អន្តរជាតិ
ពលរដ្ឋជប៉ុន៣នាក់ទៀតដែលត្រូវបានជម្លៀសពីវូហានមានកូរ៉ូណាវីរុស រថយន្តដឹកជនជាតិជប៉ុនចេញពីអាកាសយានដ្ឋាន ក្រោយពីពួកគេត្រូវបានជម្លៀសចេញពីវូហាន។ រូបថត AFP
× ជនជាតិជប៉ុន៣នាក់បន្ថែមទៀតដែលត្រូវបានជម្លៀសចេញពីក្រុងវូហាន ដោយយន្តហោះនោះ មានជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019- -nCoV)។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាលជប៉ុននៅថ្ងៃសៅរ៍ ។ គិតត្រឹមម៉ោង៩ និង៥៧នាទី ថ្ងៃទី១ ខែកុម្ភៈ នេះ ជប៉ុនមាន១០ករណីហើយ។
អ្នកជំងឺម្នាក់ក្នុងចំណោម៣នាក់ ដែលបានវិលត្រឡប់ទៅប្រទេសជប៉ុនវិញ កាលពីថ្ងៃសុក្រ មិនមានការបង្ហាញរោគសញ្ញាអ្វីនោះឡើយ ខណៈពីនាក់ទៀតត្រូវបានរកឃើញភ្លាមៗ។ នេះបើតាមការលើកឡើងរបស់ក្រសួងសុខាភិបាលជប៉ុន ហើយត្រូវបានដកស្រង់ដោយកាសែត The Mainichi។
ជប៉ុនបានដឹកជនជាតិរបស់ខ្លួនជាង៥៦០នាក់ពីវូហានតាំងពីថ្ងៃពុធ ដោយប្រើយន្តហោះចំនួនបី។ កន្លងមក ពលរដ្ឋបីនាក់ផ្សេងទៀត ក៏ត្រូវបានរកឃើញមេរោគកូរ៉ូណាផងដែរ ក្រោយការជម្លៀសចេញពីជប៉ុន។ ក្រៅពីនេះ ជប៉ុនមានអ្នកបើកបរ និងអ្នកភ្ញៀវដែលបានឆ្លងជំងឺ រីឯករណីផ្សេងទៀត កើតលើជនជាតិចិន។
គិតត្រឹមម៉ោង៩ និង៥៧ ល្ងាចថ្ងៃសៅរ៍នេះ ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុស មាន២៥៩នាក់ដែលនៅប្រទេសចិនទាំងអស់ រីឯអ្នកឈឺមានជាង១២០០០នាក់ ក្នុងនោះ ២៥០នាក់ ត្រូវបានរាយការណ៍ថា ជាសះស្បើយផងដែរ។
ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៣ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ថៃ ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និងអេស្ប៉ាញ៕
© រក្សាសិទ្ធិដោយ thmeythmey.com