អន្តរជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក៖ កូរ៉ូណាវីរុសនៅចិននឹងនាំការងារជាច្រើនមកអាមេរិក រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross។ រូបភាព៖ Bloomberg
× គ្រោះថ្នាក់អាចនាំសំណាង។ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross នៅថ្ងៃទី៣០ ខែមករា បានលើកឡើងថា បញ្ហាផ្ទុះកូរ៉ូណាវីរុសនៅចិន អាចនាំការងារជាច្រើនត្រលប់មកអាមេរិក។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីបែបនេះ បន្ទាប់ពីមើលឃើញថា កូរ៉ូណាវីរុស កំពុងផ្ទុះខ្លាំងនៅចិន និងកំពុងបង្អាក់សង្វាក់ផលិតកម្មរោងចក្រនៅចិនជាច្រើន។
កូរ៉ូណាវីរុស បានផ្ទុះធំឡើងៗនៅក្នុងប្រទេសចិន និងរីករាលដាលដល់បណ្តាប្រទេសជាច្រើន។ ជាពិសេស អាមេរិក បានរកឃើញវីរុសប្រភេទថ្មីនេះ រហូតដល់៦ ករណី ដែលជាករណីចុងក្រោយ គឺជាការឆ្លងពីមនុស្សទៅមនុស្សដំបូងបង្អស់នៅអាមេរិក។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Wilbur Ross បានបញ្ជាក់ថា ការផ្ទុះកូរ៉ូណាវីរុស បានធ្វើឲ្យម្ចាស់ជំនួញជាច្រើន កំពុងត្រួតពិនិត្យមើលសង្វាក់ផលិតកម្មរបស់ខ្លួន។ បើតាមការពន្យល់របស់លោករដ្ឋមន្ត្រីរូបនេះ ចិន បានជួបបញ្ហាជាច្រើនដូចជាជំងឺរលាកសួតធ្ងន់ធ្ងរ SARS ជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយកូរ៉ូណាវីរុសនេះថែមទៀត ដែលបញ្ហាជាបន្តបន្ទាប់បែបនេះ បានធ្វើឲ្យអ្នកជំនួញគិតពិចារណាពីគម្រោងរកស៊ីនៅចិន។
ថ្លែងប្រាប់ទូរទស្សន៍ Fox Business លោករដ្ឋមន្ត្រីពាណិជ្ជកម្ម Wilbur គិតថា ដោយសារតែបញ្ហាដ៏ច្រើនបែបនេះ វានឹងជំរុញឲ្យរោងចក្រជាច្រើន ប្តូរទីតាំងមកអាមេរិកជាច្រើន ហើយខ្លះទៀតអាចទៅម៉ិកស៊ិក។ បានសេចក្តីថា ការងារជាច្រើននៅចិន នឹងត្រលប់មកអាមេរិកវិញ។
ក្រោយការលើកឡើងរបស់រដ្ឋមន្ត្រី មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកម្នាក់ ក៏ចេញមុខនិយយរឿងផ្លាស់ប្ដូរទីតាំងរកស៊ីនេះ។ អដោយមិនបានបង្ហាញពីឈ្មោះប្រទេសចំៗ ប៉ុន្តែទំនងជាសំដៅទៅចិន អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ជាក់ថា វាគឺជារឿងសំខាន់ណាស់ ក្នុងពិចារណាពីផលវិបាកនៃមុខជំនួញ នៅក្នុងប្រទេសមួយ ដែលមានប្រវត្តិសាស្ត្រដែលពោពេញដោយគ្រោះថ្នាក់សម្រាប់ប្រជាជនរបស់ខ្លួន និងពិភពលោកទាំងមូល។
សូមបញ្ជាក់ថា តាមរយៈការសរសេរនៅលើបណ្តា្ញញសង្គម Twitter នាថ្ងៃទី២៩ ខែមករា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសផ្តល់ជំនួយដល់ចិន តាមតម្រូវការចាំបាច់បំផុត និងជួយប្រជាជនចិនប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស ដែលបានផ្ទុកឡើងនៅក្នុងប្រទេសចិន តាមរយៈអ្នកជំនាញរបស់អាមេរិកដែលមានសមត្ថភាពអស្ចារ្យបំផុត៕
Tag:
អាមេរិក
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com