ភ្នំពេញ៖ ក្រុមយុវសិស្សព្រះស៊ីសុវត្ថិចំនួន១០នាក់ បានផ្តួចផ្តើមគ្នាបង្កើតយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់បា្លស្ទិកនៅក្នុងវិទ្យាល័យ ។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយឲ្យសិស្ស លោកគ្រូ-អ្នកគ្រូ និងអ្នកលក់ដូរ ឯកភាពគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងជំរុញឲ្យសាលាក្លាយជាសាលាស្អាត និងឆ្នើម។
ពេលចូលទៅដល់បរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ សិស្សានុសិស្សខ្លះ ក៏បានអនុវត្តគោលការណ៍នេះបានល្អរួចហើយ ឯខ្លះទៀតនៅមិនទាន់អនុវត្តបាននៅឡើយ។ ហេតុតែមិនទាន់អនុវត្តបាន ក៏ព្រោះតែយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ទើបតែបង្កើតឡើងត្រឹមរយៈពេល២ខែកន្លងទៅតែប៉ុណ្ណោះ ។យុទ្ធនាការនេះ នឹងត្រូវអនុវត្តឲ្យដល់រយៈពេល៥ឆ្នាំទៅមុខទៀត ដើម្បីធានាបានថាសាលារៀន ពោរពេញទៅដោយបរិស្ថានល្អ និងមិនប្រើប្រាស់ប្លាស្ទិកនៅក្នុងសាលា។
យុវសិស្ស ប៉ុល រតនវិសាល ជាសិស្សថ្នាក់ទី១១ ដែលរៀនវេនទីពីរ និងជាអ្នកដឹកនាំក្រុមយុវសិស្សព្រះស៊ីសុវត្ថិស្អាតស្ម័គ្រចិត្ត ដែលមានគ្នា៩នាក់ទៀត បានបញ្ជាក់ថា សិស្សភាគច្រើនបានអនុវត្តដោយយកដបទឹកផ្ទាល់ខ្លួន និងប្រើប្រាស់ចានស្រាក់សម្រាប់ខ្ចប់អាហារបានល្អហើយ លើកលែងតែសិស្សដែលរៀនវេនទីមួយ ដែលមិនទាន់អនុវត្តបានឲ្យល្អនៅឡើយទេ។ បើតាមយុវសិស្សរូបនេះ មូលហេតុដែលសិស្ស មិនទាន់អនុវត្តបានត្រឹមត្រូវ ដោយសារតែកម្មវិធីសិក្សារបស់វេនមួយ មិនទាន់មានអ្នកគ្រប់គ្រង និងណែនាំឲ្យបានទូលំទូលាយនៅឡើយទេ។
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវបានយុវសិស្សចំនួន១០នាក់ បង្កើតឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានការសហការពីគណៈគ្រប់គ្រងសាលា។ រតនវិសាល បាននិយាយដូច្នេះថា៖«សិស្សបានអនុវត្តគោលការណ៍កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសាលា បាន៦០ភាគរយហើយ។ នៅមានអ្នកខ្លះនៅប្រើប្លាស្ទិកទៀត ដោយគាត់មិនទាន់ភ្ញាក់រលឹក។ ចំណែកអ្នកលក់ដូរ បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានតែ៤០ភាគរយតែប៉ុណ្ណោះ ព្រោះអ្នកលក់ដូរភាគច្រើន គាត់មានអាយុចាស់ជាងខ្ញុំ។ អ៊ីចឹងខ្ញុំនិយាយអី គាត់មិនសូវស្តាប់ប៉ុន្មានទេ»។
ទិដ្ឋភាពក្រុមសិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ កំពុងតែរង់ចាំទិញភេសជ្ជៈដែលចុះតម្លៃ ដោយគ្រាន់តែយកដបទឹកផ្ទាល់ខ្លួន
បើតាម យុវសិស្ស រតនវិសាល ខាងក្រុមយុវសិស្សព្រះស៊ីសុវត្ថិស្អាត ក៏នឹងសហការជាមួយនឹងយុវជនកាយរិទ្ធិ និងបង្កើនយុវជនស្ម័គ្រចិត្តបន្ថែមទៀតសម្រាប់ឃ្លាំមើល និងពង្រឹងការណែនាំដល់សិស្សឲ្យចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបន្ថែមទៀត ដើម្បីរួមគ្នាការពារបរិស្ថាន។ ជាពិសេសឲ្យសាលាក្លាយជាសាលាឆ្នើមដែលមិនមានប្លាស្ទិក។ យុវសិស្ស រតនវិសាល បានលើកឡើងថា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់បា្លស្ទិកនៅក្នុងសាលា សិស្សណាដែលមិនគោរពតាមការណែនាំ អំពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ខាងសាលាក៏មានការពិន័យ ឲ្យសិស្សរើសសំរាមនៅក្នុងសាលា និងបោសសំរាមក្នុងថ្នាក់ទៀតផង។ ចំណែកអ្នកលក់ដូរ ក៏នឹងត្រូវរងពិន័យជាទឹកប្រាក់។ បើអ្នកលក់នៅតែមិនអនុវត្តទៀត សាលាក៏នឹងមានវិធានការបញ្ឈប់ឲ្យអាជីវករលក់ដូរតែម្តង។
