ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មជ្ឈមណ្ឌល​បុប្ផា​ណា យក​ភាពយន្ត​ជា​មធ្យោបាយ​បញ្ឈប់​ការរើសអើង​លើ​ស្ត្រី​
02, Feb 2020 , 9:19 pm        
រូបភាព
សកម្មភាពសិក្ខាកាមចុះអនុវត្តិថតភាពយន្តផ្ទាល់(រូបពី មជ្ឈមណ្ឌលបុប្ផាណា)
សកម្មភាពសិក្ខាកាមចុះអនុវត្តិថតភាពយន្តផ្ទាល់(រូបពី មជ្ឈមណ្ឌលបុប្ផាណា)
​ភ្នំពេញ​៖ ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ថ្នាល​ផលិតភាព​យន្ត​ឯកសារ​ដ៏​មាន​គុណភាព និង​ជាទី​តាំង​រក្សាទុក​ឯកសា​រ​ប្រវត្តិសាស្ត្រ​មួយចំនួន​ផង​នោះ មជ្ឈមណ្ឌល​បុប្ផា​ណា បាន​យក​ភាពយន្ត​ឯកសារ ជា​មធ្យោបាយ​កាត់បន្ថយ និង​ឈានទៅរក​ការបញ្ឈប់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុម​ស្ត្រី​ដែល​ត្រូវបាន​គេ​រើសអើង​។ ទទួលបាន​មូលនិធិ​ពី​គម្រោង​Voice​នៃ​អង្គការ​អុក​ស្វា​ម ព្រមទាំង​ពី​ស្ថានទូត​មួយ​ចំនូ​ន​ទៀត បុប្ផា​ណា បានសម្រេច​គម្រោង​រប​ស់​ខ្លួន​បាន​ពាក់កណ្ដាល​ហើយ​។​


 
​ដើម្បី​ជ្រាប​ពី​ការងារ​របស់​មជ្ឈមណ្ឌល​បុប្ផា​ណា និង​អង្គ​ការដែល​ផ្ដល់​មូលនិធិ​លើ​ការលើកកម្ពស់​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង សូម​លោកអ្នក​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​គម្រោង​មួយ​ដែលមាន​ចំណងជើង​ថា “​ការ​បន្លឺសំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​” ត្រូវបាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ ដោយបាន​បណ្ដុះបណ្ដាល​យុវជន​ចំនួន​១២​រូប លើ​ជំនាញ​បច្ចេកទេស​ថត យក​សំឡេង ដឹកនាំ​រឿង ដំឡើង​រូបភាព រចនា​រូបភាព វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ និង​បញ្ហា​សង្គម​ដែល​ទាក់ទង​នឹង​ស្ត្រី​និង​កុមារ​។ គម្រោង​នេះ​ទទួលបាន​ជោគជ័យ​គួរឱ្យ​កត់​សម្ភា​ល់ ដោយ​ក្រុម​សិក្ខាកាម​បានកំណត់​ចំ​គោលដៅ​នៃ​បញ្ហា​មក​បង្ហាញ ដើម្បី​រក​ដំណោះស្រាយ​។ 
 
​ក្នុងនាម​ជានា​យក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា​លោក ជា សុភាព បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គុណភាព​របស់​ភាពយន្ត​ឯកសារ​ដែល​សិក្ខាកាម​បាន​ផលិត​។ លោក​សង្កត់ធ្ងន់ថា ភាពយន្ត​ឯកសារ​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុងការ​ផ្លាស់ប្ដូរ​សង្គម​៖«​មជ្ឈមណ្ឌល​បុប្ផា​ណា គឺជា​ស្ថាប័ន​មួយ ដែល​តែងតែ​លើកកម្ពស់​ការបណ្ដុះបណ្ដាល ការបង្កើន​សមត្ថភាព​យុវជន នៅក្នុង​វិស័យ​ភាពយន្ត​។ យើង​ឃើញ​មានឱកាស​ដែល​អាចជួយ​សង្គម​បាន ដូច្នេះ​ក្រុម​របស់ខ្ញុំ​បាន​ពិភាក្សាគ្នា ថា​ត្រូវយក​យុវជន​ដែល​នៅក្នុង​សហគមន៍​មក​បណ្ដុះបណ្ដាល​។ ពួកគេ​ស្គាល់​ថា​អ្វី​ជា​បញ្ហា ទើប​ពួកគាត់​ក្លាយជា​អ្នកចូលរួម​ដោះស្រាយ​បញ្ហា​ទាំងនោះ​»​។


លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា (​រូប​ពី​បុប្ផា​ណា​) 

​មាន​គោលដៅ​ស្របគ្នា​នឹង​គម្រោង Voice នៃ​អង្គការ​អុក​ស្វា​ម ដែលជា​គម្រោង​មួយ​ជួយ​លើកកម្ពស់​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង បុប្ផា​ណា ទទួលបាន​មូលនិធិ​ពី​គម្រោង Voice ដើម្បី​ដំណើរការ​កម្មវិធី​រប​ស់​ខ្លួន​។ «Voice​គឺជា​គម្រោង​មួយ​ដែល​យើង​ជ្រើសរើស ការផ្ដោត​ទៅលើ​ការជួយ​គាំទ្រ​ទៅដល់​ក្រុម​ដែលមាន​សំឡេង​ភាគតិច និង​ក្រុម​ដែល​ត្រូវបាន​គេ​រើសអើង​បំផុត​។ យើង​ចង់ឱ្យ​គាត់​មានឱកាស​បញ្ចេញ​សំឡេង ឬក៏​អ្វីដែល​ជាការ​យល់ឃើញរ​បស់​គាត់ ដើម្បីឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ទាំង​អ្នកធ្វើ​និង​អ្នក​អនុវត្តិ​គោលនយោបាយ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត អាចឆ្លើយតប​ទៅនឹង​អ្វី​ដែលជា​តម្រូវការ​រប​ស់​ពួកគាត់​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាង ស្រី សុខា មន្ត្រី​ទទួលបន្ទុក​កម្មវិធី​Voice ។


​អ្នកនាង ស្រី សុខា មន្ត្រី​ទទួលបន្ទុក​កម្មវិធី​Voice (​រូប​ពី​បុប្ផា​ណា​)
 
​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​អ្នកនាង ស្រី សុខា មន្ត្រី​ទទួលបន្ទុក​កម្មវិធី​Voice នៃ​អង្គការ​អុក​ស្វា​ម ថា​មាន​មនុស្ស​៥​ក្រុម​ដែល​Voice រកឃើញថា​កំពុង​ទទួលរង​ការរើសអើង​៖«​យើង​មានការ​សិក្សា​ពី​ស្ថានភាព​នៅ​ស្រុក​ខ្មែរ ផ្អែក​ទៅនឹង SDG គឺ​យើង​រកឃើញថា​មាន​៥​ក្រុម ដែល​ត្រូវបាន​គេ​រើសអើង​បំផុត និង​ងាយ​រងគ្រោះ​បំផុត​។ ក្នុងនោះ​មាន​ក្រុម​ជនពិការ ក្រុម​រើសអើង​នឹង​អាយុ ក្នុង​ហ្នឹង​មាន​ក្រុមមនុស្ស​ចាស់ និង​ក្រុម​យុវវ័យ​។ ក្រុម​ជនជាតិដើម​ភាគតិច ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ពីរ​ដូចគ្នា និង​ក្រុម​ស្ត្រី​ដែល​ទទួលរង​អំពើរ​ហឹ​ង្សា​នៅក្នុង​គ្រួសារ ក៏ដូចជា​ស្ត្រី​ដែល​ប្រឈមមុខ​និង​ការកេងប្រវ័ញ្ច​ផ្សេងៗ​»​។​
 
​អ្នកនាង​បន្ថែម​៖«​បន្ទាប់ពី​យើង​បាន​សិក្សា​ពី​ស្ថានភាព យើង​ឃើញថា​ក្រុម​នេះ​នៅ​មិនទាន់​ទទួលបាន ការផ្ដល់សេវា​និង​ការអភិវឌ្ឍ​ផ្សេងៗ ដែល​រដ្ឋាភិបាល​បានដាក់​ទៅ​ទេ​។ ក្រុម​នេះ​គឺជា​ក្រុម​ដែល​នៅ​ឆ្ងាយ​ជាងគេ ដែល​មិនទាន់​បានទទួល​អត្ថប្រយោជន៍ និង​ការចូលរួម​ប្រើប្រាស់ ធនធាន​និង​ការអភិវឌ្ឍ​បាន​ពេញលេញ​នៅឡើយ​។ ដូច្នេះហើយ​បានជា voice បង្កើត​មូលនិធិ​នេះ​ដើម្បី​ធ្វើយ៉ាងណា ជួយផ្ដល់​ជា​មូលនិធិ​ឱ្យ​ក្រុម NGO ឬក៏​ក្រុម​ដែល​គាត់​ធ្វើការ ដើម្បី​ជា​អ្នកតំណាង​ដល់​ក្រុម​ទាំង​៥​ហ្នឹង​»​។


