អន្តរជាតិ
ចិន បញ្ជូន​យន្តហោះ​២​គ្រឿង​ទៅ​ដឹក​ពលរដ្ឋ​ខ្លួន​ពី​ម៉ាឡេស៊ី​និង​ថៃ​ទៅ​ក្រុង​វូ​ហាន​វិញ​
31, Jan 2020 , 4:46 pm        
រូបភាព
អ្នកដំណើរតម្រង់ជួរនៅព្រលានយន្តហោះមួយក្នុងទីក្រុង សៀងហៃ ប្រទេសចិន នៅថ្ងៃ ២៧ មករា ឆ្នាំ២០២០ (Reuters)
អ្នកដំណើរតម្រង់ជួរនៅព្រលានយន្តហោះមួយក្នុងទីក្រុង សៀងហៃ ប្រទេសចិន នៅថ្ងៃ ២៧ មករា ឆ្នាំ២០២០ (Reuters)
ដោយ:
​រដ្ឋាភិបាល​ចិន បានសម្រេច​បញ្ជូន​យន្តហោះ​ចំនួន ២ គ្រឿង​ទៅកាន់​ប្រទេស​ថៃ និង​ម៉ាឡេស៊ី នៅ​ថ្ងៃ​សុក្រ ៣១ ខែមករា ដើម្បី​ដឹកយក​ពលរដ្ឋ​មកពី​ខេត្ត​ហ៊ូ​ប៉ី ដែល​ជាប់គាំង​នៅក្រៅ​ប្រទេស ត្រលប់​មកកាន់​ទីក្រុង​វូ​ហាន​វិញ​។

 
​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Xiamen នឹង​ទៅ​ដឹក​ជនជាតិ​ចិន​ពី​ទីក្រុង Kota Kinabalu ក្នុងប្រទេស​ម៉ាឡេស៊ី និង​ទីក្រុង បាងកក របស់​ប្រទេស​ថៃ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​នៃ​ប្រទេស​ចិន (CAAC) ។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍ អាជ្ញាធរ​អាកាសចរណ៍​ចិន​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​ទីក្រុង បាងកក មាន​ជនជាតិ​ចិន​មកពី​ខេត្ត ហូ​បៃ​ចំនួន ១១៧​នាក់ កំពុង​ជាប់គាំង​នៅ​ទីនោះ ហើយ​១០០​នាក់​ទៀត​ក្នុង​ទីក្រុង Kota Kinabalu ដែល​បង្ហាញ​ឆន្ទៈ​ជិះ​យន្តហោះ​នេះ​ត្រលប់មក​ក្រុង​វូ​ហាន វិញ ឆាប់ៗ​តាម​អាច​ធ្វើបាន​។ 
 
​ជើងហោះហើរ​នេះ រំពឹង​នឹង​ហោះ​ទៅដល់​ទីក្រុង វូ​ហាន នៅវេលា​ម៉ោង​ចន្លោះ​ពី ៧ និង ៨ យប់ ម៉ោង​ក្នុងស្រុក​ចិន នៅ​ថ្ងៃ​សុក្រ ដដែល​នេះ​។ អាជ្ញាធរ​អាកាស​សចរ​ណ៍​ចិន​នេះ  បញ្ជាក់​បែបនេះ ដោយ​បន្ថែមទៀតថា ជើងហោះហើរ​នេះ អនុវត្ត​គោលការណ៍​នៃ​ការទិញ​សំបុត្រ​ដោយ​ស្ម័គ្រចិត្ត​។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​នៃ​ប្រទេស​ចិន (CAAC) ធ្វើឡើង​ក្រោយពី​ក្រសួងការបរទេស​ចិន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​អះ​អះ​ថា រដ្ឋាភិបាល​ចិន នឹង​ដឹកយក​ពលរដ្ឋ​វូ​ហាន​ពី​បរទេស​មក​ផ្ទះ​ពួកគេ​ឆាប់ៗ​តាម​អាច​ធ្វើបាន​។ នោះ​គឺ​ដោយហេតុថា ពួកគេ ប្រឈម​ការលំបាក​នៅក្រៅ​បរទេស ព្រោះតែ​ប្រទេស​ទាំងនោះ​មួយចំនួនធំ បាន​បិទ ឬ​កាត់បន្ថយ​ជើងហោះហើរ​ខ្លួន​មក​ប្រទេស​ចិន ជាពិសេស​ទីក្រុង​វូ​ហាន​តែម្តង ដែលជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី ។ 
 
​ចិន បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្លួន​ផ្អាក​ការធ្វើដំណើរ​នៅ​បរទេស ខណៈ​ប្រទេស​មួយចំនួន ដូចជា អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន​បញ្ចៀស​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​។ សហរដ្ឋអាមេរិក នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្រាប់​ពលរដ្ឋ​ខ្លួន កុំ​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ផងដែរ ដោយ​ដំឡើង​ការប្រុងប្រយ័ត្ន​ដល់​កម្រិត​អាសន្ន​ខ្ពស់បំផុត ខណៈ​ជប៉ុន​ក៏​ធ្វើ​ដូចគ្នា​ផងដែរ​។ 
 
​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​នេះ ការ​រាលដាល​នៃ​កូ​រ៉ូ​ណាវី​រុស​នេះ បានធ្វើ​ឲ្យ​មនុស្ស​ជាង​២០០​នាក់​ស្លាប់ និង​ជិត​១​ម៉ឺន​នាក់​ផ្សេងទៀត​ឆ្លង​ជំងឺ​នេះ ខណៈ​អង្គការ​សុខភាព​ពិភពលោក​បានសម្រេច​ប្រកាសអាសន្ន​សកល​៕

Tag:
 ចិន​
  ម៉ាឡេស៊ី​
  ថៃ​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com