ជាតិ
សង្គមជាតិ
ចាប់ពី​ខែកុម្ភៈ​នេះ​ទៅ ពលរដ្ឋ​ត្រូវ​បង់ថ្លៃ​សំរាម​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​
01, Feb 2020 , 2:31 pm        
រូបភាព
លោក ហួត ហៃ អភិបាលរង​រាជធានីភ្នំពេញ រួមជាមួយ​នឹង​បណ្តា​ធនាគារ បណ្តា​ភ្នាក់​ងារ​វេរ​លុយ​ផ្សេងៗ កំពុងមាន​វត្ថមាននៅ​ក្នង​សិន្និសីទសារព័ត៌មាន​ជុំវិញការ​ប្រមូល​សំរាម និង​ការ​ប្រមូល​ថ្លៃសំរាម
លោក ហួត ហៃ អភិបាលរង​រាជធានីភ្នំពេញ រួមជាមួយ​នឹង​បណ្តា​ធនាគារ បណ្តា​ភ្នាក់​ងារ​វេរ​លុយ​ផ្សេងៗ កំពុងមាន​វត្ថមាននៅ​ក្នង​សិន្និសីទសារព័ត៌មាន​ជុំវិញការ​ប្រមូល​សំរាម និង​ការ​ប្រមូល​ថ្លៃសំរាម
ដោយ:
​ភ្នំពេញ​៖ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​នូវ​ការទូទាត់​បង់ថ្លៃ​សេវា​សំរាម​ប្រចាំខែ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក បញ្ជរ​ទូទាត់​នៅតាម​ធនាគារ  ទីភ្នាក់ងារ​វេរ​លុយ​ផ្សេងៗ​ដែលមាន​នៅក្នុង​កម្មវិធី​ទូរ​សព្ទ និង​នៅ​ទីសាធារណៈ​។ សេវា​ប្រមូល​សំរាម​នេះ ពលរដ្ឋ​ត្រូវ​តែម​កបង់ ក្នុង​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១-១៥ ជា​រៀងរាល់ខែ​។


 
​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅក្នុង​សិ​ន្និ​សីទ​សារព័ត៌មាន​ជុំវិញ​ការប្រមូល​សំរាម និង​ការប្រមូល​ថ្លៃ​សំរាម កាលពី​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ បាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយនឹង​អគ្គិសនី​កម្ពុជា​ដោយ​លែងមាន​ការបង់ថ្លៃ​សេវា​សំរាម​តាម​វិក្កយបត្រ​បង់ថ្លៃ​អគ្គិសនី​ដូច​មុនៗ​ហើយ ដោយ​ផ្លាស់ប្ដូរ​ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី​នៃ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ចាប់ពី​ខែកុម្ភៈ​តទៅ​។ បើតាម​លោក ហួត ហៃ អតិថិជន ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(​ទូរស័ព្ទដៃ​)  ឬ​បញ្ជរ​ទូទាត់​នៅ​ធនាគារ ឬ​តាម​ភ្នាក់ងារ​វេរ​លុយ​វិញ​។ 
 
​លោក ហួត ហៃ ថ្លែង​ដូច្នេះ​ថា ៖«​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ជា​រៀងរាល់ខែ ដែល​នឹង​អនុវត្ត​ចាប់ពី​ខែកុម្ភៈ​នេះ ពលរដ្ឋ​ត្រូវតែ​បង់ថ្លៃ​សំរាម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាម​ធនាគារ​អេស៊ីលីដា និង​តាម​ភ្នាក់ងារ​វេរ​លុយ​ដែលមាន​ដូចជា Wing, True money, Dara Pay, PiPay, EMoney, AMK និង​លី​ហួរ​វេរ​លុយ​។ ការទូទាត់​ថ្លៃបង់​សេវា​នេះ ពលរដ្ឋ​គ្រាន់តែ​ប្រាប់​លេខ​កូដ​ដែលមាន​នៅក្នុង​វិក្កយបត្រ​បង់​ភ្លើង ទៅ​ទីភ្នាក់ងារ​វេរ​លុយ​។ សម្រាប់​បង់ថ្លៃ​សេវា​តាម​កម្មវិធី​ដែលមាន​នៅក្នុង​ទូរ​សព្ទ​វិញ ពលរដ្ឋ​អា​ចប​ញ្ចូ​ន​លេខ​កូដ និង​ទឹកប្រាក់ រួច​ជាការ​ស្រេច​»​។ 
 
​បើតាម​លោក ហួត ហៃ ក្នុង​មួយ​ផ្ទះ​ត្រូវតែ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ចំនួន​១​ដុល្លារ​ក្នុង​មួយខែ​។ សម្រាប់​អ្នក​ដែល​មិន​ចង់​ចំណាយពេល​បង់ថ្លៃ​ជា​រៀងរាល់ខែ​ទេ សាលា​រាជធានី​ភ្នំពេញ​ក៏បានផ្តល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​បង់​សេវា​គិត​ជា​ឆ្នាំ​ផងដែរ ដោយ​ត្រូវ​ចំណាយ​ចំនួន​១២​ដុល្លារ​ក្នុង​មួយឆ្នាំ​។ «​ចំពោះ​អ្នក​ដែល​មិនបាន​ទៅ​បង់ថ្លៃ​សេវា​ឲ្យ​ទៀងទាត់​រាល់​ខែ​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​ទេនោះ ពលរដ្ឋ​នឹងត្រូវ​រង​វិន័យ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​ច្បាប់​ជា​ធរមាន​។ ប្រសិនបើ​បង់ថ្លៃ​ហួស​ថ្ងៃទី​១៥ ពលរដ្ឋ​នឹង​ជាប់​ជា​បំណុល​សម្រាប់​បង់ថ្លៃ​នៅ​ខែ​ខាងមុខ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​អភិបាលរង​រាជធានី​ភ្នំពេញ​។​
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី មាន​សិទ្ធិ​ប្រមូល​សំរាម​នៅតាម​គេហដ្ឋាន ឬ​តាម​ស្ថាប័ន​នានា ប៉ុន្តែ​មិនមាន​សិទ្ធិ​ប្រមូល​ថ្លៃ​សេវា​សំរាម​ឡើយ​។ 
 
​គូសបញ្ជាក់ថា សំរាម​ប្រមាណ​១ ម៉ឺន​តោន ត្រូវបាន​បង្កើតឡើង​ក្នុង​មួយថ្ងៃៗ​នៅ​កម្ពុជា ក្នុងនោះ​សំរាម​ជាង ២០ ភាគរយ​ជា​ថង់​ប្លា​ស្ទិ​ក ឬ​ស្មើនឹង​ប្រមាណ ២,០០០​តោន​៕ 
 

លោក ហួត ហៃ អភិបាលរង​រាជធានីភ្នំពេញ រួមជាមួយ​នឹង​បណ្តា​ធនាគារ បណ្តា​ភ្នាក់​ងារ​វេរ​លុយ​ផ្សេងៗ កំពុងមាន​វត្ថមាននៅ​ក្នង​សិន្និសីទសារព័ត៌មាន​ជុំវិញការ​ប្រមូល​សំរាម និង​ការ​ប្រមូល​ថ្លៃសំរាម​​


Tag:
 សំរាម​
 ​អេឡិចត្រូនិក​
 ​អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com