​សកម្មភាព​សិក្ខាកាម​ចុះ​ថត​ភាពយន្ត​(​រូប​ពី​បុប្ផា​ណា​)
 
​ស្ត្រី​គឺជា​ក្រុម​មួយ​ដែល​កំពុង​ទទួលរង​ការរើសអើង និង​ជា​ជនរងគ្រោះ​ក្នុង​អំពើរ​ហឹ​ង្សា ដូច្នោះ​ហើយ បុប្ផា​ណា ទទួលបាន​មូលនិធិ​ពី​គម្រោង Voice រយៈពេល​២​ឆ្នាំ ដើម្បី​ផលិតភាព​យន្ត​ស្ដីពី​បញ្ហា​ទាំងនោះ​៖«​កម្មវិធី​នេះ​មាន​រយៈពេល​២​ឆ្នាំ​។ ឆ្នាំ​ទី​១ គឺជា​ការបណ្ដុះបណ្ដាល​និង​ផលិតភាព​យន្ត​។ ឆ្នាំ​ទី​២ គឺ​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ​ទាំងនោះ​ទៅដល់​សាធារណៈជន ហើយ​យើង​បញ្ចាំង​នៅតាម​មហោស្រព​ជាតិ​និង​អន្តរជាតិ និង​បញ្ចាំង​នៅតាម​មូលដ្ឋាន​ទៀត ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​បញ្ហា​ដែល​កំពុង​កើតមានឡើង លើ​ស្ត្រី​ជនជាតិដើម​ភាគតិច​។ ឥឡូវនេះ​យើង​កំពុងតែ​អនុវត្តន៍​គម្រោង​បន្តទៀត សម្រាប់​យុវជន​ដែល​រៀន​ចប់​រយៈពេល​មួយឆ្នាំ​នេះ ត្រូវ​ចាប់​គ្នា​ជា​ក្រុម ហើយ​លើក​ជា​គម្រោង តែ​គម្រោង​នោះ​ត្រូវតែ​ផ្ដល់​ប្រយោជន៍​ដល់​សហគមន៍​របស់គាត់​។ យើង​នឹង​បង្កើត​កញ្ចប់​ថវិកា​មួយ សម្រាប់​អនុវត្តន៍​គម្រោង​»​។​
 
​ដ្បិត​ភាពយន្ត​ឯកសារ គឺជា​មធ្យោបាយ​ល្អ​មួយ​សម្រាប់​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ពី​ទុក្ខលំបាក​របស់​ក្រុម​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហឹ​ង្សា​ក្ដី ប៉ុន្តែ​ទោះជា​យ៉ាងណា ការណ៍​នេះ​លោក ជា សុភាព ថា​ត្រូវការ​ពេលវេលា ដើម្បីឱ្យ​សហគមន៍​មួយ​ផ្លាស់ប្ដូរ​៖«​ការកែប្រែ​ឥរិយាបទ​របស់​មនុស្ស មិនមែន​ត្រូវ​ចំណាយពេល​មួយថ្ងៃ មួយ​សប្ដាហ៍ មួយខែ​ឬមួយ​ឆ្នាំ​នោះទេ ដូច្នេះហើយ​ត្រូវការ​ពេលវេលា​យូរ​។ ប៉ុន្តែ​យុវជន​ដែល​ចូលរួម​នោះ យើង​ឃើញ​មានការ​កែប្រែ ហើយ​គាត់​នឹង​ក្លាយជា​គំរូ​សម្រាប់​យុវជន​ផ្សេងទៀត​។ យុវជន​មិន​ត្រឹមតែ​ផ្សព្វផ្សាយ​បន្តទៅ​ប្រជាជន​ទេ គឺ​ទៅដល់​អ្នកសម្រេចចិត្ត​ធ្វើ​គោលនយោបាយ ត្រូវ​អនុវត្តន៍​ធ្វើ​គោលនយោបាយ​របស់ខ្លួន​យ៉ាង​ដូ​ម្ដេច ដើម្បី​សមស្រប​ចូលរួម​ទប់ស្កាត់​រាល់​បញ្ហា​ប្រហែល​គ្នា​កុំឱ្យ​កើតមានឡើង​»​។


​ស្ត្រី​ជនជាតិដើម​ភាគតិច​កំពុង​ជីក​រក​សត្វ​ចង្រិត (​រូប​ពី​បុប្ផា​ណា​)
 
