ភ្នំពេញ៖ យុវតី អាង វណ្ណច័ន្ទនីដា គឺជាសិស្សឆ្នើមមួយរូប ដែលទទួលបានមេដាយចំនួន១៥ ក្នុងពីកម្មវិធី World Scholar’s Cup 2019។ មិនត្រឹមតែជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ប៉ុណ្ណោះទេ វណ្ណច័ន្ទនីដា ដែលកំពុងរៀនថ្នាក់ទី៨ នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ក៏ជាអ្នកដឹកនាំមួយរូបនៅក្នុងថ្នាក់ និងជាសិស្សគំរូនៅក្នុងសាលាដែរ។ ក្នុងនាមជាអ្នកដឹកនាំវ័យក្មេង វណ្ណច័ន្ទនីដា ថានឹងខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អម្នាក់ ក្នុងអនាគត។
អាង វណ្ណច័ន្ទនីដា ជាយុវតីវ័យក្មេងដ៏ឆ្នើមមួយរូប ដែលទទួលបានមេដាយជ័យលាភីចំនួន ១៥ ក្នុងនោះមេដាយមាសចំនួន៧ និងមេដាយប្រាក់ចំនួន៨ ព្រមទាំងពានចំណាត់ថ្នាក់លេខ៣ ជាមួយសមាជិកក្រុម២នាក់ទៀត នៅក្នុងពីកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោក World Scholar’s Cup 2019។ កម្មវិធី World Scholar’s Cup 2019 វគ្គផ្តាច់ព្រ័ត្រពានជើងឯក (Tournament of Champions) ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យ Yale ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងមានសិស្សជាង ១,៥០០នាក់ ពីបណ្តា៨២ប្រទេសចូលរួម។
ព្រោះចង់បានបទពិសោធន៍ និងចំណេះដឹងពីការប្រកួតជាលក្ខណៈអន្តរជាតិ និងចង់សាកសមត្ថភាពខ្លួនផង វណ្ណច័ន្ទនីដា ដែលមានវ័យ១៣ឆ្នាំ សម្រេចចិត្តចុះឈ្មោះចូលរួម ក្នុងកម្មវិធី World Scholar’s Cup 2019នេះ ទាំងអារម្មណ៍ភ័យខ្លាចបន្តិចផង។ សិស្សថ្នាក់ទី៨ នៅសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិរូបនេះ រៀបរាប់ថា៖«ដំបូងខ្ញុំមានអារម្មណ៍ថាភ័យខ្លាច អត់សូវជឿទុកចិត្តលើខ្លួនឯងទេ។ ប៉ុន្តែនៅពេលដែលខ្ញុំបានមានឈ្មោះប្រកួតវគ្គបន្តហើយ ខ្ញុំបានប្រាប់ខ្លួនឯងថា ត្រូវមានភាពជឿជាក់ ហើយត្រូវមានឆន្ទៈក្នុងការប្រកួតបន្តទៀត»។
វណ្ណច័ន្ទនីដា តាំងចិត្តខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អម្នាក់
មិនត្រឹមតែជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ប៉ុណ្ណោះទេ វណ្ណច័ន្ទនីដា ក៏ជាអ្នកដឹកនាំមួយរូបនៅក្នុងថ្នាក់ និងជាសិស្សគំរូម្នាក់នៅក្នុងសាលាដែរ។ បច្ចុប្បន្ន ច័ន្ទនីដា ជាអនុប្រធានថ្នាក់ ហើយក៏ជាប្រធានផ្នែកបដិសណ្ឋារកិច្ច សប្បុរសធម៌ និងថតរូប ក្នុងក្រុមប្រឹក្សាកុមារក្នុងសាលារៀនជំនាន់ថ្មី។ តួនាទីជាអ្នកដឹកនាំនេះ គឺជាការងារដែល នីដា ស្រឡាញ់ និងបានធ្វើវាតាំងពីនាងរៀននៅថ្នាក់ទី២ ម្ល៉េះ។ អាង វណ្ណច័ន្ទនីដា បញ្ជាក់ដូច្នេះ៖«ខ្ញុំចង់ក្លាយជាអ្នកដឹកនាំ មិនថាអ្នកដឹកនាំផ្នែកណាក៏ដោយ ខ្ញុំស្រឡាញ់ការដឹកនាំតាំងពីតូច។ នៅពេលដែលខ្ញុំចូលរៀនថ្នាក់ទី២ អ្វីៗហាក់ប្លែកច្រើន។ ខ្ញុំបានឃើញបញ្ហាច្រើន ហើយចិត្តរបស់ខ្ញុំចង់ដោះស្រាយមែនទែន ទើបខ្ញុំសម្រេចចិត្តឈរឈ្មោះ ធ្វើជាប្រធានថ្នាក់ បន្តបន្តាប់រហូតមកដល់សព្វថ្ងៃ»។
