អន្តរជាតិ
បារម្ភ​កូ​រ៉ូ​ណាវី​រុស​! មី​យ៉ាន់​ម៉ា បញ្ជូន​យន្តហោះ​មួយគ្រឿង​ទៅ​ចិន​វិញ
01, Feb 2020 , 2:56 pm        
រូបភាព
ក្រុមគ្រូពេទ្យដែលពាក់អាវការពារឈរពីក្រោយឡានពេទ្យព្រលានយន្តហោះ ដែលដឹកនាំអ្នកជំងឺ កាលពីថ្ងៃ ៣១ មករា (AFP)
ក្រុមគ្រូពេទ្យដែលពាក់អាវការពារឈរពីក្រោយឡានពេទ្យព្រលានយន្តហោះ ដែលដឹកនាំអ្នកជំងឺ កាលពីថ្ងៃ ៣១ មករា (AFP)
ដោយ:
​មី​យ៉ាន់​ម៉ា បានសម្រេច​បញ្ជូន​យន្តហោះ​មួយគ្រឿង ដែល​ផ្ទុក​អ្នកដំណើរ​៧៩​នាក់ ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ នៅ​ថ្ងៃ​សុក្រ ៣១ ខែមករា ។ ការសម្រេច​នេះ ធ្វើឡើង​ក្រោយពី​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​សង្ស័យថា​ឆ្លង​កូ​រ៉ូ​ណាវី​រុស ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។

 
​រហូតមកទល់​ពេលនេះ មី​យ៉ាន់​ម៉ា ពុំទាន់​មាន​ករណី​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណា​វីរុស​នៅឡើយ ខណៈ​វីរុស​នេះ បានសម្លាប់​មនុស្ស ២៥៩ នាក់ ក្នុងប្រទេស​ចិន ។ ក៏ប៉ុន្តែ​ភាពភ័យខ្លាច​បាន​កើនឡើង​ខ្លាំង នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ក្រីក្រ​មួយ​នេះ ដែលមាន​ព្រំដែន​ជាប់​នឹង​ប្រទេសជិតខាង​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​។​
 
​ដោយសារ​ក្តីបារម្ភ​នេះហើយ ទើប​អាជ្ញាធរ​មី​យ៉ាន់​ម៉ា បានសម្រេច​បញ្ជូន​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Southern មកពី Guangzhou ត្រឡប់​ទៅ​ចិន​វិញ ក្រោយ​រកឃើញ​អ្នកដំណើរ​ម្នាក់​មាន​រោគសញ្ញា​វីរុស​ប្រភេទ​ថ្មី​នេះ​។​
 
​លោក Soe Paing ប្រធាន​គ្រប់គ្រង​នាយកដ្ឋាន​អាកាសចរណ៍​ស៊ី​វី​ល​មី​យ៉ាន់ បាន​អះអាងថា អ្នកដំណើរ​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ​មួយ ក្រោយ​រូបគេ​មាន​រោគសញ្ញា ដែល​សង្ស័យថា ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​ណូ​វែ​ល​កូ​រ៉​ណាវី​រុស​។ អ្នកកាសែត AFP ម្នាក់ ក៏បាន​ឃើញ មន្ត្រី​ផ្នែក​សុខភាព​ជាច្រើន​នាក់​ដែល​ពាក់​សម្ភារ​ការពារ​ពេញ​ខ្លួន បាន​ទៅ​ទទួល​អ្នកជំងឺ​នោះ​ចេញពី​រថយន្ត​សង្គ្រោះបន្ទាន់​ព្រលានយន្តហោះ​។​
 
​លោក Soe Paing បន្តទៀតថា ជនជាតិ​មី​យ៉ាន់​ម៉ា​ចំនួន ២​នាក់ ក៏បាន​អនុញ្ញាត​ឲ្យ​ចេញពី​យន្តហោះ ហើយ​បាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ដូចគ្នា ដើម្បី​ត្រួតពិនិត្យ​សុខភាព​។ យ៉ាងណាមិញ លោក សង្កត់ធ្ងន់ថា​៖«​មនុស្ស​ទាំងអស់​ផ្សេងទៀត ដែល​នៅលើ​ជើងហោះហើរ​នេះ បាន​បញ្ជូន​ត្រលប់​ទៅវិញ​»​។​
 
​អ្នកដំណើរ​សរុប​ចំនួន ៧៩ នាក់ ដែល​បាន​ជិះ​លើ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Southern មកពី Guangzhou នេះ មាន​ជនជាតិ​អាមេរិក ២​នាក់​, បារាំង ២​នាក់​, មី​យ៉ាន់​ម៉ា ២​នាក់ និង​ជនជាតិ​ចិន ៧២​នាក់​។  នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​អាកាសចរណ៍​មី​យ៉ាន់​ម៉ា ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ទោះបីជា​ពុំទាន់​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​រកឃើញ​ក្នុងប្រទេស​នេះ អ្នកជំនាញ ព្រួយបារម្ភ​ថា ប្រព័ន្ធ​សុខាភិបាល​ដ៏​ទន់ខ្សោយ​របស់ខ្លួន ពុំ​អាចមាន​សមត្ថភាព​ទប់​ទល់នឹង​ការរីក​រាលដាល​នៃ​វីរុស​នេះ ប្រសិនបើ​វា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ម្យ៉ាងវិញទៀត មី​យ៉ាន់​ម៉ា ក៏​កំពុង​រង់ចាំ​ការអនុញ្ញាត​ដើម្បី​ជម្លៀស​និស្សិត​ខ្លួន ៦០​នាក់​ដែល​ជាប់គាំង​ក្នុង​ទីក្រុង វូ​ហាន គិត​ចាប់ពី​ទីក្រុង​នេះ បាន​បិទ​ច្រកចេញចូល កាលពី​ថ្ងៃ​២៣ មករា មក​៕

Tag:
 មី​យ៉ាន់​ម៉ា​
  ចិន​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com