខ្លួន​ក្នុង​ស្ថាប័ន​នានា​របស់​អឺរ៉ុប​។ 
 
​ឯ​រឿង​ពាណិជ្ជកម្ម​វិញ អង់គ្លេស​ប្រកាសថា ខ្លួន​ត្រៀម​សម្រាប់​ការចរចា​នៅ​ខែកុម្ភៈ ខណៈ​អឺរ៉ុប​វិញ​កំពុង​ជជែក​ផ្ទៃក្នុង​ខ្លួន​ពីអ្វី​ដែល​ត្រូវ​ចរចា​ជាមួយ​អឺរ៉ុប​។ ក្រុមការងារ​ចរចា​របស់​អឺរ៉ុប​លើ​រឿង​ពាណិជ្ជកម្ម អាច​ទទួលបាន​សិទ្ធិអំណាច​ពី​ប្រទេស​សមាជិក​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​។ ដូចនេះ​ការចរចា​អាច​ចាប់ផ្ដើម​នៅ​ខែកុម្ភៈ​នេះ ឬ​ខែមីនា​ខាងមុខ​។ ចក្រភព​អង់គ្លេស រំពឹងថា នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប និង​ប្រទេស​សមាជិក​អឺរ៉ុប​នៅពេល​ព្រម​គ្នា​តែម្ដង​។​
 
​ប្រធានបទ​ពាណិជ្ជកម្ម មិនមែនជា​រឿង​តែមួយគត់​ដែល​ត្រូវ​ដោះស្រាយ​ឡើយ អឺរ៉ុប និង​អង់គ្លេស ត្រូវ​ជជែក​គ្នា​លើ​រឿង​ជាច្រើន​ទៀត​ដូចជា​សន្តិសុខ អប់រំ ថាមពល និង​ការអនុវត្ត​ច្បាប់​ជាដើម​។ ដំណាក់កាល​ដំបូង ការចរចា​លើ​បញ្ហា​ទាំងអស់ គ្រោង​បញ្ចប់​មុន​ថ្ងៃទី​៣១ ខែកក្កដា​។ ក្នុងករណី​មិន​ដាច់ស្រេច ការចរចា​អាច​បន្ត​ដល់​ដំណាច់ឆ្នាំ​២០២០ តែម្ដង ដោយ​អង់គ្លេស​ជា​អ្នកស្នើសុំ​ការពន្យារពេល​ណាមួយ​ក្នុងអំឡុង​ពេលនេះ​។​
 
​ខណៈ​ការសម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង ជាការ​បើក​ទំព័រ​ថ្មី​នៃ​ភាពជា​ដៃគូ​អង់គ្លេស​-​សហភាព​អឺរ៉ុប​។ បើ​មិនមាន​ការបន្ត​ការចរចា ឬក៏​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​វិញ​នោះ អង់គ្លេស នឹង​ដើរ​ចេញពី​អឺរ៉ុប​នៅ​ចុងឆ្នាំ​២០២០ ជាមួយ​បញ្ហា​ឈឺក្បាល ព្រោះ​អង់គ្លេស និង​អឺរ៉ុប នឹង​ក្លាយជា​អ្នកដទៃ​សុទ្ធសាធ ហើយ​ការផ្ដើម​ទំនាក់ទំនង​ឡើងវិញ នឹងមិន​មានរឿង​ងាយស្រួល​ឡើយ​៕ 

Tag:
 Brexit
  អង់គ្លេស​
  អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com