អន្តរជាតិ
អ្នកឆ្លងកូរ៉ូណាវីរុសសរុប២៤៣នាក់នៅចិន អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ ប្រភពរូប៖ ទីភ្នាក់ងារព័ត៌មាន Xinhua
× អ្នកជំងឺសរុប ២៤៣ នាក់ ដែលបានឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ អាជ្ញាធរសុខាភិបាលចិន បានប្រកាសបែបនេះ នៅថ្ងៃសៅរ៍ ១ ខែកុម្ភៈ។ តួលេខសរុបនេះ គឺបូកបន្តពីតួលេខចុងក្រោយបង្អស់ ដែលបង្ហាញថា អ្នកជំងឺនៅចិន ជាង១៧០នាក់ ត្រូវបានព្យាបាលសះស្បើយ ហើយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមដំណាច់ថ្ងៃសុក្រ ៣១ ខែមករា មនុស្ស ៧២នាក់ បានដើរចេញពីមន្ទីរពេទ្យក្រោយពួកគេបានជាសះស្បើយ។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលជាតិរបស់ចិន (NHC) ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ដោយដកស្រង់របាយការណ៍របស់ NHC អ្នកជំងឺអាចអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញបាន កាលណារោគសញ្ញាជំងឺពួកគេ បានធូរស្រាល, កម្ពៅខ្លួនពួកគេ មានសភាពធម្មតាវិញយ៉ាងហោចណាស់៣ថ្ងៃ ហើយការធ្វើតេស្ត បង្ហាញថា អវិជ្ជមាន ២ដងជាប់ៗគ្នា។
សូមបញ្ជាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ តួលេខអ្នកស្លាប់សរុប បានកើនឡើងដល់ ២៥៩នាក់ហើយ ក្នុងប្រទេសចិន ខណៈករណីឆ្លងជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មីនេះ បានឡើងដល់ ១១ ៧៩១នាក់។
ក្រៅពីចិន ប្រទេសមួយចំនួនក៏បានអះអាងពីការព្យាបាលសះស្បើយអ្នកជំងឺនៅក្នុងទឹកដីរបស់ខ្លួនផងដែរ។ ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ពីការសះស្បើយអ្នកជំងឺ៥នាក់ក្នុងចំណោម១៤នាក់។ ករណីជាសះស្បើយក៏មាននៅវៀតណាម អូស្ត្រាលី ជប៉ុន និងណេប៉ាល់ ផងដែរ។ អ្នកជំងឺ១ករណីនៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួន មានលក្ខខណ្ឌឈានទៅរកភាពប្រក្រតី៕
Tag:
ចិន
កូរ៉ូណាវីរុស
អ្នកជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com