អន្តរជាតិ
សិង្ហ​បុរី​មាន​ជនជាតិ​ខ្លួន​ដំបូង​ដែល​កើត​កូ​រ៉ូ​ណាវី​រុស ខណៈ​ចំនួន​សរុប​ក្នុងប្រទេស​ឡើងដល់​១៦
31, Jan 2020 , 10:14 pm        
រូបភាព
ដោយ: រួបរួម
សិង្ហ​បុរី​មាន​អ្នកជំងឺ​កូ​រ៉ូ​ណា​វីរុស​ឡើងដល់​១៦ ក្នុងនោះ​ករណី​១​ក្នុងចំណោម​ករណី​ថ្មី​ចំនួន​៣ កើត​លើ​ស្ត្រី​សិង្ហ​បុរី​វ័យ​៤៧​ឆ្នាំ​ម្នាក់​។ នេះ​ករណី​ដំបូង​ផងដែរ​ដែល​ជនជាតិ​សិង្ហ​បុរី​ត្រូវបាន​រកឃើញ​វិជ្ជមាន​នៃ​មេរោគ​រលាក​សួត​ថ្មី​នេះ ខណៈ​ករណី​១៥​ផ្សេងទៀត​កើត​លើ​ជន​ជាតិចិន​។​



​បើតាម CNA ស្ត្រី​សិង្ហ​បុរី​រូប បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង​វូ​ហាន​ជាមួយ​គ្រួសារ ហើយ​ស្ថិត​ក្នុងចំណោម​ពលរដ្ឋ​សិង្ហ​បុរី ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ក្រុង​វូ​ហាន​កាលពី​ថ្ងៃទី​៣០ ខែធ្នូ​។ រីឯ​ករណី​ថ្មី​២​ផ្សេងទៀត មាន​អ្នក​ប្រុស​ជនជាតិ​ចិន​វ័យ​៣១​ឆ្នាំ និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិ​ចិន​វ័យ​៣៨​ឆ្នាំ​។​

​នៅ​ជប៉ុន​ឯណោះ ក្រសួងសុខាភិបាល​ជប៉ុន​ក៏បាន​ប្រកាស​ពី​ការរកឃើញ​អ្នកជំងឺ​៣​នាក់​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​នៅ​ប្រទេស​នេះ កើន​ដល់​១៧​ករណី​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​៣១ ខែមករា អ្នកមាន​ជំងឺ​កូ​រ៉ូ​ណា​វីរុស​ដែល​ត្រូវបាន​រកឃើញ​មាន​ជិត​១​ម៉ឺន​នាក់ ហើយ​អ្នក​ស្លាប់មាន​២១៣ ដែល​ស្ថិត​ក្នុងប្រទេស​ចិន​។ ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណា​វីរុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន និង​ស្រីលង្កា​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com