ទើបតែទទួលបានពានរង្វាន់ផ្ការំដួលមួយទង ពីការប្រកួតសាលាស្អាតកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលតំណាងឲ្យសាលាសា្អតជាងគេ និងឆ្នើមជាងគេ យុវសិស្ស រតនវិសាល បានថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗថា៖«យើងអនុវត្តគោលការណ៍ដោយឲ្យសិស្សដែលប្រើប្រាស់ប្លាស្ទិកនៅក្នុងសាលា រើសសំរាមនៅតាមថ្នាក់រៀន វាប្រសើរជាងពិន័យពួកគាត់ជាទឹកប្រាក់។ បើយើងពិន័យគាត់ជាទឹកប្រាក់ គាត់នឹងអាងថាគាត់មានលុយ ហើយគាត់នៅតែហ៊ានប្រើប្រាស់ប្លាស្ទិកដដែលហ្នឹង។ មានសិស្សភាគច្រើនទៀត ដែលមិនទាន់បានអនុវត្ត ហើយយើងនៅតែបន្តណែនាំពួកគាត់បន្ថែមទៀត នៅតាមថ្នាក់រៀនផងដែរ»។
យុវសិស្ស ប៉ុល រតនវិសាល ជាសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងជាអ្នកដឹកនាំក្រុមយុវសិស្សប្រមាណ១០នាក់ទៀត បង្កើតយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងសាលា
នៅក្រោមដើមឈើក្រោយអាគារសិក្សា ដែលមានកុមារមួយក្រុមកំពុងតែរៀបប្រអប់បាយជ័រដែលឪពុកម្តាយបានរៀបចំពីផ្ទះ សម្រាប់ទុកពិសារអាហារថ្ងៃត្រង់មុនពេលចូលរៀននោះ វាជាកន្លែងដែលសិស្សានុសិស្សតែងតែអង្គុយជុំគ្នារំលឹកមេរៀន និងបរិភោគនំចំណីជាដើម។ រតនវិសាល បានប្រាប់ថា បន្ទាប់ពីសិស្សានុសិស្សបរិភោគអាហាររួច សិស្សានុសិស្សទាំងអស់អាចមកច្រកទឹកទៅតាមធុងចម្រោះទឹក ដែលមាននៅពីមុខថ្នាក់រៀនផងដែរ។ យុវសិស្ស រតនវិសាល បាននិយាយថា៖«មុននឹងពួកគាត់អាចច្រកទឹកហ្នឹងបាន ទាល់តែឲ្យគាត់បង់លុយ ដើម្បីបានកាតទុកស្កែន ទើបអាចឲ្យគាត់យកទឹកផឹកបានដោយគ្រប់ពេល»។
ដៃកំពុងកាន់ដបទឹកផងនោះ យុវសិស្ស រតនវិសាល ដែលរៀននៅថ្នាក់ទី១១ បាននិយាយថា សមាជិករបស់ខ្លួនគឺសុទ្ធតែជាសិស្សថា្នក់ទី១០ និងទី១១ ទាំងអស់ ហើយជាឆ្នាំដែលរវល់នឹងការសិក្សាខ្លាំង ជាហេតុនាំឲ្យពួកគេរឹតតែគ្មានពេលគ្រប់គ្រាន់ សម្រាប់អនុវត្តយុទ្ធនាការនេះឡើយ។ ថ្វីដ្បិតយុទ្ធនាការនេះទើបតែបង្កើតឡើង តែយុវសិស្សទាំង១០នាក់នេះ នឹងបេ្តជា្ញចិត្តធ្វើយ៉ាងណា ប្រមូលយុវសិស្សស្ម័គ្រចិត្តដែលរៀននៅថ្នាក់ទី៩ និងទី១០ប្រមាណ២០នាក់ទៀត មកបន្តការងារមួយនេះ ដើម្បីឲ្យសាលាមានបរិស្ថានល្អ។
នៅឆ្នាំ២០២១ ជាឆ្នាំចុងក្រោយដែលយុវសិស្សទាំង១០នាក់ សិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ រតនវិសាលបាននិយាយថា ក្រោយពីបញ្ចប់ការសិក្សាជាសិស្សវិទ្យាល័យ ក្រុមយុវសិស្សរបស់ខ្លួន នឹងនៅតែបន្តការងារនេះឲ្យបានល្អ ដើម្បីជួយឲ្យសាលាប្រកបដោយផាសុកភាព។ យុវសិស្ស រតនវិសាល ប្រាប់ថា៖«ខ្ញុំរំពឹងទុកថា អ្នកដឹកនាំជំនាន់ក្រោយៗទៀត នឹងអាចផ្លាស់ប្តូរឲ្យសាលាមានបរិស្ថានល្អ ដែលនឹងមិនមានប្លាស្ទិកនៅក្នុងសាលា។ នៅពេលដែលខ្ញុំបានលទ្ធផលច្រើនហើយ ខ្ញុំនឹងអាចបង្ហាញលទ្ធផលហ្នឹង ទៅសុំជាការឧបត្ថម្ភពីបណ្តាស្ថាប័ននានា ឲ្យមកជួយសាលា ដើម្បីអនុវត្តគម្រោងផ្សេងៗទៀត»៕
យុវសិស្សចំនួន៣នាក់ កំពុងតែអង្គុយហូបបាយប្រអប់ដែលឪពុកម្តាយបានរៀបចំឲ្យ នៅក្រោមម្លប់ដើមឈើ ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ
សកម្មភាពសិស្សានុសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅពេលម៉ោងចេញលេង