ជាតិ
អ្នកភូមិ​កំពង់​ឃ្លាំង​ផលិត​ត្រីឆ្អើរ​រាប់ពាន់​ចង្កាក់​ក្នុង​មួយថ្ងៃៗ​ផ្គត់ផ្គង់​ទីផ្សារ​
03, Feb 2020 , 9:19 am        
រូបភាព
​សៀមរាប​៖ ឃុំ​កំពង់​ឃ្លាំង មាន​ភូមិសាស្ដ្រ​ជាប់​បឹង​ទន្លេសាប និង​មាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ​បើ​ធៀប​នឹង​តំបន់​ផ្សេងៗ ដូចជា​កំពង់​ភ្លក់​ជាដើម​។ អ្នកភូមិ​នេះ​មាន​របរ​នេសាទ​ជា​ចម្បង ក្រៅពីនោះ​ធ្វើ​កសិកម្ម និង​ខែប្រាំង​មាន​របរ​ឆ្អើរត្រី​។ អ្នកភូមិ​នេះ​ច្រើន​គ្រួសារ មានរ​បរជា​អ្នក​ត្រីឆ្អើរ និង​មាន​បរិមាណ​ច្រើន​ពាន់​ចង្វាក់​ក្នុង​មួយថ្ងៃៗ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​។​

 
​អ្នកស្រី ចក់ ខន ដែល​កំពុង​អង្គុយ​ប្រែ​ភ្លើង​ចុះឡើង​ជិត​រោង​ឆ្អើរត្រី​ដែល​សង់​ក្បែរ​ផ្ទះ​បាន​និយាយថា អ្នកស្រី​ប្រក​បរបរ​នេះ​ជាង​១០​ឆ្នាំ​មកហើយ​។ ក្នុង​មួយថ្ងៃ​អ្នកស្រី​ឆ្អើរត្រី​ចន្លោះ​ពី​៥០០​ទៅ​៦០០​គីឡូក្រាម​ត្រី​ស្រស់ និង​មិន​ច្បាស់​ពី​បរិមាណ​ត្រីឆ្អើរ​រួច​ទេ តែ​ស្មើនឹង​ជាង​៣​ពាន់​ចង្កាក់​។ ត្រីឆ្អើរ​អ្នកស្រី ចក់ ខន មិនដែល​សល់​ទេ​គឺ​ត្រូវបាន​អតិថិ​ន​ជា​អ្នក​បោះ​ដុំ​ប្រមូលយក​អស់​គ្មាន​សល់ ហើយ​ត្រី​ដែល​យកមក​ឆ្អើរ​មាន​ត្រី​កញ្ចុះ និង​ប្រភេទ​ត្រី​ស្រកា​។ អ្នកស្រី ចក់ ខន បន្ថែម​។​
 
​ត្រីឆ្អើរ​អ្នកស្រី ចក់ ខន លក់បាន​ក្នុង​មួយ​គីឡូក្រាម ១៤០០០​រៀល ឬ​ស្មើនឹង​២៤​ចង្កាក់​។ ក្នុង​មួយថ្ងៃ​អ្នកស្រី​ឆ្អើរ​បាន​ពីរដង គឺ​ពេល​ថ្ងៃ​ម្ដង និង​ពេល​ល្ងាច​ម្ដង​។ ជា​របរ​នឿយហត់​មួយ តែ​វា​បាន​ជួយ​សម្រាល​ជីវភាព​គ្រួសារ​អ្នកស្រី ចក់ ខន បាន​មួយផ្នែកធំ​។ ក្នុង​របរ​នេះ អ្នកស្រី ចក់ ខន ក៏បាន​រួមចំណែក​ជួយផ្តល់​ការងារ​ដល់​អ្នកភូមិ​ឯទៀត​ដែល​ស៊ីឈ្នួល​ដោតត្រី​សម្រាប់​ឆ្អើរ​ផងដែរ​៕





















Tag:
 ត្រីឆ្អើរ​
  កំពង់​ឃ្លាំង​
© រក្សាសិទ្ធិដោយ thmeythmey.com