ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ ថា ការឲ្យកូនមើលទូរស័ព្ទច្រើន នឹងបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តកុមារ
× ភ្នំពេញ៖ អ្នកស្រី សុខ ដៀរ៉ូហ្សេត អ្នកជំនាញផ្លូវចិត្តកុមារ អះអាងថា ការបណ្តោយឲ្យកុមារមើលទូរស័ព្ទច្រើនពេក នឹងបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារ ដូចជា ការចេះនិយាយយឺត មិនសូវចេះទំនងទំនងជាមួយឪពុកម្តាយ និងមានឥរិយាបថប្លែកៗជាដើម។ បើតាមអ្នកជំនាញរូបនេះ ក្រៅពីបង្កបញ្ហាដល់ផ្លូវចិត្ត ការឲ្យកូនក្រោមអាយុ៣ឆ្នាំមើលទូរស័ព្ទទំនើប វាបណ្តាលឲ្យប៉ះពាល់សុខភាពផ្លូវកាយផងដែរ។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក រ៉ឹម ភារី និងអ្នកស្រី សុខ ដៀរ៉ូហ្សេត ជំនាញផ្នែកផ្លូវចិត្តកុមារ ដូចតទៅ៖
បច្ចុប្បន្ន ឪពុកម្តាយជាច្រើន មានទម្លាប់ឲ្យទូរស័ព្ទទៅកូនដើម្បីលួងលោមពួកគេឲ្យស្ងាត់ស្ងៀម ដើម្បីឲ្យពួកគាត់មានវេលាធ្វើការងារបានស្រួល ប៉ុន្តែ អ្នកជំនាញផ្នែកផ្លូវចិត្តកុមារ អះអាងថា ការធ្វើបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់កុមារទាំងផ្លូវកាយ និងផ្លូវចិត្ត។
អ្នកស្រី សុខ ដៀរ៉ូហ្សេត ប្រធានកម្មវិធីសហគមន៍នៃមជ្ឈមណ្ឌលផ្លូវចិត្តកុមារ និងយុវវ័យ បានពន្យល់យ៉ាងដូច្នេះថា៖ «នៅពេលកុមារមើលអេក្រង់ហ្នឹង នឹងបង្កផលប៉ះពាល់ច្រើន ដូចជា មិនឆាប់ចេះនិយាយ មិនមានទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន។ ចំណែកផលប៉ះពាល់លើសុខភាពផ្លូវកាយ វាស្រ័យលើអាយុ។ អាយុកាន់តែតិច វានឹងប៉ះពាល់ដល់ការគេង។ ដូច្នេះ មុនគេង២ម៉ោង ត្រូវតែបិទទូរស័ព្ទ ព្រោះ ពន្លឺចេញពីអាក្រង់ ប៉ះពាល់ដល់ខួរក្បាលដោយវាប្តូរជាតិគីមីក្នុងខួរក្បាល ធ្វើឲ្យប៉ះពាល់ដល់ការគេងរបស់កុមារ និងប៉ះពាល់ដល់ការបរិភោគរបស់កុមារដែរ។ បើមើលលើស៧ម៉ោងឡើងទៅ វាធ្វើឲ្យកុមារឈឺក្បាល ញ៉ាំអត់បានគ្រប់គ្រាន់ ប៉ះពាល់ការផ្ចង់អារម្មណ៍របស់គាត់ ប៉ះពាល់ភ្នែក និងប៉ះពាល់សុខភាពផ្លូវកាយទាំងមូល»។
តាមពិតទៅ កន្លងមក មានឪពុកម្តាយមួយចំនួន ក៏មិនចង់យកទូរស័ព្ទលួងលោមកូន តែពួកគេមិនដឹងថា ត្រូវធ្វើដូចម្តេច? អ្នកស្រី សុខ ដៀរ៉ូហ្សេត ពន្យល់ថា ឪពុកម្តាយគួរធ្វើសកម្មភាពអ្វីផ្សេង ដូចជា គូរគំនូរជាមួយកូន លេងទាត់បាល់ ដេរចេញក្រៅផ្ទះ និងសកម្មភាពជាមួយកុមារឲ្យគាត់មានការផ្ចង់អារម្មណ៍ ដូចជា លេងកីឡា ចង្អុលរូបភាពប្រាប់កុមារ ប្រឡែងជាមួយកូន ហើយបើសិនឲ្យកូនលេងទូរស័ព្ទត្រូវនៅជាមួយកូន ដើម្បីត្រួតពិនិត្យ និងបង្កើតទំនងទំនងជាមួយគាត់៕
Tag:
សុខ ដៀរ៉ូហ្សេត
ផ្លូវចិត្ត
កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com