អន្តរជាតិ
ប្រវត្តិ​នៃ​ការបង្កើត​នាវា​ដឹក​យន្តហោះ​ចម្បាំង​
02, Feb 2020 , 9:39 pm        
រូបភាព
​ជារួម ការហោះហើរ និង​ចុះចត​របស់​យន្តហោះ​សឹងតែ​គ្រប់​ប្រភេទ​ត្រូវបាន​រារាំង​យ៉ាងខ្លាំង​ដោយ​វត្តមាន​នៃ​ចំនួន​អាកាសយានដ្ឋាន​ដែលមាន​នៅក្នុង​តំបន់​នោះ​។ យន្តហោះ​ជា​គ្រឿងយន្ត​ទំនើប​ដែល​ត្រូវការ​ផ្ទៃដី​ធំ និង​វែង​ក្នុងការ​បង្កើត​ល្បឿន​ដើម្បី​ហោះហើរ និង​បន្ថយល្បឿន​ដើម្បី​ចុះចត​ដោយ​សុ​វត្តិភាព​។ ហេតុដូចនេះ​ហើយ​ទើប​កាលពី​សម័យបុរាណ​នៃ​បច្ចេកវិទ្យា​ហោះហើរ យន្តហោះ (​ជាពិសេស​យន្តហោះ​ចម្បាំង​) មិនអាច​ធ្វើដំណើរ​បាន​ឆ្ងាយ​ពី​ដែនដី​របស់ខ្លួន​ក្នុង​ការធ្វើ​សមយុទ្ធ​នោះឡើយ​។ ចុះបើ​គេ​អាចបង្កើត​កូន​អាកាស​យាន្ត​ដ្ឋា​ន​តូច​មួយ​ដែល​អាច​អណ្តែត និង​ធ្វើដំណើរ​លើ​សមុទ្រ​បាន​? នេះ​គឺជា​គំនិត​នៃ​ការចាប់​ផ្តើមដំបូង​នៃ​វត្តមាន​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ ឬ «Aircraft Carrier» ។

 
​អ្នកបើកបរ​យន្តហោះ​ស៊ីវិល​ជនជាតិ​អាមេរិកាំង​ម្នាក់ លោក Eugene Ely បានធ្វើការ​ហោះហើរ​យន្ត​ហោះ​ចេញពី​នាវា​លើកដំបូង​គេ​នៅក្នុង​ប្រវត្តិសាស្ត្រ​កត់ត្រា ដែល​នាវា​នោះ​ជានា​វា​កែច្នៃ មានកូន​ផ្លូវ​ហោះហើរ​តូច​មួយ​មាន​ឈ្មោះថា​នាវា Birmingham តាំងពី​ឆ្នាំ​១៩១០​មកម្ល៉េះ​។ ក្នុង​ឆ្នាំ​១៩១១ បុរស​ដដែល​នេះ​បានធ្វើការ​ចុះចត​យន្តហោះ​របស់លោក​លើ​នាវាចម្បាំង​មួយទៀត​ដែលមាន​ឈ្មោះថា នាវា Pennsylvania ដោយមាន​ការជួយ​បង្អាក់​ល្បឿន​យន្តហោះ​ពី​ខ្សែ​ចង់ភ្ជាប់​ជាមួយនឹង​បាវ​ខ្សាច់ បន្ទា​ក់​គ្នា​ជាមួយនឹង​កង់​រប​ស់យ​ន្ត​ហោះ​នៅពេល​យន្តហោះ​ចុះចត​។ ដោយ​បកស្រាយ​ចេញពី​គេហទំព័រ Britannica ទាំងអស់នេះ​ជា​ជំហាន​ដំបូង​នៃ​ការពិសោធន៍​សមត្ថភាព​នៃ​នាវា​ដឹក​យន្តហោះ​។ 
 
​ក្នុងដំណាក់កាល​នៃ​សង្គ្រាមលោក​លើកទីមួយ ចក្រភព​អង់គ្លេស​បាន​កែច្នៃ​នាវា​ដឹក​យន្តហោះ​ច្បាស់លាស់​លើកដំបូង​គេ​ដែលមាន​ផ្លូវ​ហោះហើរ និង​ចុះចត​ធំ​ទូលាយ​ចេញពី​នាវា​ដឹកទំនិញ​មួយ​។ នាវា​នេះ​មាន​ឈ្មោះថា HMS Argus ។ ប៉ុន្តែ HMS Argus ត្រូវបាន​គេ​សង់​រួចរាល់​នៅពេលដែល​សង្គ្រាមលោកលើកទី​មួយ​ត្រូវ​បានបញ្ចប់​រួចទៅហើយ​។ 
 
​សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន​ក៏បាន​ចាប់ផ្តើម​កែច្នៃ​នាវា​ដឹក​យន្តហោះ​របស់ខ្លួន​ផងដែរ​។ សហរដ្ឋអាមេរិក​បាន​បង្កើត​នាវា​ដឹក​យន្តហោះ​លើកទីមួយ​របស់ខ្លួន​ក្នុង​ឆ្នាំ​១៩២២ ក្រោម​ឈ្មោះថា USS Langley ។ ចំណែកឯ Hosyo ជានា​វា​ដឹក​យន្តហោះ​ដំបូង​របស់​ជប៉ុន ចូល​បម្រើការ​ក្នុង​ឆ្នាំ​១៩២២​ដូចគ្នា​។ នាវា​ដឹក​យន្តហោះ​ដំណើរការ​លើ​លំនាំ​សំខាន់ៗ​មួយចំនួន ដូចជា​សមត្ថភាព​ក្នុងការ​ផ្ទុក​ចំនួន និង​ប្រភេទ​យន្តហោះ​។ 
 
​ទោះបីជា​ផ្លូវ​ហោះហើរ​មាន​លក្ខណៈ​ខ្លី​ជា​អាកាស​យន្ត​ដ្ឋា​ន​លើដី​មែន​ក្តី តែ​ក្នុងការ​ចាប់ផ្តើម​ហោះហើរ នាវា​ដឹក​យន្តហោះ​បែរមុខ​ទៅរក​ទិស​បញ្ច្រាស់​ខ្យល់ និង​មាន​ប្រព័ន្ធ​រ៉ក​ទំនើប​ក្នុង​ការជួយ​រុញ​សន្ទុះ​នៃ​ល្បឿន​យន្តហោះ​។ នៅពេល​ចុះចត រ៉ក​ទំនើប​ទាំងនោះ​ក៏មាន​នាទី​ក្នុងការ​បន្ទា​ក់​យន្តហោះ និង​កាត់​បន្ថយល្បឿន​យន្តហោះ​យ៉ាង​ឆាប់រ​ហ័យ​ក្នុង​រយៈពេល​ខ្លី​។ ទាំងអស់នេះ​ទាមទារ​ការហ្វឹកហាត់​ពិសេស​ទៅលើ​ក្រុម​ពី​លុត​។ 
 
​នាវា​ដឹក​យន្តហោះ​ជាច្រើន​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ខ្នាត​ធំ​នៅក្នុង​សង្គ្រាមលោកលើកទី​២ ជាពិសេស​នៅក្នុង​ឆាក​ប៉ាស៊ីហ្វិក កំពង់ផែ​ផើ​ល​ឯ​កោះ​ហា​វ៉ៃ (Pearl Harbor) និង​កោះ​មី​ត​វ៉េ (Midway) ជាដើម​។ នៅក្នុង​ឆ្នាំ​១៩៦០ សហរដ្ឋអាមេរិក​បាន​បង្កើត​នាវា​ដឹក​យន្តហោះ Enterprise ដំបូង​គេ​ដែល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​។ 
 
​នាវា​ដឹក​យន្តហោះ​ភាគច្រើន​ត្រូវបាន​ហ៊ុម​ព័ន្ធ​ការពារ​ដោយ​ក្រុម​នាវា​ជាច្រើន​ទៀត​ក្នុង​ទម្រង់​យុទ្ធសាស្ត្រ ដើម្បី​ធានា​សុ​វត្តិភាព និង​សមត្ថភាព​ប្រយុទ្ធ​។ នាវា​ដឹក​យន្តហោះ​គឺជា​រូបភាព​អំណាច​នៃ​ឥទ្ធិពល​យោធា​លើ​ដែនសមុទ្រ និង​ដែនអាកាស​រួមគ្នា​៕

© រក្សាសិទ្ធិដោយ thmeythmey.com