ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​រូបថត ដើម្បី​បញ្ជ្រាប​ផ្នែក​ប្រវត្តិសាស្ត្រ​ដល់​ពលរដ្ឋ​
02, Feb 2020 , 5:39 pm        
រូបភាព
លោក លី សុខឃាង (រូបក្នុងរង្វង់)រួមជាមួយឡាន គុក និងរូបថតនៅផ្ទះតាម៉ុងក្នុងស្រុកអន្លង់វែង
លោក លី សុខឃាង (រូបក្នុងរង្វង់)រួមជាមួយឡាន គុក និងរូបថតនៅផ្ទះតាម៉ុងក្នុងស្រុកអន្លង់វែង
ដោយ:
​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​រូបថត ដែល​បង្ហាញ​ពី​សកម្មភាព​ប្រវត្តិសាស្ត្រ​នានា​នៃ​សហគមន៍​អន្លង់វែង ដែលជា​ទីតាំង​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​។ រូបថត​ប្រមាណ​១០០​សន្លឹក ដែល​គ្រោង​ដាក់តាំង​បង្ហាញជូន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​នេះ គឺ​រៀបរាប់​ពី​សកម្មភាព​ចន្លោះ​ឆ្នាំ​១៩៧០-១៩៩៨​។ ការតាំង​បង្ហាញ​រូបថត​នេះ គឺ​ដើម្បី​ជំរុញ​ការចងចាំ និង​បង្កើន​ការយល់ដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​ដល់​សិស្ស​និស្សិត​ជាតិ​និង​អន្តរជាតិ​។

  
​លោក លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អ​ង្ល​ង់​វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បញ្ជាក់ថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​រូបថត​ប្រវត្តិសាស្ត្រ​ចន្លោះ​ពីថ្ងៃ​ទី​៧-៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​ព្រឹត្តិការណ៍​ថ្មើរជើង​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​លើក​ទី​២ ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​រដ្ឋបាល​ស្រុក​អន្លង់វែង​។​

កិច្ចសម្ភាសរវាងលោក សឿន វណ្ណឌេត អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗជាមួយលោក លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា៖
 


 
​គោលបំណង​នៃ​ការរៀបចំ​ពិព័រណ៍​រូបថត​នេះ គឺ​ដើម្បី​ជំរុញ​និង​បង្កើន​ការចងចាំ ក៏ដូចជា​ផ្សព្វផ្សាយ​និង​លើកកម្ពស់​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​នៃ​សហគមន៍​អន្លង់វែង ដែលជា​ទីតាំង​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។ ជាពិសេស​សិស្ស​និស្សិត ដែល​សិក្សា​លើ​ជំនាញ​ប្រវត្តិសាស្ត្រ​និង​ស្រាវជ្រាវ ឲ្យ​យល់ដឹង​កាន់តែច្បាស់ តាមរយៈ​ការពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​អ្នកជំនាញ ដែល​ប្រចាំការ​នៅ​ទីនោះ​។​
 
​បើតាម​លោក លី សុខ​ឃាង រូបថត​ប្រមាណ​១០០​សន្លឹក​ដែល​នឹងដាក់​តាំង​បង្ហាញ​នោះ គឺ​បង្ហាញ​ពី​សកម្មភាព ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧០-១៩៩៨ ហើយ​រូបថត​ភាគច្រើន​បង្ហាញ​ពី​ភាព​វិជ្ជមាន​។ «​ពិព័រណ៍​រូបថត​យើង​ផ្តោតលើ​តែ​ពាក្យ​ពីរ​ម៉ាត់​ទេ គឺ​ជំរុញ​ឲ្យ​មានការ​ចងចាំ​និង​ការអប់រំ​។ ពិព័រណ៍​នេះ មិនមាន​ការចោទប្រកាន់ ឬ​លាប​ពណ៌​អាក្រក់​ល្អ​អ្វី​នោះទេ គឺ​យើង​បង្ហាញ​ពី​ការចងចាំ​ប្រវត្តិសាស្ត្រ​រួមគ្នា ដែល​បង្កើត​ឲ្យ​មានការ​ពិពណ៌នា​ប្រវត្តិសាស្ត្រ​ដូចៗ​គ្នា កុំ​ឲ្យ​មានការ​បែកបាក់​សង្គម​យើង​តទៅទៀត​»​។ 


