ជាតិ
ចិនជាង២០ម៉ឺននាក់ ដែលធ្វើការខាងល្បែងអនឡាញ បានចេញពីកម្ពុជា រូបភាពពី AKP
× ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩ ជនជាតិចិនបានមកស្នាក់នៅកម្ពុជារយៈពេលវែង កើនឡើងយ៉ាងគំហុក ដើម្បីមកធ្វើការតាមកាស៊ីណូនិងហ្គេមអនឡាញ ហើយបានចាកចេញទៅវិញប្រមាណ២០ម៉ឺននាក់ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ប្រកាសបិទល្បែងអនឡាញ កាលខែសីហា ឆ្នាំមុន។
របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ជនជាតិបរទេសមិនមែនអន្តោប្រវេសន៍ ដែលអាជ្ញាធរកម្ពុជាបានផ្ដល់ទិដ្ឋាការអនុញ្ញាតបន្តឲ្យស្នាក់ មានប្រមាណ៤៥ម៉ឺននាក់ ក្នុងនោះមានជនជាតិចិនជាង៧០ភាគរយ។
«ប៉ុន្តែចំនួននេះ ត្រូវបានថយចុះជាបណ្ដើៗ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបញ្ឈប់សកម្មភាពហ្គេមអនឡាញ។ រហូតមកដល់ចុងឆ្នាំ២០១៩ ចំនួនជនជាតិចិនបានចាកចេញពីកម្ពុជាប្រមាណ២០ម៉ឺននាក់។» នេះបើតាមការរបាយការណ៍ ដែលបានចុះហត្ថលេខាដោយលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
របាយការណ៍ដដែល បានរកឃើញថា បទល្មើសដែលបង្កឡើងដោយជនបរទេសនៅឆ្នាំ២០១៩ គឺជាង៥០០ករណី ហើយបានឃាត់ខ្លួនជាង១៧០០នាក់ ដែលភាគច្រើនជាជនជាតិចិន មានចំនួនជាង១១០០នាក់។ បទល្មើសដែលបង្កឡើង ភាគច្រើនគឺជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ល្បែងអនឡាញខុសច្បាប់ និងបទល្មើសសេដ្ឋកិច្ច។
ក្នុងឆ្នាំ២០១៩ កម្ពុជាបានបណ្ដេញជនជាតិបរទេសជាង១៥០០នាក់ ក្នុងនោះជានជាតិចិនច្រើនជាងគេ មានចំនួនជាង១០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com