អន្តរជាតិ
ចិន​ថា ខ្លួន​មាន​សមត្ថភាព​ប្រយុទ្ធ​កូ​រ៉ូ​ណាវី​រុស ក្រោយ WHO ប្រកាសអាសន្ន​ជាស​កល​
31, Jan 2020 , 8:19 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying។ រូបភាព៖ Reuters
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying។ រូបភាព៖ Reuters
​ចិន មាន​ទំនុកចិត្ត និង​សមត្ថភាព​ពិតប្រាកដ ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​រ៉ូ​ណាវី​រុស ដែល​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ផ្ទុក​វីរុស​មួយ​នេះ និង​មាន​មនុស្ស​ជាច្រើន​នាក់ បាន​ស្លាប់​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying នៅ​ថ្ងៃទី​៣១ ខែមករា ចិន នឹង​សហការ​ជាមួយ​ប្រទេស​ទាំងអស់ និង​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​ប្រភេទ​ថ្មី​នេះ​។

 
​បន្ទាប់ពី​ការប្រកាសអាសន្ន​ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោក​លើ​កូ​រ៉ូ​ណាវី​រុស អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បានបង្ហាញ​ជំហរ​យ៉ាងច្បាស់​លាស់​មួយ ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស ដែល​កំពុងតែ​វាយលុក​ខ្លាំង​នៅ​ចិន​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន លោកស្រី Hua បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មាន​ទំនុកចិត្ត និង​សមត្ថភាព​ពេញលេញ ក្នុងការ​ប្រយុទ្ធ​យកឈ្នះ​លើ​កូ​រ៉ូ​ណាវី​រុស​»​។ ក្នុងនេះ​ន័យ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​បញ្ជាក់ថា កន្លងមក​ចិន បាន​ប្រើប្រាស់​វិធានការ​គ្រប់បែបយ៉ាង និង​ល្អ​បំផុត ដើម្បី​ឆ្លើយតប​ទៅនឹង​សុវត្ថិភាព​របស់​ប្រជាជន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។ 
 
​ក្រៅពី​វិធានការ​ផ្សេងៗ ចិន ក៏បាន​សហការ​ជាមួយ​ប្រទេស​ផ្សេងៗ និង​អង្គការ​សុខភាព​អន្តរជាតិ​ផងដែរ ដើម្បី​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​កូ​រ៉ូ​ណាវី​រុស​។ តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ ចិន​បាន​ប្រាប់​ទៅដល់​ភាគី​ពាក់ព័ន្ធ និង​ចែករំលែក​ហ្សែ​ន​កូ​រ៉ូ​ណា​វីរុស​ទៅ​ឲ្យ​ប្រទេស​មួយចំនួន ជាពិសេស​អង្គការ​សុខភាព​ពិភពលោក ក៏បាន​ទទួលស្គាល់​ពី​កិច្ចខិតខំ​របស់​ចិន​ដែរ​។ 
 
​សូមបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន ប្រធាន​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បានទទួល​ស្គាល់​ពី​កិច្ចខិតខំ និង​ការរួមចំណែក​របស់​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​រ៉ូ​ណាវី​រុស​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ចិន​ថែមទាំង​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​មួយ​នេះ ដើម្បី​ការពារ​ប្រព័ន្ធ​សុខាភិបាល​នៅក្នុង​តំបន់ និង​សកល​ជាដើម​៕

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com