សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ កូរ៉េខាងត្បូង​រកឃើញ​៤​ករណី​ទៀត នាំ​ឲ្យ​អ្នកជំងឺ​សរុប​កើន​ដល់​១១​នាក់​
31, Jan 2020 , 2:18 pm        
រូបភាព
ដោយ: រួបរួម
​កូរ៉េខាងត្បូង បាន​រាយការណ៍​ពី​ការរកឃើញ​អ្នកជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​៤​ករណី​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​នាំ​ឲ្យ​ចំនួន​សរុប​នៅក្នុង​ប្រទេស​កើន​ដល់​១១​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​

 
​កូរ៉េខាងត្បូង​ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន​២២​ដែលមាន​ករណី​ជំងឺ​កូ​រ៉ូ​ណាវី​រុស​។ ដោយ​គិត​ម៉ោង​២​រសៀល​ថ្ងៃទី​៣១ ខែមករា នេះ អ្នកជំងឺ​សរុប​មាន​ជាង​៩៨០០​នាក់ ដែល​ក្នុងនោះ​ជាង​៩៧០០​នាក់​ស្ថិត​ក្នុងប្រទេស​ចិន រួមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​។ 
 
​ប្រទេស​ផ្សេងទៀត​រួមមាន​ជប៉ុន ថៃ សិង្ហ​បុរី អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី កម្ពុជា ហ្វាំ​ង​ឡង់ ណេ​ប៉ាល់ ហ្វីលីពីន ឥណ្ឌា និង​ស្រីលង្កា​។​
 
​មនុស្ស​ចំនួន​២១៣​នាក់​បាន​ស្លាប់ ដែល​ស្ថិត​ក្នុងប្រទេស​ចិន​ទាំងអស់ និង​ភាគច្រើន​នៅ​ក្រុង​វូ​ហាន ជាទី​កន្លែង​ដែល​មេរោគ​បាន​ផ្ទុះឡើង​ដំបូង​គេ​៕

Tag:
 កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com