អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រីជាន់ខ្ពស់​វូ​ហាន​៖ ការឆ្លើយតប​យឺតយ៉ាវ ធ្វើ​ឲ្យ​ការ​រាលដាល​កូ​រ៉ូ​ណា​វីរុស​កាន់តែ​អាក្រក់​
01, Feb 2020 , 11:19 am        
រូបភាព
លោក Ma Guoqiang លេខាធិការបក្សកម្មុយនីស្តប្រចាំក្រុង វូហាន  អំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃ៣១ មករា (CGTN)
លោក Ma Guoqiang លេខាធិការបក្សកម្មុយនីស្តប្រចាំក្រុង វូហាន អំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃ៣១ មករា (CGTN)
ដោយ:
​ការឆ្លើយតប​យឺតយ៉ាវ​របស់​ចិន​ក្នុង​ការរកឃើញ​ការឆ្លង​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ បានធ្វើ​ឲ្យ​ការរីក​រាលដាល​កាន់តែ​អាក្រក់​ខ្លាំង​។ មន្ត្រីជាន់ខ្ពស់​ចិន​មកពី​ទីក្រុង វូ​ហាន ដែលជា​ទីកន្លែង​វីរុស​ផ្ទុះ អះអាង​បែបនេះ នៅ​ថ្ងៃ​សុក្រ ៣១ ខែមករា ។​

 
 «​ឥឡូវនេះ ខ្ញុំ​ដឹងថា មាន​កំហុស ហើយ​មាន​វិប្បដិសារី និង​ស្តីបន្ទោស​ខ្លួនឯង​» ។ លោក Ma Guoqiang លេខាធិការ​បក្ស​ក​ម្មុយ​នី​ស្ត​ប្រចាំ​ក្រុង វូ​ហាន បញ្ជាក់​បែបនេះ​ក្នុង​បទ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV ។ មន្ត្រីជាន់ខ្ពស់​រូបនេះ សង្កត់ធ្ងន់ថា ប្រសិនបើ​វិធានការ​តឹងរឹង ត្រូវបាន​អនុវត្ត​លឿន​ជាង​នេះ លទ្ធផល​នឹង​ប្រសើរ​ជាង​ពេលបច្ចុប្បន្ន​។ 
 
​ទីក្រុង វូ​ហាន និង​ក្រុង​ដទៃទៀត​ដែល​ហ៊ុមព័ទ្ធ​ជុំវិញ​ខេត្ត ហូ​ប៉ី បាន​បិទ​បណ្ដាញ​ដឹកជញ្ជូន​ប្រជុំជន​ទាំងអស់ និង​ផ្អាក​ជើងហោះហើរ​ចេញទៅ​ក្រៅ ចាប់ពី​ថ្ងៃ ២៣ ខែមករា​កន្លងទៅ ។ ទន្ទឹមនេះ​រដ្ឋាភិបាល ក៏​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ចាក​ចេញពី​ទីក្រុង​នេះ ប្រសិនបើ​គ្មាន​កាលៈទេសៈ​ពិសេស​ណាមួយ​ទេនោះ​។ កត្តា​នេះ​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ ៥៦ លាន​នាក់ ជាប់​ឃាំង​នៅផ្ទះ​។ 

អត្ថបទទាក់ទង
 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ដកស្រង់​សម្តី​លោក Ma អំឡុង​កិច្ច​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV មន្ត្រីជាន់ខ្ពស់​រូបនេះ បាន​អះអាងថា ចំណាត់ការ​រាតត្បាត​នេះ គប្បី​ត្រូវបាន​ធ្វើឡើង​យ៉ាងហោចណាស់ ១០ ថ្ងៃ​មុននេះ​។ ត្រង់នេះ លោក លើកឡើង​បែបនេះ​ថា​លោក​គិតថា ប្រសិនបើ​អាជ្ញាធរ​ក្រុង​វូ​ហាន បាន​ចាត់វិធានការ​បែបនេះ​ឲ្យ​ទាន់ពេលវេលា​នោះ ការរីក​រាលដាល​នៃ​ជំងឺ​នេះ ប្រហែល​មិនអាក្រក់​ដល់​ថ្នាក់​នេះហើយ​។ 
 
​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០១ កុម្ភៈ អ្នកស្លាប់​ព្រោះ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCov) ឡើងដល់ ២៥៩​នាក់ ហើយ​អ្ន​ជំងឺ​ទូទាំង​ពិភពលោក​ឡើងដល់​ជាង​១១០០០​នាក់​ផងដែរ​។  វីរុស​នេះ បាន​រាលដាល​ដល់​ជាង​២០​ប្រទេស​ហើយ ទាំង​អាស៊ី អឺរ៉ុប និង​មជ្ឈិមបូព៌ា​ផងដែរ​។​
 
​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៣​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និង​អេ​ស្ប៉ា​ញ​៕
 

Tag:
 ​ចិន​
  វូ​ហាន​
  Ma Guoqiang​ ​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com