ជាតិ
នយោបាយជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា៖«មិនត្រូវឲ្យអ្នកណា មកដឹកច្រមុះយើងទេ»
× ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសជំហរមិនឱលំទោនដាក់បរទេស និង មិនឲ្យបរទេសណាមកបង្គាប់បញ្ជាឡើយ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩របស់ក្រសួងការបរទេស នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងថា៖«...ខ្ញុំ ជាតួអង្គមួយក្នុងចំណោមតួអង្គ ដែលបានឆ្លងកាត់រយៈពេលដ៏លំបាក៤១ឆ្នាំហើយ ដូច្នេះ ខ្ញុំនៅតែបន្តនិយាយថា មិនត្រូវឲ្យអ្នកណាមកដឹកច្រមុះរបស់យើងទេ»។
ប្រមុខរដ្ឋាភិបាល លើកឡើងដូចលើកមុនៗថា កម្ពុជា មិនយកឯករាជ្យ-អធិបតេយ្យ ទៅដោះដូរនឹងការអនុគ្រោះ ឬជំនួយណាទាំងអស់។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា៖«ពិតជាគ្មានតម្លៃទេ ហើយវា ថោកទាបផង បើច្បាប់របស់យើងមិនអាចអនុវត្តបាន ហើយតម្រូវឲ្យធ្វើទៅតាមការបង្ខិតបង្ខំរបស់អ្នកដទៃ។ តើយើងជាប្រទេស មានឯករាជ្យ-អធិបតេយ្យទេ?»។
មេដឹកនាំរូបនេះ បញ្ជាក់ថា កម្ពុជា មិនបោះបង់ឯករាជ្យ-អធិបតេយ្យភាពជាដាច់ខាត។ មេដឹកនាំកម្ពុជា អះអាងថា៖«ក្នុងនាមជានាយករដ្ឋមន្រ្តី ខ្ញុំមិនដែលធ្វើសេចក្តីសម្រេចណាមួយដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ។ ខ្ញុំ មិនធ្វើអី្វ ដែលនាំឲ្យខូចប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនកម្ពុជានោះឡើយ»៕ © រក្សាសិទ្ធិដោយ thmeythmey.com