បានស្គាល់ខ្លួនឯងបានលឿន និងមានឱកាសច្រើនក្នុងការហ្វឹកហាត់ភាពជាអ្នកនាំ។ ក្នុងនាមជាអ្នកដឹកនាំវ័យក្មេងម្នាក់ អាង វណ្ណច័ន្ទនីដា គូសបញ្ជាក់បន្តប្រាប់សារព័ត៌មានថ្មីៗថា
អ្នកដឹកនាំដ៏មានសក្តានុពលម្នាក់ ត្រូវតែមានចំណេះដឹង សមត្ថភាព និងសីលធម៌ សុជីវធម៌ជាចាំបាច់។ បន្ថែមពីនេះ អ្នកដឹកនាំក៏ត្រូវដើរតួជាអ្នកគំរូល្អដល់អ្នកនៅក្រោមបង្គាប់ ត្រូវមានផែនការឲ្យបានច្បាស់លាស់ និងមានសមត្ថភាពកំណត់បញ្ហា និងរកដំណោះស្រាយ, មានភាពជឿជាក់ និងមានឆន្ទៈខ្ពស់ ព្រមទាំងចេះសម្រេចចិត្តលើកកិច្ចការដែលខ្លួនទទួលខុសត្រូវផងដែរ។
ដឹកនាំផង ធ្វើជាគំរូផង នីដា មិនបានត្អូញត្អែរនឹងសកម្មភាពទាំងនេះឡើយ។ ផ្ទុយទៅវិញ ក្មេងស្រីហានក្លារូបនេះ សប្បាយចិត្ត និងមានមោទកភាពលើខ្លួនឯងជាខ្លាំង នៅពេលដែលនាង បានដឹកនាំគេឲ្យសម្រេចកិច្ចការអ្វីមួយ។ យុវតីរូបនេះ ក៏ជំរុញឲ្យសិស្សដទៃទៀត ខិតខំប្រឹងប្រែងរៀនសូត្រឲ្យល្អផងដែរ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អមួយសម្រាប់សង្គមជាតិ។ យុវតី អាង វណ្ណច័ន្ទនីដា រៀបរាប់ដូច្នេះ៖ «ខ្ញុំសូមលើកទឹកចិត្តដល់យុវសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រ ព្រោះវាបានជួយយើងទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត។ យើងត្រូវមានភាពក្លាហាន ជឿជាក់លើខ្លួនឯង! ធ្វើជាគំរូល្អ ជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់គ្រួសារ សង្គមជាតិ ហើយបើអាចក៏អាចអភិវឌ្ឍន៍ពិភពលោកទៀត»។
ក្មេងស្រីអាយុ១៣ឆ្នាំ វណ្ណចន្ទនីដា ជ្រើសរើសការលំបាកមុន ស្រណុកក្រោយ
មានវ័យត្រឹមតែ១៣ឆ្នាំ ប៉ុន្តែ យុវតី អាង វណ្ណច័ន្ទនីដា មិនដូចក្មេងដទៃឡើយ។ មានចរិត ឫកពារ និងសម្តីសំដៅចាស់ទុំ មានសីលធម៌ មានភាពជាអ្នកដឹកនាំពេញខ្លួន និងជាពិសេសនាងចេះគិត និងត្រឹះរិះ ដូចមនុស្សដែលបានឆ្លងកាត់បទពិសោធន៍ជីវិតក្រាស់ក្រែលមួយរូបអីចឹង។ អ្វីដែលបានផ្លាស់ប្តូរក្មេងស្រីរូបនេះ ឲ្យក្លាយជាមនុស្សចាស់ទុំដូច្នេះ ក៏ព្រោះតែការ
ការដាក់សម្ពាធ និងការអប់រំ ណែនាំ ជារឿយៗរបស់ឪពុកម្តាយរបស់នាង។ ក្រៅពីនេះ នីដា ក៏ឆ្លៀវឆ្លាត ក្នុងការសង្កេត និងរៀនសូត្រពីពិសោធន៍របស់អ្នកជុំវិញខ្លួនផងដែរ។
វណ្ណច័ន្ទនីដា ពន្យល់យ៉ាងក្លៀវក្លាដូច្នេះ៖«ដោយសារការដាក់សម្ពាធរបស់ប៉ាម៉ាក់ខ្ញុំ មកលើខ្ញុំហ្នឹងហើយ ទើបធ្វើឲ្យខ្ញុំប្រែគំនិតពីក្មេងខ្ចី មកគំនិតចាស់ទុំ ឲ្យយើងគិតពិចារណាឲ្យបានច្បាស់លាស់។ ហើយពេលវេលាជាមាសប្រាក់ យើងអត់អាចត្រឡប់ពេលវេលាថយក្រោយ ដើម្បីកែកំហុសរបស់យើងទេ។ អីចឹងចំពោះខ្ញុំក្នុងវ័យសិក្សា គឺខ្ញុំអត់ដែលដើរលេងជាមួយមិត្តភក្តិខាងក្រៅទេ ដោយសារខ្ញុំជាសិស្ស ត្រឹមតែជាកូនក្មេងម្នាក់ទេ បើយើងយកពេលវេលាយើងមកអភិវឌ្ឍខ្លួនឯង ដូចជាខិតខំប្រឹងប្រែងរៀនឲ្យមានចំណេះដឹងកាន់តែច្រើន ចាប់យកជំនាញ ទាំងភាសា...នៅពេលដែលយើងចេះ នៅពេលមានបញ្ហា ក៏ងាយស្រួលដោះស្រាយដែរ។ បើយើងដើរលេង សួរថាវាបានអីមកវិញអត់? បើយើងខំប្រឹងរៀន លំបាកតាំងពីតូចឲ្យហើយស្រណុកក្រោយ នេះជាអ្វីដែលលើកទឹកចិត្តខ្ញុំខ្លាំងមែនទែន»៕