​ដើម្បីឱ្យ​កង្វល់​ទាំងនេះ​បានឮ​ដល់​ប្រភព​នៃ​បញ្ហា ភាពយន្ត​ឯកសារ​ដែល​បាន​ផលិតឡើង នឹងត្រូវ​យកទៅ​ចាក់​បញ្ចាំង​ក្នុង​សហគមន៍​នោះ​ផ្ទាល់​តែម្ដង​។ លោក សុភាព បន្ថែម​៖«​ចំពោះ​ការចាក់​បញ្ចាំងភាពយន្ត​នេះ យើង​ចាក់​បញ្ចាំង​ដោយ​សេរី​នៅតាម​សហគមន៍ ហើយនឹង​បង្កើត​កិច្ចសន្ទនា​ក្រោយពី​ការចាក់​ភាពយន្ត​នេះ​។ យើង​ឃើញ​មាន​បញ្ហា​មួយចំនួន​ដែល​កើតមាន​ក្នុង​សហគមន៍ ដូចជា​បញ្ហា​អំពើ​ហឹ​ង្សា ថា​តើ​ត្រូវមាន​វិធានការ​យ៉ាងណា​? ថា​តើ​បុរស​នោះ​ត្រូវ​គិត​យ៉ាងម៉េច​? ថា​តើ​សហគមន៍​នោះ​គិត​យ៉ាងម៉េច​? ប្រសិនបើ​អំពើ​ហឹ​ង្សា​ចេះតែ​បន្ត​កើតឡើង​។ រហូតដល់​រឿង​អម្បាញ់មិញ មាន​បងស្រី​ម្នាក់​គាត់​ត្រូវបាន​ប្ដី​វាយ រហូតដល់​គាត់​ទ្រាំលែងបាន គាត់​ក៏​សម្រេចចិត្ត​ផ្ដាច់ចំណង​អាពាហ៍ពិពាហ៍​»​។ 
 
​ការចាក់​បញ្ចាំងភាពយន្ត​នៅតាម​សហគមន៍ ក៏​អាចជួយ​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ក្រុមមនុស្ស​ចាស់ ដែល​ត្រូវបាន​គេ​ទុកចោល​ផងដែរ ហើយ​អ្នកនាង សុខា ពន្យល់​ដូច្នេះ​៖«​ការផ្លាស់ប្ដូរ​បរិបទ​សង្គម​យើង​ថ្មីៗ​នេះ ឃើញថា​មនុស្ស​ចាស់​នៅពេល​បច្ចុប្បន្ន ត្រូវបាន​គេ​ទុកចោល​។ ជាពិសេស​នៅតាម​ជនបទ អ្នកខ្លះ​ដោយសារតែ​ជីវភាព គាត់​ត្រូវ​ចំណាកស្រុក បង្ខំចិត្ត​ទុក​ឪពុកម្ដាយ​នៅផ្ទះ ដើម្បី​ឱ្យមើល​កូន​និង​ចៅ​របស់គាត់​។ អត្រា​មនុស្ស​ចាស់​សព្វថ្ងៃនេះ​កំពុងតែ​កើនឡើង​ខ្ពស់ បើ​យើង​មើល​ទៅលើ​គោលនយោបាយ​រាល់ថ្ងៃ គឺ​យើង​មិនទាន់​ឃើញថា មាន​គោលនយោបាយ​ណាមួយ បាន​គិតគូរ​ឱ្យបាន​ដិតដល់ ទៅដល់​មនុស្ស​ចាស់​ឡើយ​»​។


​សិក្ខាកាម​ថតរូប​ជុំគ្នា​(​រូប​ពី​បុប្ផា​ណា​)
 
​អ្នកនាង ស្រី សុខា បាន​លើក​ពី​គុណ​តម្លៃ​នៃ​ការផលិត​ភាពយន្ត​ឯកសារ ដែល​បុប្ផា​ណា បានរួម​ចំណែក​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ជនជាតិដើម​ភាគតិច​ថា​៖«​យើង​ចាប់អារម្មណ៍​វិធីសាស្ត្រ​ផលិតភាព​យន្ត ដែល​បុប្ផា​ណា​ជា​អ្នកជំនាញ ដើម្បី​ជ្រើសរើស​យុវជន​ពី​សហគមន៍ ហើយ​ឱ្យ​ពួកគេ​ត្រឡប់​ទៅវិញ ដើម្បី​ធ្វើយ៉ាងណា​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ក្នុង​សហគមន៍​គាត់​។ ដូច្នេះ​បន្ទាប់ពី​រៀន​ចប់ គាត់​មានឱកាស​ធ្វើឱ្យ​សំឡេង​របស់​ក្រុម​ស្ត្រី ដែល​ប្រឈមមុខ​ទៅនឹង​អំពើ​ហឹ​ង្សា ក៏ដូចជា​បញ្ហា​ជាច្រើន​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច មានឱកាស​និយាយ​អ្វី​ដែលជា​តម្រូវការ​រប​ស់គា​ត់ ដើម្បីឱ្យ​អ្នក​ខាងក្រៅ​មួយចំនួន មានឱកាស​បាន​ចូលរួម​ដោះស្រាយ​»​។​
 
