កីឡាជាតិ
ជាតិ
ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ឆ្នាំនេះ មាន​ក្រុម​ចូលរួម​ប្រកួត​តិចជាង​ឆ្នាំមុន​
02, Feb 2020 , 12:00 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ឆ្នាំនេះ មាន​ក្រុម​ចូលរួម​ថយចុះ​រហូត​៦​ក្រុម​បើ​ធៀប​នឹង​ឆ្នាំមុន​។ ការថយចុះ​នេះ អាច​បណ្តាលមកពី​ក្រុម​មួយចំនួន​ពុំមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម ជាពិសេស​ពាក់ព័ន្ធ​ទីលាន​។ ការប្រកួត​វគ្គ​ជម្រុះ​ទាំង​៥​ពូ​ល​នឹង​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៤ ខែកុម្ភៈ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​។​

 
​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​តែ​១៧​ក្រុម​ប៉ុណ្ណោះ ដោយមាន​ការថយចុះ​ចំនួន​៦​ក្រុម​បើ​ធៀប​នឹង​ឆ្នាំមុន​មាន​រហូត​២៣​ក្រុម​។ ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នេះ អាច​បណ្តាលមកពី​បញ្ហា​បទដ្ឋាន​បច្ចេកទេស ព្រោះ​ក្រុម​មួយចំនួន​ពុំមាន​ទីលាន ដែលមាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ការប្រកួត​។ មួយវិញទៀត ដោយសារ​ក្រុមខ្លះ​រៀបចំ​សំណុំបែបបទ និង​ទីលាន​មិនទាន់​រួចរាល់​។​
 
​ការប្រកួត​ធ្វើ​ឡើងជា​ពីរ​ជើង​ដោយ​បែង​ចែកជា​៥​ពូ​ល​ក្នុងនោះ​ពូ​ល A មាន​ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ និង​កំពង់ឆ្នាំង​, ពូ​ល B កំពង់ធំ​, ព្រះវិហារ និង​សៀមរាប​, ពូ​ល C រតនៈគិរី​, ត្បូងឃ្មុំ និង​ព្រៃវែង​, ពូ​ល D កណ្ដាល​, តាកែវ និង​កំពង់ស្ពឺ និង F​ព្រះសីហនុ​, កោះកុង​, កំពត និង​កែប​។​
 
​ការប្រកួត​វគ្គ​ជម្រុះ​ទាំង​៥​ពូ​ល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៤ កុម្ភៈ ដល់​ថ្ងៃទី​១១ មីនា ឆ្នាំ​២០២០​។ ក្រុម​ទទួលបាន​លេខ​១​ក្នុង​ពូ​ល​នីមួយៗ និង​ក្រុម​លេខ​២​ល្អ​ចំនួន​៣ នឹង​ឡើងទៅ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៧ មេសា ដល់​ថ្ងៃទី​២០ ឧសភា ឆ្នាំ​២០២០​។ តាម​គម្រោង​ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៣​ក្នុងការ​ប្រកួត​ថ្នាក់​ខេត្ត​នឹង​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​ថ្នាក់ជាតិ ដែលមាន​ក្រុម​ទាំង​១៣​នៃ​សមាជិក​លី​គ​កំពូល​កំពុង​រង់ចាំ​៕     
 
 
 
 
 

Tag:
 បាល់ទាត់​
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com