អន្តរជាតិ
ក្រុង វូ​ហាន បញ្ចប់​ការសាងសង់​មន្ទីរពេទ្យ​ថ្មី​មួយ ហើយ​ដាក់​ពេទ្យ​ទាហាន​ចូល​ព្យាបាល​
02, Feb 2020 , 8:29 pm        
រូបភាព
ប្រភពរូប៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV
ប្រភពរូប៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV
ដោយ:
​អាជ្ញាធរ​ក្រុង វូ​ហាន បានបញ្ចប់​ការសាងសង់​មន្ទីរពេទ្យ​ដែលមាន​១០០០​គ្រែ​ថ្មី​មួយ ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV នៅ​ថ្ងៃអាទិត្យ ២ ខែកុម្ភៈ​។​

 
​អភិបាលក្រុង វូ ហាន លោក Zhou Xiangwang បានប្រគល់​មន្ទីរពេទ្យ​ថ្មី​ដែលមាន​ឈ្មោះ Huoshenshan (​ភ្នំ​ព្រះ​អគ្គី​) ទៅ​ឲ្យ​ក្រុម​យោធា​ចិន កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV ពេទ្យ​ទាហាន​ចំនួន ១៤០០​នាក់ នឹង​ចាប់ផ្តើម​បម្រើការ​ក្នុង​មន្ទីរពេទ្យ​ថ្មី​នេះ ចាប់ពី​ថ្ងៃ​ចន្ទ ទី​៣ កុម្ភៈ​តទៅ​។ 
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​នេះ បាន​រាយការណ៍​កាលពី​ថ្ងៃ​២៣ ខែមករា មក​ថា អាជ្ញាធរ​ក្រុង​វូ​ហាន បានរៀបចំ​ផែនការ​កសាង​មន្ទីរពេទ្យ​ថ្មី ដើម្បី​សម្រួល​ដល់​ការព្យាបាល​ជំងឺ​រាតត្បាត​នេះ​។ យោងតាម​កាសែត​រដ្ឋ​ចិន​មួយ​ឈ្មោះថា Beijing News មន្ទីរពេទ្យ​នេះ គឺ​ងាយស្រួល​និង​ឆាប់រហ័ស​ក្នុងការ​សាងសង់ ហើយ​ជា​ម៉ូ​ឌែ​ល ប្រអប់ (box-type) ដែល​អាច​សាងសង់ឡើង​ក្នុងពេល​ត្រឹម ៦ ថ្ងៃ​។ 
 
​ម្យ៉ាងទៀត មន្ទីរពេទ្យ​មួយទៀត ឈ្មោះថា Leishenshen កំពុង​ស្ថិតក្រោម​ការសាងសង់ ហើយ​គ្រោង​នឹង​បើក​ដំណើរការ នា​ថ្ងៃ​៥ ខែកុម្ភៈ​ខាងមុខនេះ​។ បូកសរុប​បញ្ចូល​គ្នា​ទៅ មន្ទីរពេទ្យ​ទាំងពីរ​នេះ នឹង​ផ្តល់​គ្រែ​សម្រាក​ព្យាបាល​ចំនួន ២៦០០ គ្រែ​បន្ថែម​សម្រាប់​អ្នកជំងឺ អំឡុងពេល​អាសន្ន​នេះ​។ 
 
​សូមបញ្ជាក់ថា នេះ​ពុំមែន​ជា​លើក​ទី​១​ឡើយ​ដែល​ប្រទេស​ចិន បាន​សាងសង់​មន្ទីរពេទ្យ​ថ្មី​មួយ​ក្នុង​រយៈពេល​ខ្លី​នោះ​។ អំឡុង​ការរីក​រាលដាល​វីរុស SARS ២០០៣ មន្ទីរពេទ្យ​មួយ​ឈ្មោះថា Xiaotangshan ដែលមាន​ចំណុះ​១០០០​គ្រែ ត្រូវបាន​កសាងឡើង ក្នុងពេល​ត្រឹម ៦​ថ្ងៃ និង ៧ យប់​ប៉ុណ្ណោះ ក្នុង​ទីក្រុង ប៉េកាំង​៕

© រក្សាសិទ្ធិដោយ thmeythmey.com