ជាតិ
សង្គមជាតិ
កម្ពុជា ធ្វើការ​កាន់តែ​ជិតដិត​ជាមួយ​ប្រទេស​នានា ទប់ស្កាត់​កូ​រ៉ូ​ណា ក្រោយ WHO ប្រកាសអាសន្ន​ជា​សាកល​
31, Jan 2020 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លើកឡើងថា អង្គការ​សុខភាព​ពិភពលោក (WHO) មានច្បាប់​មួយ តម្រូវ​ឲ្យ​គ្រប់​ប្រទេស ចូលរួម​អនុវត្ត ដើម្បី​ប្រឆាំងនឹង​មេរោគ​កូ​រូ​ណា​ប្រភេទ​ថ្មី ដែល​កំពុង​រាលដាល​ខ្លាំង​នៅ​ប្រទេស​ចិន និង​បាន​ឆ្លង​ទៅដល់​បណ្តា​ប្រទេស​នានា ដោយ​រួមទាំង​កម្ពុជា​ផង​ដែរ​។


 
​ច្បាប់​នេះ ដាក់​ឲ្យ​គ្រប់​បណ្តា​ប្រទេស​អនុវត្ត ក្នុងពេលដែល​អង្គការ​សុខភាព​ពិភពលោក ប្រកាស​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ អំពី​អាសន្ន​សម្រាប់​សាកលលោក​ទាំងមូល ដោយសារ​ការគំរាមកំហែង​របស់​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ 
 
​លោក លី សូ​វ៉ាន់ អះអាងថា ច្បាប់​នេះ តម្រូវ​ឲ្យ​ប្រទេស​ទាំងអស់ ជាពិសេស​ប្រទេស​អ្នកមាន​ឬ​ប្រទេស​ដែលមាន​លទ្ធភាព​ផលិត​ឱសថ​និង​វ៉ាក់សាំង​ការពារ ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ឲ្យ​បាន​ឆាប់រហ័ស​ពី​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ លោក និយាយថា ច្បាប់​នេះ ក៏​ជំរុញ​ឲ្យ​ប្រទេស​អ្នកមាន ជួយ​ប្រទេស​អ្នកក្រ​ដែរ ក្នុងការ​ដោះស្រាយ​បញ្ហា​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ លោ​វេជ្ជបណ្ឌិត បញ្ជាក់ថា​៖«​ចំណេះដឹង បើ​រកឃើញ​ថ្មីៗ ត្រូវ​ផ្លាស់ប្តូរ​ភ្លាម​ទៅ​ប្រទេស​ដទៃ ដើម្បី​ជា​វិធានការ​រួមគ្នា​។​...​ដល់ពេល​រកឃើញ​ឱសថ​ឬមួយ​ក៏​វ៉ាក់សាំង គឺ​ត្រូវ​ជួយ Share (​ចែករំលែក​) ជាមួយគ្នា​ឲ្យ​លឿន ដើម្បី​យើង​ជួយ​ផលិត​គ្នា ...​ច្បាប់​ហ្នឹង​តែ​ចេញ​ហើយ ស្អែក​ក៏ដោយ គឺ​ត្រូវ​ជួយ​គ្នា ធ្វើ​ជាមួយគ្នា​»​។ 
 
​អ្នកនាំពាក្យ​រូបនេះ បន្តថា​៖«​ចំពោះ​ការទប់ស្កាត់​បង្ការ យើង​ធ្វើ​បានល្អ​ហើយ​...​។ យើង មានតែ​ធ្វើការ​កាន់តែ​ជិតដិត​ជាមួយ​ប្រទេស​ដទៃ និង​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ជា​ដៃគូ សំខាន់​គឺ​អាហ្នឹង​។ តាមពិត​ទាំងអស់​ហ្នឹង សុទ្ធតែ​យើង​ធ្វើ​រួច​អស់ហើយ ទោះបីជា​គាត់ មិន​ប្រាប់ មិន​ប្រកាសអាស្ន​...​។ ប្រទេស​ខ្លះ​អត់​ទេ សឹងតែ​រារែក​មិនបាន​ផ្តល់ព័ត៌មាន​ទាន់ពេលវេលា​...»​។ 
 
​ក្រោយ​អង្គការ​សុខភាព​ពិភពលោក ប្រកាសអាសន្ន​សម្រាប់​សាកល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែង​ពី​ការត្រៀមខ្លួន​របស់​កម្ពុ​ជា ក្នុងការ​ទប់ស្កាត់​មេរោគ​ដ៏​ឲ្យ​ខ្លា​ចនេះ​។ លោក ប្រាប់ Fresh News ថា​៖«​យើង​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ ដើម្បី​ឆ្លើយតប​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ​»​។​
 
​កម្ពុជា រកឃើញ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​លើកដំបូង​លើ​បុរស​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ ចា ជិន ហួ អាយុ​៦០​ឆ្នាំ​។ បច្ចុប្បន្ន គាត់ កំពុងស្នាក់នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ 
 
​លោក លី សុ​វ៉ាន់ អះអាង​ជាថ្មី​ថា បុរស​ជនជាតិ​ចិន​នោះ បាន​ធូរស្បើយ​ហើយ​។ តែ​ លោក និយាយថា ទោះជា​បាន​ធូរ​សះស្បើយ​ក៏ដោយ ក៏បុរស​ជនជាតិ​ចិន​នោះ នៅតែ​ជា​អ្នកជំងឺ​ដដែល ដូច្នេះ មិនទាន់​អាច​អនុញ្ញាត​ឲ្យ​ចាកចេញ​ទៅណា​ឡើយ​។ 
 
​លោក ផ្តល់ព័ត៌មាន​ថា សមត្ថកិច្ច​កម្ពុជា នៅតែ​បន្ត​រុករក​អ្នក ដែល​សង្ស័យថា ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ ប៉ុន្តែ គិត​មកដល់​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ កម្ពុជា មិនទាន់​រកឃើញ​ករ​ណី​ថ្មី​នោះទេ​។ 
 
​តំបន់​ដែល​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​រាលដាល់​ទៅដល់ មាន ហុងកុង ម៉ា​កាវ និង តៃវ៉ាន់ រួមទាំង​បណ្តា​ប្រទេស​នានា ដូចជា ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា បារាំង និង ណេ​ប៉ាល់ ជាដើម​។ មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ បង្ក​ទៅជា​ជំងឺ​រលាក​សួត ហើយ​មកដល់ពេលនេះ គេ មិនទាន់​រកឃើញ​វ៉ាក់សាំង​ការពារ​នោះទេ​។​
 
​គិត​មកដល់​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ អ្នកស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​កើន​ឡើងដល់​ជាង​២០០​នាក់​ហើយ ខណៈ​អ្នក​ផ្ទុកមេរោគ​នេះ បាន​កើន​ឡើងដល់​ជិត​១​ម៉ឺ​នាក់ នៅក្នុង​ប្រទេស​ចិន​។ ក្រៅពី​ប្រទេស​ចិន មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​នេះឡើយ​៕ 

Tag:
 កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com