ជាតិ
របរ​ចិញ្ចឹម​មាន់​ផ្លាស់ប្ដូរ​ជីវភាព លោក សួន ប៉ែល ពី​ការ​ស៊ីឈ្នួល​គាស់​ដំឡូង​ឆ្ងាយ​ពី​គ្រួសារ​
03, Feb 2020 , 10:00 am        
រូបភាព
​ក្រចេះ​៖ លោក សួន ប៉ែល ជា​ម្ចាស់​កសិដ្ឋាន​គំរូ​ភ្ញាស់​កូន​មាន់​ស្រែ នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ បាន​ផ្លាស់ប្ដូរ​ជីវភាព​គ្រួសារ​ទាំងស្រុង ក្រោយពី​រូបលោក​ទទួល​បានការ​បណ្ដុះបណ្ដាល បច្ចេកទេស ចិញ្ចឹម​មាន់ ពី​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ និង​អង្គការ WWF​។ កសិករ​គំរូ​រូបនេះ ទើបតែ​ចាប់ផ្ដើម ចិញ្ចឹម​មាន់​ស្រែ​រយៈពេល​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​របរ​ចិញ្ចឹម​មាន់​ស្រែ​របស់លោក​ទទួលបាន​ជោគជ័យ និង​អាច​ឲ្យ​លោក​ទទួលបាន​កម្រៃ​ជាប្រចាំ​ខែ​។ 


 
​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​លោក​អ្នកនាង​ទស្សនា​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សួន ប៉ែល ម្ចាស់​កសិដ្ឋាន​ភ្ញាស់​កូន​មាន់​ស្រែ​គំរូ ដូចតទៅ​៖

 
 
​លោក សួន ប៉ែល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ដូច្នេះ​ថា​៖ «​ជីវភាព​របស់ខ្ញុំ​បច្ចុប្បន្ន​គ្រាន់បើ​ជាង​មុន​។ យើង​មាន​មុខរបរ មិនបាច់​ដើរ​ស៊ី​ឈ្នូ​ល​គេ​ទៀត​ទេ ដោយសារ​យើង​នៅ​មើល​មាន់​របស់​យើង​ជាប្រចាំ​។ យើង​ក៏​អាច​មើលថែ​ប្រពន្ធ​កូន​ពេល​ឈឺ​បាន​»​។  លោក សួន ប៉ែល បាន​ទៅ​ស៊ីឈ្នួល​គាស់​ដំឡូង និង​ស្វាយ​ចាន់ទី​គេ ឆ្ងាយ​ពី​គ្រួសារ មុនពេល​លោក​មិនទាន់មាន​បច្ចេកទេស​ចិញ្ចឹម​មាន់​ស្រែ ដើម្បី​ភ្ញាស់​កូន​លក់​នេះ​។ ការងារ​ជា​កម្មករ​ឆ្ងាយ​ពី​គ្រួសារ បានធ្វើ​ឲ្យ​លោក​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ ដើម្បី​មក​មើលថែ​ប្រពន្ធ​កូន​ពេល​ឈឺ​ម្ដងៗ​។ 
 
​លោក​បាន​បញ្ជាក់ថា លោក​ក៏​ជា​ពេទ្យសត្វ​មួយរូប​ផងដែរ​ដែល​បាន​ឆ្លងកាត់​ការសិក្សា​រៀនសូត្រ​ត្រឹមត្រូវ និង​មាន​សញ្ញាបត្រ​ពេទ្យសត្វ​ថែមទៀត​ផង​។ ដោយសារ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង មិនសូវ​ប្រក​បរបរ​ចិញ្ចឹមសត្វ និង​មិនសូវ​យក​សត្វ​មក​ព្យាបាល​តាម​បច្ចេកទេស​ពេទ្យសត្វ ទើប​លោក​ត្រូវ​ទុក​ការងារ​ជា​ពេទ្យសត្វ​នេះ​ចោល រួច​ទៅ​ដើរ​ស៊ីឈ្នួល​គេ​វិញ ដើម្បី​បាន​កម្រៃ​បន្ថែម​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ 
 
​បើតាម​ម្ចាស់​កសិដ្ឋាន​រូបនេះ មាន់​ស្រែ​ដែល​លោក​ចិញ្ចឹម​ដើម្បី​ភ្ញាស់​យក​កូន​ទៅ​លក់​នោះ មាន​មាន់​មេ​ចំនួន ៧០​ក្បាល​។ ក្នុង​មួយ​ទូ​ភ្ញាស់​កូន​មាន់ មាន​ពងមាន់​ចំនួន ៨៤​ពង ប៉ុន្តែ​ពងមាន់ ដែល​ភ្ញាស់​បាន​មានតែ​៧០​ជាង​ប៉ុណ្ណោះ​។ កូន​មាន់​ស្រែ​ដែល​លោក​ភ្ញាស់​បាន លក់​ក្នុងតម្លៃ​៤,៥០០​រៀល ទៅ​ឲ្យ​អ្នកលក់​បន្ត ឬ​កសិករ​ដែល​ទិញ​ទៅ​ចិញ្ចឹម​បន្ត ដោយមាន​វ៉ាក់សាំង​ស្រាប់​ផងដែរ​។ 
 
​របរ​ចិញ្ចឹម​មាន់​ស្រែ​ដើម្បី​ភ្ញាស់​កូន​លក់​នេះ ទទួលបាន​ចំណូល​ពី ៧០ ទៅ​៨០​ម៉ឺន​រៀល​ក្នុង​មួយខែ ដែល​អាច​ឲ្យ​អតីត​កម្មករ​ស៊ី​ឈ្នូ​ល​គេ​រូបនេះ មាន​ពេលវេលា​នៅផ្ទះ​ជុំ​គ្រួសារ និង​ជីវភាព​ល្អប្រសើរ ជាង​មុន​។ លោក​ក៏បាន​ប្រើ​ជំនាញ​ពេទ្យសត្វ​របស់លោក ដើម្បី​ចិញ្ចឹម​មាន់​មិន​ឲ្យ​កើត​ជំងឺ​ងាប់​ច្រើន​ផងដែរ ដោយសារ​លោក​មាន​បច្ចេក​ទេស​ធ្វើ​វ៉ាក់សាំង​ការពារ​មាន់ និង​មាន​វិធីសាស្ត្រ​ចិញ្ចឹម​ត្រឹមត្រូវ​តាម​ស្ដង់ដារ ដែល​លោក​បាន​រៀនសូត្រ​បន្ថែម​ពី​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ និង​អង្គការ WWF៕ 

Tag:
 ចិញ្ចឹម​មាន់​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com