អន្តរជាតិ
មន្ត្រី​សុខាភិបាល​ម្នាក់​នៅជាប់​ក្រុង​វូ​ហាន អស់តំណែង ព្រោះ​មិនដឹង​ព័ត៌មាន​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ក្នុង​តំបន់​ខ្លួន​
31, Jan 2020 , 2:45 pm        
រូបភាព
អ្នកស្រី Tang Zhihong ប្រធានគណៈកម្មការសុខាភិបាលប្រចាំក្រុង Huanggang អំឡុងពេលផ្តល់បទសម្ភាសជាមួយទូរទស្សន័រដ្ឋចិន CCTV កាលពីថ្ងៃ ៣០ មករា ឆ្នាំ២០២០ (Global Times)
អ្នកស្រី Tang Zhihong ប្រធានគណៈកម្មការសុខាភិបាលប្រចាំក្រុង Huanggang អំឡុងពេលផ្តល់បទសម្ភាសជាមួយទូរទស្សន័រដ្ឋចិន CCTV កាលពីថ្ងៃ ៣០ មករា ឆ្នាំ២០២០ (Global Times)
ដោយ:
​ប្រធាន​គណៈកម្មាការ​សុខាភិបាល​ប្រចាំ​ទីក្រុង Huanggang ដែលជា​ទីក្រុង​រង​ផលប៉ះពាល់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​អាក្រក់​បំផុត​លំដាប់​ទី​២ ក្នុង​ខេត្ត Hubei ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង កាលពី​ថ្ងៃ ៣០ ខែមករា ។ ហេតុដែល​នាំ​ឲ្យ​មន្ត្រីជាន់ខ្ពស់​រូបនេះ អស់តំណែង គឺ​មកពី​ខ្វះ​ព័ត៌មាន​អំពី​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ក្នុង​តំបន់​របស់ខ្លួន ខណៈ​កំពុងផ្តល់​បទ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​មួយ​។ រឿងរ៉ាវ​នេះ បាន​បង្ក​កំហឹង​ខ្លាំង​ដល់​ពលរដ្ឋ​ចិន ដែល​ចាត់ទុក​មន្ត្រី​រូបនេះ​ថា អសមត្ថភាព​។​

 
​អ្នកស្រី Tang Zhihong ដែល​ដឹកនាំ​គណៈកម្មការ​សុខាភិបាល​ប្រចាំ​ទីក្រុង Huanggang បានបង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ មករា ។ ក៏ប៉ុន្តែ ក្រោយពី​ទទួល​សំណួរ​ពី​សំំ​ណាក់​អ្នករាយការណ៍​ព័ត៌មាន និង​ក្រុមអធិការកិច្ច​របស់រ​ដ្ឋា​ភិ​បាល​កណ្ដាល​ចិន ជុំវិញ​បញ្ហា​ដូចជា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​តំបន់​ដែល​អ្នកស្រី​គ្រប់គ្រង មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​រូបនេះ ពុំ​អាចមាន​ចម្លើយ​ភ្លាមៗ​សម្រាប់​ពួកគេ​ឡើយ​។ 
 
«​ខ្ញុំ​មិនដឹង​ទេ , ខ្ញុំ​មិន​ច្បាស់​ទេ​»​។ អ្នកស្រី និយាយ​បែបនេះ នៅពេល​ត្រូវបាន​សួរថា អ្នកជំងឺ​ដោយសារ​កូ​រ៉ូ​ណា​វីរុស​ប៉ុន្មាន​នាក់​កំពុង​សម្រាក​នៅ​ទីនោះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកស្រី បកស្រាយ​ថា​៖«​ខ្ញុំ​គ្រាន់តែ​ដឹង​ពី​ចំនួន​គ្រែ​នៅ​មន្ទីរពេទ្យ​ប៉ុណ្ណោះ​។ កុំ​សួរ​ខ្ញុំ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​កំពុង​ទទួល​ការព្យាបាល ខ្ញុំ​មិនដឹង​ទេ​»​។ 
 
​ប៉ុន្មាន​ម៉ោង​ក្រោយ​ប៉ុណ្ណោះ​ក្រោយ​មានការ​រិះគន់​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម​របស់​ចិន គណៈកម្មការ​សុខាភិបាល​ចិន បានប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​មួយ​ថា អ្នកស្រី Tang ត្រូវបាន​ដកហូត​តំណែង​។ យ៉ាងណាមិញ ខ្លួន ពុំបាន​បញ្ជាក់​ព័​ត៎​មាន​លម្អិត​ជុំវិញ​ករណី​ដកហូត​តំណែង​នេះឡើយ​។ 
 
​សូមបញ្ជាក់ថា ទីក្រុង Huanggang បាន​រាយការណ៍​រកឃើញ​ករណី​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​ជិត​៥០០​ករណី ហើយ​មាន​អ្នកស្លាប់​១២​នាក់​ហើយ​។ បើតាម Reuters ទីក្រុង​នេះ គឺជា​ក្រុង​រង​ផលប៉ះពាល់​ដោយសារ​កូ​រ៉​ណា​វីរុស​ប្រភេទ​ថ្មី​អាក្រក់​បំផុត​លំដាប់​ទី​២ ក្នុង​ខេត្ត​ហ៊ូ​ប៉ី បន្ទាប់ពី​ទី​ក្រុ វូ​ហាន​៕

Tag:
 ចិន​
  Huanggang
  កូ​រ៉ូ​ណាវី​រុស​
  Tang Zhihong
© រក្សាសិទ្ធិដោយ thmeythmey.com