ជាតិ
សង្គមជាតិ
CDC សម្រេច​ឱ្យ​ក្រុមហ៊ុន​ជាង​២៦០០ បើក​ដំណើរការ​នៅ​កម្ពុជា នៅឆ្នាំ​២០១៩
02, Feb 2020 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ មប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC សម្រេច​ចុះបញ្ជី​ឲ្យ​អ្នកវិនិយោគ​បង្កើត​ក្រុមហ៊ុន​ជាង​២៦០០​ក្រុមហ៊ុន នៅឆ្នាំ២០១៩ ដែល​ភាគច្រើន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​៤ គឺ​កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​រោងចក្រ សហគ្រាស ​។


 
​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ការចុះបញ្ជី​ក្រុមហ៊ុន​ចំនួន​ជាង​២៦០០​ក្រុមហ៊ុន របស់​អ្នកវិនិយោគ​បរទេស គឺ​កើនឡើង​ជាង​៧០​ក្រុមហ៊ុន បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ វិស័យ​វិនិយោគ​សំខាន់ៗ​ទាំង​៤​ផ្នែក មាន​វិស័យ​កសិកម្ម​២៥២​ក្រុមហ៊ុន វិស័យ​ទេសចរណ៍​១១៩​ក្រុមហ៊ុន វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​១៦៣​ក្រុមហ៊ុន និង​វិស័យ​រោងចក្រ សហគ្រាស​២០៨៨​ក្រ​ហ៊ុន​។ ប៉ុន្តែ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនមាន​របាយការណ៍​នៃ​ទុនវិនិយោគ​សរុប​របស់​ក្រុមហ៊ុន​ទាំងនេះ​ទេ​។​
 
​ដោយឡែក​នៅ​ឆ្នាំ​២០១៩​ដដែល​នោះ មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចុះ​អធិការកិច្ច​នៅតាម​រោងចក្រ សហគ្រាស​នានា​ចំនួន​ជាង​៥០០០​ពាន់​គោលដៅ មាន​ពលករ​បរទេស​សរុប​ជាង​៨,៣​ម៉ឺន​នាក់​។ 
 
​ជាមួយគ្នា​ដែរ បាន​រកឃើញ​ពលករ​បរទេស​គ្មាន​បណ្ណ​ការងារ​ជាង​៤០០០​នាក់ ហើយ​ធ្វើការ​ផាកពិន័យ​បាន​ជាង​២​ពាន់​លាន​រៀល​។ 
 
​ទន្ទឹមនឹងនេះ កាល​ឆ្នាំ​២០១៩ ពលករ​បរទេស បានដាក់​ពាក្យសុំ​បណ្ណ​ការងារ​ជាង​២០​ម៉ឺន​នាក់ ដែល​នាំ​ឲ្យ​រដ្ឋ​ប្រមូល​ចំណូល​បាន​ប្រមាន​ជាង​២០​លាន​ដុល្លារ​។ 
​សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​១៩៩៤ ដល់ ឆ្នាំ​២០១៩ សរុប​ទុនវិនិយោគ​មាន​ចំនួន​២៩​ពាន់​លាន​ដុល្លារ​។ ចំណែក​ពលករ​បរទេស​គ្មាន​បណ្ណ​ការងារ​ចាប់​ឆ្នាំ​២០១៤ ដល់​២០១៩ មាន​ចំនួន​១.៥​ម៉ឺន​នាក់​៕ 
 
 

Tag:
 សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com