ភ្នំពេញ៖ អន្តរជាតិគួរជួយកម្ពុជាឱ្យខ្លាំង ជាជាងការបំបែកបំបាក់ និងបន្ទច់បង្អាក់ ដែលនាំកម្ពុជាឱ្យចុះខ្សោយឡើយ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ នៅព្រឹកថ្ងៃទី ៣១ មករា។
នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ប្រទេសមហាអំណាច តែងតែប្រើលេសលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តាមស្តង់ដារទ្វេ និងមិនសមស្រប ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ តាមរយៈការប្រើឧបករណ៍នយោបាយ និងសេដ្ឋកិច្ច នឹងបន្តដាក់សម្ពាធធ្ងន់ធ្ងរលើប្រទេសទន់ខ្សោយ រាប់ទាំងកម្ពុជាផងដែរ។
សម្រាប់សម្ដេច ហ៊ុន សែន នយោបាយដាក់ទណ្ឌកម្ម មិនមែនជានយោបាយត្រឹមត្រូវទេ ព្រោះវាជានយោបាយសម្រាប់ប្រទេសធំ គាបសង្កត់លើប្រទេសតូចជាងខ្លួន ។ ជាពិសេសគេអនុវត្តនយោបាយបែបនេះ នៅក្នុងគោលការណ៍មិនសមស្របតាមកាលៈទេសៈ និងហុតផលប្រយោជន៍ណាមួយដល់ពួកគេប៉ុណ្ណោះ ។
និយាយពីសកម្មភាពមហាអំណាចហើយ ប្រមុខរដ្ឋាភិបាល ក៏លើកឡើងពីកម្ពុជាវិញម្ដង។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បាននិយាយថា សហគមន៍អន្តរជាតិ គប្បីជួយកម្ពុជាឱ្យខ្លាំង និងឯកភាពរឹងមាំ ជាជាងការបំបែកបំបាក់ និងបន្ទច់បង្អាក់ឱ្យចុះខ្សោយ តាមរយៈវិធានការនានា ដែលអាចក្លាយជាកំហុសលើកទី៣របស់ខ្លួន។
«គេគួរណាស់គោរពជម្រើសនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់យើង ពីព្រោះតាំងពីរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍មកដល់ពេលនេះ ជម្រើសនោះតែងតែឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រទេស និងប្រជាជន»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអះអាងថា ការសម្រេចចិត្តលើជម្រើសខ្លួនកន្លងមកនេះ វាជួយដល់ដំណើរការអភិវឌ្ឍប្រទេស និងជួយឱ្យកម្ពុជារក្សាបាននូវឯករាជ្យ អធិបតេយ្យភាព ហើយចៀសផុតពីការបម្រើផលប្រយោជន៍បរទេស។
ផ្ទុយពីការលើកឡើងរបស់សម្ដេច ហ៊ុន សែន ខាងលើនេះ លោក សន ជ័យ យល់ឃើញថា ការជួយជ្រោមជ្រែងរបស់អន្តរជាតិនេះ មិនមែនជាការជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ ព្រោះកម្ពុជា ក៏ធ្លាប់បានពឹងប្រទេសមហាអំណាច និងសហគមន៍អន្តរជាតិ ជួយដោះស្រាយបញ្ហាសង្គ្រាមស៊ីវិល និងបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ ។ ជាពិសេសការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យតែម្ដង។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) រូបនេះ បាននិយាយដូច្នេះថា៖«កន្លងមកអន្តរជាតិ ក៏បានជួយកម្ពុជា ឱ្យមានមុខមាត់នៅឆាកអន្តរជាតិច្រើនដែរ។ ហើយសម្រាប់ខ្ញុំ មើលឃើញថា ការដាក់លក្ខខណ្ឌ ឬសំណើរអ្វីមួយមកកម្ពុជានោះ ដោយពួកគេ ក្នុងនោះមានអាមេរិក និងសហភាពអឺរ៉ុបជាដើមហ្នឹង ពួកគេខ្វាយខ្វល់ និងចង់ជួយដល់កម្ពុជា ដើម្បីឱ្យកម្ពុជាដើរតាមពួកលោកសេរីដែលគេចង់ ហើយវាក៏ផ្ដល់ផលចំណេញដល់កម្ពុជា ទាំងការអភិវឌ្ឍ និងសេដ្ឋកិច្ចផងដែរ»។
តែយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា តែងតែប្រើនយោបាយ បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យ ប៉ុន្តែសម្ពាធពីខាងក្រៅនេះ តែងបង្ខំឱ្យកម្ពុជាជ្រើសរើសប្រទេសនេះជាមិត្ត និងប្រទេសផ្សេងជាសត្រូវ ក្នុងទំនាក់ទំនងអន្តរជាតិខ្លួន។
ថ្លែងក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ លោកនាយករដ្ឋមន្ត្រី បាននិយាយដូច្នេះថា៖ «ជាការពិតការធ្វើមិត្តជាមួយគ្រប់គ្នាងាយនិយាយជាងធ្វើច្រើនណាស់។ ជាពិសេសចំពោះប្រទេសតូចដូចកម្ពុជា ដែលសម្ពាធពីខាងក្រៅតែងបង្ខំឱ្យយើងជ្រើសរើសមិត្ត ឬឱ្យយើងធ្វើជាមិត្តជាមួយប្រទេសនេះ និងយកប្រទេសផ្សេងធ្វើជាសត្រូវ។ ក៏ប៉ុន្ដែទោះធ្វើជាមិត្តជាមួយអ្នកណាក៏ដោយ ក៏មិនមែនមានន័យថា កម្ពុជាបោះបង់ឯករាជ្យអធិបតេយ្យរបស់ខ្លួននោះដែរ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនដែលធ្វើសេចក្តីសម្រេចណាមួយដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ ខ្ញុំមិនធ្វើអ្វីដែលធ្វើឱ្យខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនោះឡើយ»។
ដ្បិតរដ្ឋាភិបាលកម្ពុជា អះអាងពីជំហរខ្លួនបែបនេះក្តី ប៉ុន្តែលោក សន ជ័យ ក៏ស្នើឱ្យមេដឹកនាំកម្ពុជា ពិចារណាឱ្យច្បាស់ពីទិសដៅការបរទេសខ្លួន ដើម្បីបម្រើផលប្រយោជន៍កម្ពុជា និងងាកផុតពីអន្ទាក់នយោបាយបរទេស។ «ធម្មតាកម្ពុជា វាស្ថិតនៅក្នុងភូមិសាស្ត្រនយោបាយរបស់មហាអំណាចលោកខាងលិច ដែលមានអាមេរិក និងពួកកុំម្មុយនីស្ត ដែលមានចិន ចង់បានកម្ពុជា។ ប៉ុន្តែកម្ពុជា គួរពិចារណាលើសំឡេងគាំទ្រ និងអនុសាសន៍ភាគច្រើន ដែលចង់ឱ្យកម្ពុជាដើរលើជំហរបែបណា ហើយវាផ្ដល់ផលប្រយោជន៍ដល់ប្រជាជាតិ និងមានភាពស៊ីសង្វាក់ស្របរដ្ឋធម្មនុញ្ញកម្ពុជា ដែលមានចែងអំពីការគោរពសិទ្ធពលរដ្ឋ និងផលប្រយោជន៍ដល់ពលរដ្ឋជាធំ»។ នេះជាការបញ្ជាក់របស់នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា។
មួយរយៈចុងក្រោយនេះកម្ពុជា មានភាពរកាំរកូសជាមួយសហគមន៍អន្តរជាតិបន្តិច ជាពិសេសអាមេរិក ដែលតែងតែចេញមុខថ្កោលទោស និងរិះគន់កម្ពុជា លើបញ្ហានយោបាយ សិទ្ធិមនុស្ស រួមទាំងទំនាក់ទំនងកម្ពុជា-ចិន ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជា ក៏កំពុងប្រឈមមុខនឹងការដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបផងដែរ ។ ដោយសារបញ្ហាទាំងអស់នេះ គេសង្កេតឃើញថា កម្ពុជាកំពុងងាកខិតទៅរកចិនកាន់តែខ្លាំង ៕