វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើប្រព័ន្ធGPSដឹងទីតាំងរបស់អ្នកដោយដូចម្តេច?
× គិតមកត្រឹមជិតមួយរយឆ្នាំមុន ពោលមុនការបាញ់បង្ហោះផ្កាយរណបចូលទៅក្នុងគន្លងលំហជុំវិញភពផែនដី ក្នុងការធ្វើដំណើរ មនុស្សបានប្រើប្រាស់ផែនទីក្រដាស សាងសង់សំណង់ចំណាំទិស ប្រើប្រាស់ទីតាំងផ្កាយ និងមធ្យោបាយផ្សេងៗមួយចំនួនទៀតក្នុងការធ្វើដំណើរទៅកាន់ទីតាំងឆ្ងាយឬជិត។ តែនៅចុងសតវត្សរ៍ទី២០ និងដើមសតវត្សន៍ទី២១នេះ ការធ្វើដំណើរក្នុងមធ្យោបាយជាច្រើនបែប ទាំងលើអាកាស តាមសមុទ្រ និងនៅលើដីត្រូវបានផ្លាស់ប្តូរដោយប្រព័ន្ធអេឡិចត្រូនិចដ៏ទំនើបមួយដែលត្រូវបានគេហៅថា«GPS»ឬ«Global Positioning System»។
គេហទំព័រ physic.org បានពន្យល់ថា ប្រព័ន្ធGPSគឺជាបណ្តុំតភ្ជាប់គ្នារវាងផ្កាយរណបចំនួន៣០គ្រឿង ដែលដាលនៅក្នុងគន្លងប្រមាណជាជិត២ម៉ឺនគីឡូម៉ែត្រពីភពផែនដី។ ដំបូងឡើយ GPS ត្រូវបានគេបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធានៃសហរដ្ឋអាមេរិក។ តែសព្វថ្ងៃ សឹងតែគ្រប់ទូរសព្ទដៃទំនើបនៅលើពិភពលោកប្រើប្រាស់ប្រព័ន្ធមួយនេះ។ នៅគ្រប់ផ្នែកនៃភពផែនដី នៅក្នុងពេលវេលាណាដ៏ដោយ យ៉ាងហោចណាស់ផ្កាយរណបចំនួន៤គ្រឿង ក្នុងចំណោមផ្កាយរណបទាំង៣០គ្រឿងនោះ កំពុងបែរមុខមករកឧបករណ៍ GPS នៅក្នុងទូរសព្ទដៃរបស់អ្នក។ ផ្កាយរណបនិមួយៗបញ្ចូនទិន្នន័យនៃទីតាំងរបស់ខ្លួន និងពេលវេលារបស់ខ្លួនទៅវិញទៅមកក្នុងពេលកំណត់ច្បាស់លាស់មួយ។
ក្នុងការទាញយកទីតាំងរបស់អ្នកនៅលើផែនដីបាន ផ្កាយរណបយ៉ាងតិចចំនួនបីត្រូវតែធ្វើការជាមួយគ្នា។ សកម្មភាពនេះត្រូវបានគេហៅថា«Trilateration»។ ផ្កាយរណបនិមួយៗប្រើប្រាស់រលកអេឡិចត្រូម៉ាញេទិចដែលត្រូវបានបញ្ចូនទៅកាន់ឧបករណ៍នៅលើទូរសព្ទដៃអ្នកទៅវិញទៅមក។ ដោយកំណត់រយៈពេលដែលរលកនោះធ្វើដំណើរ ភាពខុសគ្នារវាងទំហំអង្កត់ផ្ចិតនៃរលករបស់ផ្កាយរណប និងប្រព័ន្ធគណិតវិទ្យាជាច្រើនប្រភេទទៀត ផ្កាយរណបនិមួយៗអាចគណនាទីតាំងរបស់អ្នកក្នុងកម្រិតមួយយ៉ាងច្បាស់លាស់បាន។
ការកំណត់ពេលវេលាជារឿងមួយសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធ GPS ។ ដូច្នេះផ្កាយរណបនិមួយៗត្រូវបានគេបំពាក់ដោយនាឡិកាពិសេសម្យ៉ាងហៅថា«នាឡិកាអាតូមិច»ឬ«Atomic Clock»ដែលអាចរក្សាពេលវេលាបានច្បាស់លាស់ជាងនាឡិកាធម្មតាផ្សេងៗបានយ៉ាងឆ្ងាយ។ នេះគឺដោយសារតែទ្រឹស្តីរូបវិទ្យាមួយ (Relativity) បាននិយាយថា វត្ថុដែលទទួលរងទំនាញតិច នឹងមានពេលវេលារត់លឿនជាងវត្ថុដែលទទួលទំនាញខ្លាំងជាង។ ក្នុងកាលៈទេសៈនេះ ផ្កាយរណបនៅលើលំហ (ជាមួយនឹងទំនាញតិចជាង) នឹងទទួលរងពេលវេលាលឿនជាងឧបករណ៍ GPS នៅលើផែនដី ដែលធ្វើឲ្យការកំណត់ទិសដៅ និងទីតាំងមានលក្ខណៈមិនច្បាស់លាស់។ ហេតុដូចនេះហើយទើបគេប្រើប្រាស់នាឡិកាអាតូមិចបំពាក់នៅលើផ្កាយរណប ដើម្បីបង្កើនភាពច្បាស់លាស់នៃការចាប់ និងកំណត់ទីតាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com