សៀមរាប៖ ស្ថានភាពវិស័យទេសចរណ៍នៅខេត្តសៀមរាបកាន់តែយ៉ាប់យឺន បន្ទាប់ពីផ្ទុះមេរោគកូរ៉ូណាវីរុសនៅប្រទេសចិន និងត្រូវបានរកឃើញនៅកម្ពុជាលើបុរសទេសចរចិនម្នាក់នៅថ្ងៃទី២៧ មករា។ ដើម្បីទប់ស្កាត់បញ្ហារាតត្បាតនេះ រដ្ឋាភិបាលចិនបានប្រកាសផ្អាកលែងឱ្យជនជាតិខ្លួនដើរក្រៅប្រទេស ហើយក្រុមហ៊ុនទេសចរណ៍នានាក៏លែងដំណើរការនៅត្រឹមថ្ងៃទី២៧ មករា។ ការណ៍នេះ ចង់មិនចង់វាធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍លើសកលលោក ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនប្រឈមមុខអត់ការងារធ្វើខ្លាំងជាងគេ ក្រោយផ្ទុះមេរោគកូរ៉ូណាវីរុស។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាប៖
មេរោគកូរ៉ូណាវីរុស បានផ្ទុះឡើងនាអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅតំបន់វូហានប្រទេសចិន និងបានរាតត្បាតខ្លាំងក្លានារយៈពេល២សប្ដាហ៍មកនេះ។ នៅចំពោះស្ថានការណ៍ដ៏អាក្រក់នេះ រដ្ឋាភិបាលចិនបានប្រកាសផ្អាកហាមមិនឱ្យជនជាតិខ្លួនចេញក្រៅប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតយ៉ាងលឿននេះ។ ការប្រកាសបិទទេសចរចិនមិនឱ្យធ្វើដំណើរក្រៅប្រទេសនេះ បានជះឥទ្ធិពលអាក្រក់ក្នុងវិស័យទេសចរណ៍ រួមមានអាជីវកម្មជាច្រើនដែលពឹងអាស្រ័យលើទេសចរចិន មានមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាបជាដើម។
កំពុងអង្គុយរង់ចាំភ្ញៀវនៅបាកាណប្រាសាទអង្គរវត្ត មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន លោក ឡាយ មានការបារម្ភខ្លះដែរចំពោះមេរោគកូរ៉ូណាវីរុស។ មគ្គុទ្ទេសក៍រូបនេះបានណែនាំភ្ញៀវឱ្យពាក់ម៉ាស និងលាងដៃដើម្បីការពារជំងឺនេះ។ ជាមួយគ្នានេះ លោក ឡាយ ក៏កត់សម្គាល់ឃើញថាមានភ្ញៀវមួយចំនួនបានអនុវត្តន៍ការការពាររួចហើយ តែនៅមួយចំនួនហាក់មិនសូវបារម្ភពីករណីនេះទេដោយសារមេរោគនេះមិនទាន់ឆ្លងមកដល់ខេត្តសៀមរាប។
អង្គុយនៅម្លប់ប្រាសាទមួយជ្រុងពីលោក ឡាយ ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនមួយរូបដែរ លោក ហាំង ថុង ក៏បានតាមដានជាប់លាប់ពីករណីមេរោគកូរ៉ូណាវីរុសនេះដែរ។ លោក ថុង ថាជំងឺនេះឆ្លងលឿន ពិសេសនៅប្រទេសចិន។ ការប្រកាសបិទការធ្វើដំណើរចេញក្រៅប្រទេសរបស់រដ្ឋាភិបាលចិន ធ្វើឱ្យប៉ះពាល់មុខរបរជាមគ្គុទ្ទេសក៍ទេសចរណ៍ចិនជាខ្លាំង ក្នុងនោះក៏មានលោក ថុង ម្នាក់ដែរ។
ចំណែកលោក ឡាយ ក៏បានរអ៊ូពីបញ្ហានេះ តែមគ្គុទ្ទេសក៍រូបនេះថានៅមានជនជាតិចិនពីកោះតៃវ៉ាន់មកខ្លះៗ តែប៉ះពាល់ខ្លាំងគឺមគ្គុទ្ទេសក៍ដែលនាំចិនតំបន់ដីគោក។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក ទៀ គីឡេង ប្រាប់ថាការផ្ទុះមេរោគកូរ៉ូណាវីរុស បានប៉ះពាល់ដល់សេដ្ឋកិច្ចមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនជាខ្លាំង និងក្រោយរដ្ឋាភិបាលចិនប្រកាសផ្អាកបណ្ដោះអាសន្នមិនឱ្យពលរដ្ឋខ្លួនធ្វើដំណើរចេញក្រៅប្រទេស ដោយសារការព្រួយបារម្ភពីការរាតត្បាតជំងឺនេះ។ ប្រជាជនកម្ពុជាក៏មានការព្រួយបារម្ភខ្លាំងដែរចំពោះករណីនេះ ដោយអ្នកខ្លះបានពាក់ម៉ាសពេលចេញទៅតាមទីសាធារណឬនៅតំបន់ប្រជុំជន។ លោក ទៀ គីឡេង ប្រាប់ថាសមាគមលោកបានចុះចែកម៉ាសនៅដល់ទេសចរជាតិ-អន្ដរជាតិនៅតាមតំបន់រមណីយដ្ឋានមួយចំនួនផងដែរ បំណងដើម្បីការពារទប់ស្កាត់នៃមេរោគរលាកសួតប្រភេទថ្មីនេះ។
ដ្បិតថាស្ថានភាពទេសចរណ៍នៅខេត្តសៀមរាបកំពុងជួបបញ្ហាក៏ពិតមែន ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា ប្រាប់ឱ្យសមាជិកទាំងអស់ត្រូវបន្តសាមគ្គីគ្នា ដោយមិនត្រូវឱ្យជនឆ្លៀតឱកាសដែលមិនមានច្បាប់ត្រឹមត្រូវ ឆ្លៀតនាំភ្ញៀវដើរក្នុងតំបន់អង្គរបានឡើយ។ មិនត្រូវឱ្យបរទេសធ្វើសកម្មភាពនាំភ្ញៀវដើរក្នុងតំបន់ប្រាសាទខ្មែរ ដែលនឹងធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់ការងារនោះឡើយ។ នេះជាការបញ្ជាក់បន្ថែមពីលោក ទៀ គីឡេង។
មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនដែលកំពុងបម្រើការងារនាំភ្ញៀវក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជាង១ពាន់នាក់ ក្នុងនោះសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជាចំនួន ៨២៧នាក់។
ក្រៅពីមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនដែលប្រឈមនឹងបញ្ហាគ្មានភ្ញៀវដើរ ក្នុងនោះអ្នករកស៊ីក្នុងវិស័យសណ្ឋាគារក៏កំពុងព្រួយបារម្ភជាខ្លាំងចំពោះជំងឺប្រភេទថ្មីនៅប្រទេសចិននេះដែរ។ ស្របពេលដែលវិស័យទេសចរណ៍ខេត្តសៀមរាបធ្លាក់ចុះជាងមួយឆ្នាំមកហើយនោះ ករណីវីរុសថ្មីនេះនឹងកាន់តែធ្វើឱ្យវិស័យនេះយ៉ាប់យឺនថែមមួយកម្រិតទៀត៕