អន្តរជាតិ
ឌូ​ទើ​តេ ហាម​សមាជិក​គណៈរដ្ឋមន្ត្រី​ខ្លួន​ទៅ​អាមេរិក ក្រោយ​រដ្ឋបាល​ត្រាំ​ដាក់​អតីត​មេ​ប៉ូលិស​ហ្វីលីពីន​ក្នុង​បញ្ជីខ្មៅ​
02, Feb 2020 , 12:59 pm        
រូបភាព
ដោយ:
​ប្រមុខ​ដឹកនាំ​កំពូល​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានចេញ​លិខិត​បង្គាប់បញ្ជា​មួយ ដោយ​ហាម​សមាជិក​គណៈរដ្ឋមន្ត្រីរ​ប​ស់លោក ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​។ បម្រាម​របស់​មេដឹកនាំ​ហ្វីលីពីន​រូបនេះ  ធ្វើឡើង ជាការ​ឆ្លើយតប​នឹង​គោលនយោបាយ​ការបរទេស​រឹតត្បិត​ចុងក្រោយ​របស់​រដ្ឋបាល លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅលើ​មន្ត្រីជាន់ខ្ពស់​ហ្វីលីពីន​។​

 
​លោក ឌូ​ទើ​តេ បានចេញ​លិខិត​បង្គាប់បញ្ជា​បន្ទាន់​មួយ​ទាំងយប់ សម្រាប់​សមាជិក​គណៈរ​ដ្ឋ​មន្ត្រី​ទាំងអស់ ដោយ​មិន​ត្រូវបំពេញ​ទស្សនកិច្ច ឬ​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ឡើយ​។ នេះ​ការអះអាង​របស់​ជំនួយការ​ជាន់ខ្ពស់​រប​ស់​ប្រធានាធិបតី​ហ្វីលីពីន លោក Eduardo Ano ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ ៣០ មករា​កន្លងទៅ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន New Yok Times លោក Eduardo បាន​គូសបញ្ជាក់ថា គ្រប់​មន្ត្រីជាន់ខ្ពស់​ទាំង​អស់​របស់​រដ្ឋាភិបាល​ហ្វីលីពីន ត្រូវអនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​បំផុត​នូវ​លិខិត​បង្គាប់បញ្ជា​នេះ​។ លោក បន្ថែមថា លិខិត​នេះ ធ្វើឡើង​បន្ទាប់ពី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ហ្វីលីពីន លោក Ronald dela Rosa ត្រូវបាន​ក្រសួងការបរទេស​អាមេរិក​មោឃភាព​ទិដ្ឋាការ​របស់លោក​។​
 
​បើតាម​ការអះអាង​រប​ស់ អតីត​មេ​ប៉ូលិស​ជាតិ​ហ្វីលីពីន​លោក Ronald វិញ អាមេរិក មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ជុំវិញ​នោះទេ​។ ក៏ប៉ុន្តែ​លោក សង្ស័យថា អាមេរិក ធ្វើបែបនេះ អាច​ដោយសារ​លោក ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ដែល​លោក ធ្លាប់បាន​ដឹកនាំ ក្រោម​ការបញ្ជា​របស់លោក ឌូ​ទើ​តេ​។ 
 
​គួរ​រម្លឹក​បន្តិច​ថា គិត​ចាប់ពី​ឡើងកាន់​អំណាច​ពី​ឆ្នាំ​២០១៦​មក លោក ឌូ​ទើ​តេ បានប្រកាស​ធ្វើសង្គ្រាម​ប្រឆាំងនឹង​គ្រឿងញៀន ដោយពេល​នោះ លោក Ronald គឺជា​ប្រមុខ​ដឹកនាំ​កងកម្លាំង​ដើម្បី​អនុវត្ត​គោលនយោបាយ​នេះ​។ បច្ចុប្បន្ន លោក Ronald ដែលជា​មនុស្ស​ស្និទ្ធ​បំផុត​មួយ​ជាមួយនឹង​ប្រធានាធិបតី ឌូ​ទើ​តេ គឺជា​សមាជិក​ព្រឹទ្ធសភា​របស់​ហ្វីលីពីន​។
 
​កន្លងមក មាន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត ៦ ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ការអនុវត្ត​គោលនយោបាយ​នេះ ហើយ​ទង្វើ​នេះ​ផងដែរ បាន​រង​ការរិះគន់​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គោលនយោបាយ និង​អំពើ​របស់​រដ្ឋបាល​លោក ឌូ​ទើ​តេ ក៏​ត្រូវបាន​ក្លាយជា​សំណុំរឿង​មួយ​ក្នុង​ដៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ស៊ើបអង្កេត​ផងដែរ​៕ 

Tag:
 ហ្វីលីពីន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com