អន្តរជាតិ
តើ​អាចម៍ផ្កាយ​ជា​អ្វី​? វា​មាន​ប្រភព​មកពីណា​?
01, Feb 2020 , 9:29 pm        
រូបភាព
ប្រភពអង្គការ NASA
ប្រភពអង្គការ NASA
​នៅពេល​រាត្រី បើ​អ្នកពិនិត្យមើល​មេឃ​ដោយ​យកចិត្តទុកដាក់ អ្នក​ប្រាកដជា​អាច​ជួបប្រទះ​វត្តមាន​នៃ​អាចម៍ផ្កាយ​ហោះ​កាត់​ផ្ទៃមេឃ​ជាមួយនឹង​ល្បឿន​យ៉ាង​លឿន និង​ពន្លឺ​យ៉ាង​ភ្លឺ​។ ភាគច្រើន អាចម៍ផ្កាយ​ទាំងនោះ​នឹង​ឆេះ​អស់​នៅក្នុង​ស្រទាប់​បរិយាកាស និង​មិន​បង្កបញ្ហា​អ្វី​ដល់​អ្នករស់នៅ​លើដី​នោះទេ​។ តើ​វត្ថុ​ក្នុង​លំហ​នេះ​ជា​អ្វី​ទៅ​? តើ​វា​មាន​ដើមកំណើត​មកពីណា​?

 
​គេហទំព័រ space.com បានធ្វើការ​ពន្យល់ថា អាចម៍ផ្កាយ ឬ​ជា​ភាសា​អង់គ្លេស​«Asteriod»​គឺជា​ដុំថ្ម​ដែលជា​ទំហំ​ពី​ពីរ​ទី​បី​ម៉ែត្រ រហូត​ទៅដល់​ទំហំ​ជាច្រើន​រយ​គីឡូម៉ែត្រ ដែលមាន​គន្លង​ដាល​ជុំវិញ​ព្រះអាទិត្យ​ដូចជា​ភព​នានា​ផ្សេងៗ​ដែរ​។ អាចម៍ផ្កាយ​ទាំងនេះ​មាន​ទំហំ​តូច​ខ្លាំង ដែល​អ្នកជំនាញ​ខាង​តារាវិទូ​មិនអាច​ចាត់ទុក​ពួកវា​ជា​«​ភព​»​បានឡើយ​។ ទោះបីជា​ទំហំ​របស់​វា​មាន​លក្ខណៈ​តូច​មែន​ក្តី តែ​វា​អាចមាន​សមត្ថភាព​ក្នុង​ការបង្ក​គ្រោះមហន្តរាយ​នៅលើ​ភពផែនដី​បាន​។ 
 
​អាចម៍ផ្កាយ​ចាប់កំណើត​ដំបូង​កាលពី​៤,៦​ពាន់​លាន​ឆ្នាំមុន ប្រហាក់​ប្រហែលជា​ដំណាលគ្នា​ដែរ​ជាមួយនឹង​ភព​ដទៃទៀត​។ វា​ជាវ​ត្ថុ​ដែល​សេសសល់​ពី​កំណកំណើត​នៃ​ភព​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​។ តាម​ការពិនិត្យ​តាម​តេ​លេ​ទស្សន៍ អាច​ផ្កាយ​ដែលមាន​ទំហំ​ធំជាងគេ​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​គឺ Ceres ដែលមាន​អង្កត់ផ្ចិត​រហូត​ទៅដល់​៩៤០​គីឡូម៉ែត្រ​។ 
 
​ចំណែកឯ​អាចម៍ផ្កាយ​ដែល​តូច​ជា​គេ ដែល​គេ​ធ្លាប់​ជួបប្រទះ​មាន​ឈ្មោះថា 2015 TC25 មាន​ទំហំ​ត្រឹមតែ​២​ម៉ែត្រ​ប៉ុណ្ណោះ​។ អាចម៍ផ្កាយ​តូចៗ​មាន​រាង​មិន​ច្បាស់លាស់​នោះឡើយ​។ នៅលើ​ផ្ទៃ​របស់​អាចម៍ផ្កាយ​នីមួយៗ សីតុណ្ហភាព​អាច​ធ្លាក់ចុះ​ទៅដល់​៧៣​អង្សារ​សេ​ក្រោម​សូន្យ​។ នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍ គន្លង​អាចម៍ផ្កាយ​មួយ​មាន​ផ្ទុក​អាចម៍ផ្កាយ​ប្រមាណ​ជាង​១,១​លាន​ដុំ មាន​ទំហំ​ធំ​ជាង​១​គីឡូម៉ែត្រ​។ ភាគច្រើន វា​ផ្សំ​ពី​រូបធាតុ​ដូចជា ស៊ី​លី​កូន ដែក អាលុយមីញ៉ូម ម៉ាញេស្យូម និង នី​កែ​ល ជាដើម​។ 
 
​អង្ក​ការ NASA បាន​លើកឡើងថា អាចម៍ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ព​ភ​ផែនដី​មាន​ចំនួន​តិច​ខ្លាំងណាស់​។ អាចម៍ផ្កាយ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​លើ​ភពផែនដី​បាន​គួរតែមាន​ទំហំ​ចាប់ពី​ជាង​៥០០​ម៉ែត្រ​ឡើង​។ ចំពោះ​អាចម៍ផ្កាយ​ដែលមាន​ទំហំ​តូច​ជា​២៥​ម៉ែត្រ នឹង​ឆេះ​អស់​ងាយ​នៅពេល​ដែលជា​ធ្វើដំណើរ​ចូលក្នុង​បរិយាកាស​ផែនដី ដោយសារតែ​ការ​កកិត​ជាមួយនឹង​ខ្យល់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com