អន្តរជាតិ
តើទូ «ATM»ត្រូវបានបង្កើតឡើងតាំងពីពេលណា?
× នៅក្នុងសម័យថ្មីនៃបច្ចេកវិទ្យាទំនើបនេះ ការប្រើប្រាស់លុយជាទម្រង់ឌីជីថលបានកើនឡើងជាលំដាប់ ជាមួយនឹងភាពងាយស្រួល លឿនរហ័យ និងចំណាយកម្លាំងមនុស្សតិចជាមុន។ បើនិយាយអំពីចលនារបស់សាច់ប្រាក់នៅក្នុងសង្គមជឿនលឿនសព្វថ្ងៃ យើងមិនអាចចាក់ឆ្ងាយចេញពីវត្តមាននៃទូដក និងដាក់ប្រាក់ស្វ័យប្រវត្តិ ដែលមនុស្សទូទៅហៅថា «ATM» នោះឡើយ។ ATM មានន័យពេញថា «Automated Teller Machine»។ ចំពោះម៉ាស៊ីនដែលមនុស្សភាគច្រើនប្រើប្រាស់សឹងតែជាប្រចាំមួយនេះ តើមានប្រវត្តិតាំងពីឆ្នាំណាមក? បង្កើតឡើងដោយអ្នកណាខ្លះ?
គេហទំព័រប្រវត្តិសាស្ត្រ history.com បានពន្យល់ថា លំនាំនៃម៉ាស៊ីន ATM ដំបូងត្រូវបានបង្កើតឡើងដោយលោក Luther Simjian ដែលជាអ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកម្នាក់ល្បីល្បាញខាងផ្នែកបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីៗទំនើបៗ។ ម៉ាស៊ីនដកដាក់ប្រាក់របស់លោកដំបូងមានវត្តមាននៅក្នុងទីក្រុងញូយ៉ក នាឆ្នាំ១៩៦០ ដែលត្រូវបានគេហៅថា«Bankograph»។ ម៉ាស៊ីនរបស់លោកមានផ្ទុកកាមេរ៉ាតូចៗដែលអាចចាប់យករូបភាពនៃសន្លឹកលុយដែលមានដាក់ចូល នឹងបញ្ចេញរូបភាពនោះមកកាន់អតិថិជនវិញក្នុងន័យជាវិកិយប័ត្រ។ លោកធ្វើដូចច្នេះគឺក្នុងន័យបង្វែរអារម្មណ៍របស់មនុស្សទូទៅឲ្យមានការទុកចិត្តលើម៉ាស៊ីន ក្នុងការប្រើប្រាស់លុយរបស់ពួកគេ។ តែម៉ាស៊ីនដកដាក់ប្រាក់របស់លោក Luther Simjian មិនត្រូវបានទទួលជោគជ័យប៉ុន្មាននោះទេ។
នៅចុងទសវត្សរ៍ទី៦០ ការជឿទុកចិត្តរបស់ប្រជាជនទៅកាន់សេវាកម្មស្វ័យប្រវត្តិផ្សេងៗកាន់តែមានភាពប្រសើរឡើងៗ។ ក្នុងឆ្នាំ១៩៦៧ អ្នកវិទ្យាសាស្ត្រជនជាតិស្កុតម្នាក់ដែលមានឈ្មោះថា John Shepherd Barron បានសហការជាមួយនឹងធនាគារ Barclays របស់ទីក្រុងឡុដ៏ក្នុងការដាក់ឲ្យដំណើរការនៃម៉ាស៊ីន ATM ។ កាលពីពេលនោះម៉ាស៊ីនរបស់លោកមិនទាន់ត្រូវបានគេប្រើប្រាស់កាត់ATMប្លាស្ទិចនៅឡើយទេ។ ដោយឡែក គេប្រើប្រាស់ក្រដាសដែលព្រីនចេញពីទឹកប៊ិចពិសេស ដែលម៉ាស៊ីនអាចអានបាន។
ចំណែកឯនៅក្នុងឆ្នាំ១៩៦៩វិញ លោក Donald Wetzel ដែលជាវិទ្យាសាស្ត្រជនជាតិអាមេរិកបានបង្កើតម៉ាស៊ីនATMជាមួយនឹងការប្រើប្រាស់កាតATMប្លាស្ទិចស្រដៀងគ្នានឹងសព្វថ្ងៃ។ កាតATMនេះមានផ្ទុកកូនមេដែកម៉ាញេទិចតូចៗ ដែលម៉ាស៊ីនអាចបកប្រែទម្រង់នៃមេដែកនេះឲ្យទៅជាទិន្នន័យសំខាន់ៗ ដូចជាលេខគណនី ចំនួនសាច់ប្រាក់ និងឈ្មោះអ្នកប្រើប្រាស់ជាដើម។ នៅក្នុងឆ្នាំ១៩៧០ ធនាគារនានានៅក្នុងប្រទេសអាមេរិកបានផ្សព្វផ្សាយម៉ាស៊ីនATMនៅតាមបណ្តាញវិទ្យុ និងទូរទស្សន៍ ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ឲ្យកាន់តែច្រើន។ ទូ ATMមិនមែនជាការបង្កើតឡើងដោយមនុស្សណាម្នាក់នោះទេ តែវាជាការវិវត្តនៃគំនិត និងការបង្កើតថ្មីរបស់មនុស្សជាច្រើនរូប។
ក្នុងពេលបច្ចុប្បន្ន ទូ ATMប្រមាណជា២លានគ្រឿងត្រូវបានគេដាក់ឲ្យប្រើប្រាស់នៅតាមតំបន់នានាជុំវិញពិភពលោក។ ក្នុងនោះ ទូ ATMចំនួន២គ្រឿងក៏មានវត្តមាននៅទ្វីបអង់តាកទិចផងដែរ ដែលជាទ្វីបដាច់ស្រយាលជាងគេ មានទីតាំងនៅខាងត្បូងនៃភពផែនដី៕
© រក្សាសិទ្ធិដោយ thmeythmey.com