ជាតិ
វីដេអូ
សុខភាព
ស្រី្ត​ដែលមាន​ដៃគូ​រួមភេទ​ប្រឈម​ខ្លាំង​នឹង​កើត​ជំងឺ​«​មហារីក​មាត់ស្បូន​»
03, Feb 2020 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ជំងឺមហារីក​មាត់ស្បូន គឺជា​ជំងឺ​បង្កឡើង​ដោយ​មេរោគ Human Papillomavirus (HPV) មាន​រហូតដល់​១០៨​ប្រភេទ ដែល​ឆ្លង​តាមរយៈ​ការរួម​ភេទ​។ ក្នុងចំណោម​មេរោគ HPV ទាំង​១០៨​ប្រភេទ​នេះ មានតែ​១៥​ប្រភេទ​ប៉ុណ្ណោះ អាច​បង្ក​ជា​ជំងឺមហារីក​មាត់ស្បូន​បាន​។ បើតាម​លោកស្រី​វេជ្ជបណ្ឌិត ឈន ពេជ្រ​ចិន្ដា ស្ត្រី​ឆ្លងកាត់​ការរួម​ភេទ​, ស្ដ្រី​មាន​ដៃគូ​រួមភេទ​ច្រើន​, ស្ដ្រី​រួមភេទ​ក្រោម​អាយុ​១៧​ឆ្នាំ ស្ដ្រី​ជក់បារី និង​ស្ត្រី​មាន​ផ្ទុកមេរោគ​អេដស៍ អាច​ប្រឈម​ខ្លាំង​នឹង​កើត​ជំងឺមហារីក​មាត់ស្បូន​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី ជាមួយ លោកស្រី​វេជ្ជបណ្ឌិត ឈន ពេជ្រ​ចិន្ដា ឯកទេស​សម្ភព​និង​រោគ​ស្ដ្រី នៃ​មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ ដូចតទៅ​៖
 
 
​លោកស្រី​វេជ្ជបណ្ឌិត ឈន ពេជ្រ​ចិន្ដា ឯកទេស​សម្ភព​និង​រោគ​ស្ដ្រី បាន​បញ្ជាក់ថា ជំងឺមហារីក​មាត់ស្បូន កើតឡើង​ដោយ​មិន​ងាយ​បង្ហាញ​រោគសញ្ញា​ឲ្យ​អ្នកជំងឺ​ដឹង​នោះឡើយ​។ ត្បិត​ជំងឺ​នេះ កម្រ​ចេញ​រោគសញ្ញា​ក៏ពិតមែន ប៉ុន្តែ វា​ក៏​អាច​បង្ហាញ​រោគសញ្ញា​មួយចំនួន​ដូចជា ការធ្លាក់​ឈាម​ខុស​ប្រក្រតី​, រាល់ពេល​រួមភេទ​តែងមាន​ធ្លាក់ឈាម និង​ហូរ​ទឹក​ខុស​ប្រក្រតី​តាម​ទ្វារមាស​។​
​លោកស្រី​វេជ្ជបណ្ឌិត​បាន​ពន្យល់​ប​ន្ថែ​ម​ថា​៖«​ជំងឺមហារីក​មាត់ស្បូន​មួយចំនួន​កើតឡើង​ដោយ​ស្ងៀមស្ងាត់​បំផុត ជាហេតុ​ធ្វើ​ឲ្យ​អ្នកខ្លះ​មិន​ចាប់អារម្មណ៍​ថា ខ្លួន​មាន​ផ្ទុកមេរោគ HPV ដែល​អាច​វិវឌ្ឍន៍​ជា​ជំងឺមហារីក​មាត់ស្បូន​។ ទម្រាំ​តែ​ជំងឺ​នេះ​មាន​រោគសញ្ញា​ឲ្យ​ដឹង គឺ​ចូលដល់​ដំណាក់កាល​កើត​មហារីក​មាត់ស្បូន​ហើយ​»​។​
​ជំងឺមហារីក​មាត់ស្បូន អាច​មានឱកាស​ព្យាបាល​ជា ប្រសិនបើជា ឆាប់​រកឃើញ​ជំងឺ​នេះ នៅ​ដំណាក់កាល​ដំបូង និង​មានការ​ព្យាបាល​បាន​ត្រឹមត្រូវ ដោយ​ការវះកាត់ ឬ​ប្រើ​កាំរស្មី និង​ការចាក់​ថ្នាំ​គីមី​មួយចំនួន​ជាដើម​៕

Tag:
 មហារីក​មាត់ស្បូន​
  រួមភេទ​
 ​ស្ដ្រី​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com