​ទោះជា​យ៉ាងណា​ក្នុង​រយៈពេល​៣​ឆ្នាំ​បន្ត​នៃ​គម្រោង Voice អ្នកនាង ស្រី សុខា បញ្ជាក់ថា​នឹង​ផ្ដល់ឱកាស​ដល់​អង្គការ​ឬ​ស្ថាប័ន ដែល​ប្រឹងប្រែង​ធ្វើ​កិច្ចការ​លើ​ការលើកកម្ពស់​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង​៖«​សម្រាប់​កម្មវិធី voice គឺ​យើង​បន្ត​រយៈពេល​៣​ឆ្នាំ​ទៅមុខទៀត​។ យើង​នឹង​មើល​ទៅលើ​អង្គការ​ដៃគូរ​ទាំងអស់ ដែល​គាត់​ធ្វើការ​កន្លងមកហើយ ថា​តើ​គាត់​បាន​បង្កើត​ស្នាដៃ​និង​ការធ្វើការ​ជាមួយនឹង​ក្រុម​ងាយ​រងគ្រោះ មាន​ប្រសិទ្ធ​ភាពខ្លាំង​កម្រិតណា​? ហើយ​យើង​នឹង​ផ្ដល់ឱកាស​សាជាថ្មី​ឱ្យ​គាត់​។ គាត់​អាច​នឹង​រក​វិធីសាស្ត្រ​អ្វីដែល​ថ្មី និង​មាន​ភាព​ច្នៃប្រឌិត ដើម្បីឱ្យ​អ្នក​ដែល​អនុវត្តន៍​គោលនយោបាយ បានឮ​និង​ចូលរួម​ដោះស្រាយ​»​។


​សិក្ខាកាម​ទទួល​សញ្ញាបត្រ​ក្រោយ​បញ្ចប់​ការសិក្សា (​រូប​ពី​បុប្ផា​ណា​)
 
​លោក ជា សុភាព ថា​គោលបំណង​សំខាន់​របស់ មជ្ឈមណ្ឌល​បុប្ផា​ណា គឺ​បណ្ដុះបណ្ដាល​យុវជន​ឱ្យ​ចេះ​ធ្វើការ​ក្នុង​សហគមន៍​៖«​យើង​បង្រៀន​គាត់​ឱ្យ​ចេះ​ផលិត​កុន​ហ្នឹង វា​ជា​រឿង​សំខាន់​ហើយ ប៉ុន្តែ​យើង​ត្រូវ​បង្រៀន​គាត់​ឱ្យ​ចេះ​ធ្វើការ​ក្នុង​សហគមន៍ ដើម្បី​បង្កើតឱ្យមាន​ផលចំណេញ​នៅក្នុង​សហគមន៍​របស់គាត់​។ យើង​មាន​ច​ញ្ច​ប់​ថវិកា​តូច​ទេ ប៉ុន្តែ​ប្រហែលជា​បាន​៥​ទៅ​៦​គម្រោង​។ សិស្ស​ម្នាក់​អាច​បាន​មួយ​គម្រោង ឬក៏​មួយក្រុម​គ្នា​៣​នាក់​អាច​បាន​មួយ​គម្រោង​។ ហេតុអ្វី​បានជា​យើង​ធ្វើបែបនេះ​? គឺ​ចង់ឱ្យ​កូនសិស្ស​ចេះ​ធ្វើការ​ងារ​ដោយ​ខ្លួនឯង គាត់​ផលិត​ដោយ​ខ្លួន​គាត់ ឃើញ​បញ្ហា​ដោយ​ខ្លួន​គាត់ ដូច្នេះ​ថ្ងៃក្រោយ​គាត់​ក្លាយជា​មនុស្ស​ដែល​ឈរ​ដោយ​ខ្លួនឯងបាន​»៕

Tag:
 បុប្ផា​ណា​
 ​ភាពយន្ត​
 ​ស្ត្រី​
 ​មជ្ឈមណ្ឌល​
 ​រើសអើង
© រក្សាសិទ្ធិដោយ thmeythmey.com