ផ្ទះទី១, ទី២, ទី៣ និងទី៤របស់តាម៉ុកនៅក្នុងបរិវេណបឹងតាម៉ុកក្នុងស្រុកអន្លង់វែង
 
​លោក​បាន​បន្ថែមថា​៖«​ពិព័រណ៍​នឹង​គឺ​មិនមាន​បង្ហាញ​រូបភាព​ហិង្សា​នោះទេ ភាគច្រើន​បង្ហាញ​ពី​ភាពជា​មនុស្ស​របស់​ប្រជាជន​កម្ពុជា ទោះបី​អ្នកនឹង​ធ្លាប់​បម្រើការ​ឬ​មិន​ធ្លាប់ជា​ជនរងគ្រោះ​នៃ​របប​នេះ​ក៏ដោយ ព្រោះ​ក្នុង​វប្បធម៌​យើង គឺមាន​ការអត់ឱន​និង​អធ្យាស្រ័យ និង​ធ្វើដំណើរ​រួមគ្នា​ទៅមុខ​»​។​
 
​ពិព័រណ៍​រូបថត​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​កែប្រែ​គំនិត​អតីត​សមាជិក​នៃ​ចលនា​ខ្មែរក្រហម និង​ជួយ​ព្យាបាល​របួស​ផ្លូវចិត្ត ដែល​បន្សល់ទុក​ពីរ​បប​ខ្មែរក្រហម​។ បើតាម​លោក លី សុខ​ឃាង បច្ចុប្បន្ន​មាន​អតីត​សមាជិក​នៃ​ចលនា​ខ្មែរក្រហម​ពី​៧០​ទៅ​៨០​ភាគរយ​កំពុង​រស់នៅ​ក្នុងស្រុក​អន្លង់វែង​។ 
 
«​យើង​ប្រើ​រូបថត​ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ និង​ជា​ពិធី​មួយ​ក្នុងការ​ទំនាក់​ទំនងជា​មួយ​មនុស្ស​ដែល​មក​ស្រុក​អន្លង់វែង​។ ក្នុងឱកាស​នោះដែរ​ធ្វើ​ឲ្យ​ប្រជាជន​ក្នុងស្រុក​អន្លង់វែង ដែល​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ជា​អតីត​សមាជិក​នៃ​ចលនា​របប​ខ្មែរក្រហម​នឹង ឲ្យ​គាត់​មាន​អារម្មណ៍​ថា​បាន​ចួ​ល​រួបរួម​ក្នុងសង្គម​ឡើងវិញ​ដោយ​ស្មើមុខស្មើមាត់​ជាមួយ​គេឯង និង​មិន​នៅ​ឯកោ​ដូច​មុន​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក លី សុខ​ឃាង ដែល​បាន​បន្ថែមថា ពិព័រណ៍​នេះ ក៏​ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​នៃ​សហគមន៍​អន្លង់វែង​ផងដែរ​។ 
 
​នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អ​ង្ល​ង់​វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រូបនេះ​រំពឹងថា តាមរយៈ​ពិព័រណ៍​រូបថត​នេះ​នឹង​ជួយ​ឲ្យ​ប្រជាជនមាន​ការយល់ដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​កាន់តែ​ប្រសើរ ជាពិសេស​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​កាន់តែច្រើន​។ លើសពីនេះ វា​នឹង​ជួយ​ទាក់ទាញ​វិ​យោគិន​ឲ្យ​មក​បោះ​ទុក​រកស៊ី​នៅ​តំបន់​នោះ​កាន់តែច្រើន​៕





Tag:
 លី សុខ​ឃាង​
  អន្លង់វែង​
  មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com