ជាតិ
វីដេអូ
សុខភាព
វេជ្ជបណ្ឌិត​រោគ​ស្ត្រី​៖ ក្មេងស្រី​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​«​មហារីក​មាត់ស្បូន​» នៅ​ចន្លោះ​អាយុ​៩-១៤​ឆ្នាំ​
02, Feb 2020 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ជំងឺមហារីក​មាត់ស្បូន​ជា​ជំងឺ​បង្កដោយ​មេរោគ​ឈ្មោះ Human Papillomavirus (HPV) ដែល​ឆ្លង​តាមរយៈ​ការរួម​ភេទ​។ លោកស្រី​វេជ្ជបណ្ឌិត ឯកទេស​សម្ភព និង​រោគ​ស្ដ្រី ឈន ពេជ្រ​ចិន្ដា បាន​ឲ្យ​ដឹងថា ត្បិត​ជំងឺមហារីក​មាត់ស្បូន បាន​ឆក់យក​ជីវិត​ស្ដ្រី​ជាច្រើន​ក៏ពិតមែន ប៉ុន្តែ ជំងឺ​នេះ​ក៏​អាច​បង្ការ​បាន ដោយ​ការចាក់​វ៉ាក់សាំង​ការពារ និង​តាមដាន​រក​កោសិកា​មហារីក​មាត់ស្បូន​ផងដែរ​។ លោកស្រី​វេជ្ជបណ្ឌិត បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ គឺ​សម្រាប់​ក្មេងស្រី​ដែលមាន​អាយុ​ចន្លោះ​ពី​៩-១៤​ឆ្នាំ និង​ស្ត្រី​ដែល​មិនទាន់​ឆ្លងកាត់​ការរួម​ភេទ​។ ចំណែកឯ ស្ត្រី​ដែលមាន​ដៃគូ​រួមភេទ ឬ​ធ្លាប់​ឆ្លងកាត់​ការរួម​ភេទ ត្រូវ​ពិនិត្យ​រក​កោសិកា​មហារីក​ជាមុនសិន ទើប​អាច​ចាក់​ថ្នាំ​បង្ការ​មហារីក​មាត់ស្បូន​បាន​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញលោក​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី ជាមួយ លោកស្រី​វេជ្ជបណ្ឌិត ឈន ពេជ្រ​ចិន្ដា ឯកទេស​សម្ភព និង​រោគ​ស្ដ្រី​នៃ​មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ ដូចតទៅ​៖
 
 
​លោកស្រី​វេជ្ជបណ្ឌិត ឯកទេស​សម្ភព និង​រោគ​ស្ត្រី ឈន ពេជ្រ​ចិន្តា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ក្មេងស្រី​អាយុ​ពី​៩-១៤​ឆ្នាំ ឬ​ស្ត្រី​មិនទាន់​ឆ្លងកាត់​ការរួម​ភេទ ការចាក់​វ៉ាក់សាំង​បង្ការ​មហារីក​មាត់ស្បូន​អាចមាន​ប្រសិទ្ធភាព​រហូតដល់​ច្រើនជាង​៩៥%​។ ប៉ុន្តែ ប្រសិនបើជា ស្ដ្រី​ធ្លាប់​ឆ្លងកាត់​ការរួម​ភេទ ហើយ​ពួកគាត់​ចង់​ចាក់​វ៉ាក់សាំង​ការពារ ត្រូវតែ​រកមើល​កោសិកា​មហារីក​មាត់ស្បូន និង​មេរោគ HPV ជាមុនសិន​។ បើ​មិនមាន​ការឆ្លង​មេរោគ​ទេ ពួកគាត់​អាច​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​បាន គ្រាន់តែ​ប្រសិទ្ធភាព​បង្ការ​ចុះ​សល់​ត្រឹម​៨០​ភាគរយ​»​។​
 
​លោក​ស្ត្រី​វេជ្ជបណ្ឌិត ឯកទេស​រោគ​ស្ដ្រី រូបនេះ បាន​ពន្យល់​បន្ថែមថា ស្ដ្រី​ដែល​កំពុងមាន​ដៃគូ​រួមភេទ​ចាប់ពី​១​ឆ្នាំ​ឡើងទៅ ចាំបាច់​ត្រូវ​ពិនិត្យ​រកមើល​កោសិកា​មហារីក​មាត់ស្បូន​ឲ្យ​បាន​ទៀងទាត់​រាល់​១​ឆ្នាំ​ម្ដង ឬ​៣​ឆ្នាំ​ម្ដង​។ ព្រោះ​នៅពេល​មេរោគ HPV ឆ្លង​ចូលក្នុង​ខ្លួន​ស្ត្រី រយៈពេល​១​ឆ្នាំ​ដំបូង​អាច​ពិនិត្យ​មិនឃើញ តែ​អាច​រកឃើញ​នៅ​ឆ្នាំ​បន្ទាប់ៗ​។ បើសិនជា ពួកគាត់​មិនបាន​ធ្វើការ​ស្រាវជ្រាវ ព្យាបាល​ទាន់ពេល​នោះទេ វា​នឹង​វិវឌ្ឍន៍​ចេញ​ជា​ជំងឺមហារីក​មាត់ស្បូន​៕

Tag:
 វ៉ាក់សាំង​
  ក្មេងស្រី​
 ​មហារីក​មាត់ស្បូន​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com