អន្តរជាតិ
​ជនជាតិ​អាមេរិក​ជា​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ទី​៧ នៅ​វៀតណាម​
02, Feb 2020 , 1:20 pm        
រូបភាព
ដោយ:
​ជនជាតិ​អាមេរិក​ម្នាក់ បាន​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​នៅ​ប្រទេស​វៀតណាម​ឡើងដល់ ៧​នាក់​ហើយ​។

 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក Vietnam Plus ក្រសួងសុខាភិបាល​វៀត​ណា​ម បានបញ្ជាក់​នៅ​ថ្ងៃ​២ កុម្ភៈ ថា អ្នកជំងឺ​រូបនេះ កំពុង​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក នៅ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​ក្រុង ហូជីមិញ ប្រទេស​វៀតណាម​។ 
 
​បុរស​ជនជាតិ​អាមេរិក​វ័យ​៧៣​រូបនេះ បាន​ស្ថិតនៅលើ​ជើងហោះហើរ​លេខ 660 មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Southern ដែល​ធ្វើដំណើរ​ចេញពី​សហរដ្ឋអាមេរិក​ទៅកាន់​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​១៤ ខែមករា​។ មួយថ្ងៃ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃ​១៥ មករា បុរស​រូបនេះ បាន​ប្តូរ​យន្តហោះ (transit) នៅ​ព្រលានយន្តហោះ​មួយ ក្នុង​ក្រុង វូ​ហាន នៃ​ប្រទេស​ចិន ដែលជា​កន្លែង​ផ្ទុះ​វីរុស​នេះ រយៈពេល​២​ម៉ោង​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល នៅ​ថ្ងៃទី ១៦ ខែមករា លោក​បាន​ទៅដល់​ព្រលានយន្តហោះ Tan Son Nhat នៃ​ក្រុង ហូជីមិញ ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​សណ្ឋាគារ​មួយ​ដើម្បី​សម្រាក​។ ក្រោយមក បុរស​រូបនេះ បានចេញ​រោគសញ្ញា​នៃ​ជំងឺ កាលពី​ថ្ងៃ​២៦ មករា ហើយ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ នៅ​ថ្ងៃ ៣១ ខែមករា​។ លទ្ធផល​នៃ​ការធ្វើ​តេស្ត បាន​បង្ហាញថា លោក​មាន​ផ្ទុក​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​។ 
 
​សូមបញ្ជាក់ថា ករណី​ចំនួន​៦​នៃ​ការឆ្លង​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ក្នុងប្រទេស​វៀតណាម​ក​ន្ល​ង​ទៅ គឺ​រួមមាន ជនជាតិ​ចិន ចំនួន ២​នាក់ (​ឪពុក និង​កូនប្រុស ដែល​មនុស្ស​បានជា​សះស្បើយ​), ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ដែល​ត្រលប់​មកពី​ក្រុង វូ​ហាន ហើយ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ដែលជា​អ្នកទទួល​ភ្ញៀវ​នៅ​សណ្ឋាគារ​មួយ​ដែល​បាន​ប៉ះពាល់​ជាមួយ​ជនជាតិ​ចិន​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃ ២ កុម្ភៈ កូ​រ៉ូ​ណាវី​រុស បាន​រាយការណ៍​ថា ឆ្លង​ដល់​ប្រទេស​ចំនួន ២៦ ហើយ ជាមួយ​ករណី​ឆ្លង ១៤៥០០ ត្រូវបាន​រកឃើញ ហើយ​ក្នុងនោះ ៣០៥​នាក់​បាន​ស្លាប់ (​ក្នុងនោះ​ម្នាក់ ស្ថិតក្នុង​ប្រទេស​ហ្វីលីពីន​)៕

© រក្សាសិទ្ធិដោយ thmeythmey.com