ករុណា ធម៌ព្រះថា ប្រពៃពិត
ករុណា ចេះជួយមិត្ត ពេលមានទុក្ខ
ករុណា មិនមែនជួយ ចង់យកមុខ
ករុណា ឃើញគេទុក្ខ ជួយដោយស្ម័គ្រ។
ជួយគ្រប់គ្នា គ្រាកង្វល់ ផ្តល់ឧបាយ
ជួយគ្រប់គ្នា ទាំងចិត្តកាយ ថែមលុយកាក់
ជួយគ្រប់គ្នា គ្រាអាសន្ន ចៃដន់ដាក់
ជួយគ្រប់គ្នា ស្រុះសស្រាក់ ប្រាក់គិតក្រោយ។
មិនប្រវ័ញ្ច កាញ់ប្រឌិត គិតប្រយោជន៍
មិនប្រវ័ញ្ច ពេលគេហោច ខើចចុះខ្សោយ
មិនប្រវ័ញ្ច ឃើញចំណេញ ទុកបណ្តោយ
មិនប្រវ័ញ្ច ឃើញគេធ្លោយ ថ្លែងរំលឹក។
ករុណា ធម៌ត្រូវការ ទាំងលោកីយ៍
ករុណា ធម៌ប្រុសស្រី កុំភ្លេចភ្លឹក
ករុណា គួរបណ្តុះ ទោះល្ងាចព្រឹក
ករុណា ធម៌បាននឹក ហើយចិត្តស្ងប់៕