វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើ​ប្រព័ន្ធ​GPS​ដឹង​ទីតាំង​របស់​អ្នក​ដោយ​ដូចម្តេច​?
01, Feb 2020 , 10:49 am        
រូបភាព
គិត​មក​ត្រឹម​ជិត​មួយរយ​ឆ្នាំមុន ពោល​មុន​ការបាញ់​បង្ហោះ​ផ្កាយរណប​ចូលទៅក្នុង​គន្លង​លំហ​ជុំវិញ​ភពផែនដី ក្នុងការ​ធ្វើដំណើរ មនុស្ស​បាន​ប្រើប្រាស់​ផែនទី​ក្រដាស សាងសង់​សំណង់​ចំណាំ​ទិស ប្រើប្រាស់​ទីតាំង​ផ្កាយ និង​មធ្យោបាយ​ផ្សេងៗ​មួយចំនួនទៀត​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីតាំង​ឆ្ងាយ​ឬ​ជិត​។ តែ​នៅ​ចុង​សតវត្សរ៍​ទី​២០ និង​ដើម​សតវត្ស​ន៍ទី​២១​នេះ ការធ្វើដំណើរ​ក្នុង​មធ្យោបាយ​ជាច្រើន​បែប ទាំង​លើ​អាកាស តាម​សមុទ្រ និង​នៅលើ​ដី​ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដ៏​ទំនើប​មួយ​ដែល​ត្រូវបាន​គេ​ហៅថា​«GPS»​ឬ​«Global Positioning System»​។

 
​គេហទំព័រ physic.org បាន​ពន្យល់ថា ប្រព័ន្ធ​GPS​គឺជា​បណ្តុំ​ត​ភ្ជាប់​គ្នា​រវាង​ផ្កាយរណប​ចំនួន​៣០​គ្រឿង ដែល​ដាល​នៅក្នុង​គន្លង​ប្រមាណ​ជា​ជិត​២​ម៉ឺន​គីឡូម៉ែត្រ​ពី​ភពផែនដី​។ ដំបូង​ឡើយ GPS ត្រូវបាន​គេ​បង្កើតឡើង​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​នៃ​សហរដ្ឋអាមេរិក​។ តែ​សព្វថ្ងៃ សឹងតែ​គ្រប់​ទូរ​សព្ទ​ដៃ​ទំនើប​នៅលើ​ពិភពលោក​ប្រើប្រាស់​ប្រព័ន្ធ​មួយ​នេះ​។ នៅ​គ្រប់ផ្នែក​នៃ​ភពផែនដី នៅក្នុង​ពេលវេលា​ណា​ដ៏​ដោយ យ៉ាងហោចណាស់​ផ្កាយរណប​ចំនួន​៤​គ្រឿង ក្នុងចំណោម​ផ្កាយរណប​ទាំង​៣០​គ្រឿង​នោះ កំពុង​បែរមុខ​មករក​ឧបករណ៍ GPS នៅក្នុង​ទូរ​សព្ទ​ដៃ​របស់​អ្នក​។ ផ្កាយរណប​និ​មួយៗ​ប​ញ្ចូ​ន​ទិន្នន័យ​នៃ​ទីតាំង​របស់ខ្លួន និង​ពេលវេលា​របស់ខ្លួន​ទៅវិញទៅមក​ក្នុងពេល​កំណត់​ច្បាស់លាស់​មួយ​។ 
 
​ក្នុងការ​ទាញយក​ទីតាំង​របស់​អ្នក​នៅលើ​ផែនដី​បាន ផ្កាយរណប​យ៉ាងតិច​ចំនួន​បី​ត្រូវតែ​ធ្វើការ​ជាមួយគ្នា​។ សកម្មភាព​នេះ​ត្រូវបាន​គេ​ហៅថា​«Trilateration»​។ ផ្កាយរណប​និ​មួយៗ​ប្រើប្រាស់​រលក​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច​ដែល​ត្រូវបាន​បញ្ចូនទៅ​កាន់​ឧបករណ៍​នៅលើ​ទូរ​សព្ទ​ដៃ​អ្នក​ទៅវិញទៅមក​។ ដោយ​កំណត់​រយៈពេល​ដែល​រល​ក​នោះ​ធ្វើដំណើរ ភាពខុសគ្នា​រវាង​ទំហំ​អង្កត់ផ្ចិត​នៃ​រលក​រប​ស់​ផ្កាយរណប និង​ប្រព័ន្ធ​គណិតវិទ្យា​ជាច្រើន​ប្រភេទ​ទៀត ផ្កាយរណប​និ​មួយៗ​អាច​គណនា​ទីតាំង​របស់​អ្នក​ក្នុង​កម្រិត​មួយ​យ៉ាងច្បាស់​លាស់​បាន​។ 
 
​ការកំណត់​ពេលវេលា​ជា​រឿង​មួយ​សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រព័ន្ធ GPS ។ ដូច្នេះ​ផ្កាយរណប​និ​មួយៗ​ត្រូវបាន​គេ​បំពាក់​ដោយ​នាឡិកា​ពិសេស​ម្យ៉ាង​ហៅថា​«​នាឡិកា​អា​តូ​មិច​»​ឬ​«Atomic Clock»​ដែល​អាច​រក្សា​ពេលវេលា​បានច្បាស់លាស់​ជាង​នាឡិកា​ធម្មតា​ផ្សេងៗ​បាន​យ៉ាង​ឆ្ងាយ​។ នេះ​គឺ​ដោយសារតែ​ទ្រឹស្តី​រូបវិទ្យា​មួយ (Relativity) បាន​និយាយថា វត្ថុ​ដែល​ទទួលរង​ទំនាញ​តិច នឹងមាន​ពេលវេលា​រត់លឿន​ជាង​វត្ថុ​ដែល​ទទួល​ទំនាញ​ខ្លាំង​ជាង​។ ក្នុង​កាលៈទេសៈ​នេះ ផ្កាយរណប​នៅលើ​លំហ (​ជាមួយនឹង​ទំនាញ​តិចជាង​) នឹង​ទទួលរង​ពេលវេលា​លឿន​ជាង​ឧបករណ៍ GPS នៅលើ​ផែនដី ដែល​ធ្វើ​ឲ្យ​ការកំណត់​ទិសដៅ និង​ទីតាំង​មាន​លក្ខណៈ​មិន​ច្បាស់លាស់​។ ហេតុដូចនេះ​ហើយ​ទើប​គេ​ប្រើប្រាស់​នាឡិកា​អា​តូ​មិច​បំពាក់​នៅលើ​ផ្កាយរណប ដើម្បី​បង្កើន​ភាពច្បាស់លាស់​នៃ​ការចាប់ និង​កំណត់​ទីតាំង​៕

Tag:
 ​អន្តរជាតិ​
  GPS
© រក្សាសិទ្ធិដោយ thmeythmey.com